ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

សេក ចៅជូត ថា បើ ថា សារុន មិនមានស្នាមរបួសចាស់ ខ្លួនអាចនឹងពិបាកយកជ័យជម្នះ

២៧ កក្កដា ២០២០ | កីឡា

អ្នកប្រយុទ្ធគុនខ្មែរ មកពីក្លិបអង្គរមានជ័យខេត្តសៀមរាប សេក ចៅជូត បានរៀបរាប់ ក្រោយក្លាយជាជើងឯកម៉ារ៉ាតុន ប្រភេទទម្ងន់៦០គីឡូក្រាម កម្មវិធី “អធិរាជគុនខ្មែរ ISI PALM-ISI PIPE” នៅភីអិនអិន កាលពីថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ថា ជ័យជម្នះលើ ថា សារុន វគ្គផ្ដាច់ព្រ័ត្រ ពិតជាមានភាពស្វិតស្វាញខ្លាំង ហើយបើរៀមច្បងរូបនេះ មិនមានស្នាមបែកកាលពីជុំដំបូងនោះទេ ខ្លួនអាចនឹងពិបាកយកឈ្នះ ការប្រកួតមួយនេះជាក់មិនខាន។

 


ប្រាប់ភីអិនអិន ក្រោយចប់ការប្រកួត ជើងឯកម៉ារ៉ាតុន ប្រចាំសប្ដាហ៍ទម្ងន់៦០គីឡូក្រាម បង្ហាញក្ដីរំភើបបែបនេះ៖ «ពិតជាសប្បាយចិត្តមែនទែន ដែលបានទទួលពានរង្វាន់លើកដំបូង នៅភីអិនអិនមួយនេះ។ ជាជ័យជម្នះដែលបានពីការប្រកួតដ៏ស្វិតស្វាញ។ ព្រោះបង ថា សារុន និង ខាំ សូរិយា គាត់មានផ្លែល្អម៉្យាងម្នាក់។ បង ខាំ សូរិយា គាត់ល្អដៃ ល្អទាត់ ឯបង ថា សារុន គាត់រឹង ព្រោះជើងចាស់។ បើកុំតែគាត់បែក ហើយខ្ញុំរាងឈឺជើងពីប្រកួតមុនផង កុំអីរាងយ៉ាប់របស់គាត់ហើយ។ ទឹក២ខ្ញុំរាងចង់អស់ស៊ុហ្វដែរ ចូលជង្គង់គាត់ពេញៗ ព្រោះជុំទី១ ខ្ញុំឈឺជើង»។

 


អ្នកស្នងគុនខ្មែរ ដើមកំណើតពីខេត្តសៀមរាប រូបនេះ ប្ដេជ្ញាអភិវឌ្ឍសមត្ថភាព និងសម្រួចចំណុចខ្វះខាត់របស់ខ្លួនបន្ថែម ឲ្យកាន់តែល្អប្រសើរជាបន្តបន្ទាប់ ដើម្បីសងប្រជាប្រិយភាព ក្នុងប្រភេទទម្ងន់៦០គីឡូក្រាមមួយនេះ ក្រោយជោគជ័យក្លាយជាម្ចាស់ប្រាក់លាន ម៉ារ៉ាតុន នៅភីអិនអិន។

 


សូមបញ្ជាក់ថា សេក ចៅជូត បានក្លាយជាជើងឯក ម៉ារ៉ាតុន ប្រចាំសប្ដាហ៍ទី៣ ប្រភេទទម្ងន់៦០គីឡូក្រាម កម្មវិធី “អធិរាជគុនខ្មែរ ISI PALM-ISI PIPE” នៅភីអិនអិន កាលពីថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ដោយយកឈ្នះពិន្ទុ ខាំ សូរិយា នៅជុំជម្រុះ និងបន្តដណ្ដើមជ័យជម្នះលើ ថា សារុន នៅវគ្គផ្ដាច់ព្រ័ត្រ។ លើសង្វៀនតែមួយគូមិត្តភាព អេលីត ផានិត ផ្ដួល សង សាត ក្នុងទឹកទី២ ខណៈ សោម វិឆ័យ ឈ្នះ ផាន រះ ជាលើកទី៤៕

អត្ថបទ និងរូបភាព៖ នូ ពៅ 
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024