ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

កម្ពុជា-ឡាវ ព្រមព្រៀង ៤ចំណុច ពាក់ព័ន្ធបញ្ហាព្រំដែន

០២ កញ្ញា ២០១៧ | ព័ត៌មានជាតិ

នៅ​ក្នុង​ជំនួប​ពិភាក្សា​រវាង​នាយក​រដ្ឋមន្ត្រី​ប្រទេសកម្ពុជា និងឡាវ ​នៅ​​វិមាន​សន្តិភាព​ រាជ​ធានី​ភ្នំពេញ កាលពីព្រឹកថ្ងៃសុក្រ ទី១ ខែកញ្ញានេះ​ ភាគី​កម្ពុជា និង​ឡាវ បាន​ព្រម​ព្រៀង​គ្នា​ចំនួន​ ៤​ចំណុច ​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ព្រំ​ដែន។ ក្នុងកិច្ចពិភាក្សា​ ថ្នាក់​កំពូល​ប្រទេស​ទាំង​ពី​រ​ បានធ្វើឡើង ​ប្រកប​ដោយ​បរិយាកាសស្និទ្ធស្នាល ក្នុង​ឆន្ទៈ​ដោះស្រាយ​បញ្ហា​ព្រំ​ដែន​រួម​គ្នា​ និង​ដើម្បី​បញ្ចៀស​សង្គ្រាម​ ហើយ​ប្ដូរ​មក​វិញ​នូវ​សន្តិភាព មិត្ត​ភាព និង​កិច្ច​សហប្រតិបត្តិការ។  

 

រូបភាព៖ នាយករដ្ឋមន្ត្រីឡាវ (ឆ្វេង) និង​នាយករដ្ឋមន្ត្រីកម្ពុជា (ស្តាំ)។ (រូបភាពពីហ្វេសប៊ុក សម្តេចហ៊ុន សែន)

 

 

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា សម្តេចតេជោ ហ៊ុន សែន បាន​ថ្លែងថា ភាគី​ទាំង​ពីរ បាន​ព្រមព្រៀងគ្នា ៤ចំណុច។ ក្នុង​នោះ ៖

 

​- ចំណុចទី១៖ នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ រដ្ឋមន្រ្តីការបរទេស នៃប្រទេសទាំងពីរ នឹងជួប​ប្រជុំនៅ​ភ្នំពេញ​ ដើម្បី​ស្វះស្វែង​រក​ការ​ដោះ​ស្រាយ​ រក​ការ​ស្រុះស្រួល​ និង​រក​ការ​យោគយល់​គ្នា​​ ។

 

- ចំណុច​ទី​២៖ ភាគីឡាវ ក៏បានយល់ព្រមតាមសំណើរបស់កម្ពុជា ពិនិត្យដោះស្រាយ ៤ចំណុច ដែលនៅសេសសល់ តាមរយៈលិខិតដែលសម្ដេច​តេជោ ​​ផ្ញើជូននាយករដ្ឋមន្រ្តីឡាវ ឯកឧត្តម ថោងលន់។ ទីតាំងដែលត្រូវដោះស្រាយនោះ មាននៅចំណុចបង្គោលលេខ០៣៣ លេខ០១៧ តំបន់អូរស្វាយ-វើនខាំ ទីតាំងទី៤ បង្គោលលេខ០៣ (១) ហើយចំណុចទាំងនេះ ត្រូវដោះស្រាយ មុនចំណុចអូរតាង៉ាវ ដោយសារតែចំណុចអូរតាង៉ាវ មានការលំបាក ដូច្នេះត្រូវ​រួសរាន់​ចុះដោះស្រាយ ៤កន្លែងនេះមុន។

 

- ចំណុចទី៣៖ ភាគីទាំង២ ឯកភាពគ្នាឲ្យគណៈកម្មាធិការព្រំដែនទាំង២ ចុះទៅដោះស្រាយនៅនឹងកន្លែង នៅតំបន់អូរតាង៉ាវ ចំពោះ​បញ្ហា​ដែល​នៅសេសសល់។ តាមការឯកភាពគ្នា គឺត្រូវពិនិត្យដីណាជារបស់កម្ពុជា និងដីណាជារបស់ឡាវ គឺត្រូវកំណត់ឲ្យច្បាស់រកឃើញមួយកន្លែង ត្រូវបោះបង្គោលនៅកន្លែងនោះតែម្ដង។

 

- ចំណុចទី៤៖ នាយករដ្ឋមន្ដ្រីទាំង២ នឹងសរសេរលិខិតជូនទៅប្រធានាធិបតីបារាំង ដើម្បីជួយផ្ទេរផែនទីពីខ្នាត ១/១០០.០០០ មកខ្នាត១/៥០.០០០ និងសុំឲ្យបារាំងផ្ដល់ឯកសារ​ផ្សេងទៀត ដែលទាក់ទងដល់ព្រំដែនកម្ពុជាឡាវ។

 

 

ដោយ​ឡែក នាយករដ្ឋមន្រ្តីឡាវ បាន​យល់ព្រមនូវចំណុចទាំង៤ ដែលសម្តេចតេជោ ហ៊ុន សែន បានលើកឡើង។ លោកនាយករដ្ឋមន្ដ្រីឡាវ ក៏សន្យាជាមួយសម្ដេចតេជោ ហ៊ុន សែន រក្សាឲ្យបាននូវស្ថិរភាព នៅតាមខ្សែបន្ទាត់ព្រំដែន ព្រមទាំងដោះស្រាយបញ្ចប់បញ្ហា ដែលនៅសេសសល់ ប្រមាណជា១៣-១៤ភាគរយ ដើម្បីទុកជាមរតកដល់កូនចៅជំនាន់ក្រោយ នៃប្រទេសទាំង២។ លោក​បាន​ប្ដេជ្ញា​ រក្សាឲ្យមានសន្ដិសុខ និងសន្ដិភាព តាមតំបន់ព្រំដែន ដែលមិនទាន់ដោះស្រាយ ពីព្រោះបញ្ហានេះវាសំខាន់ខ្លាំងណាស់ ដើម្បីធ្វើឲ្យតំបន់នោះមានសន្ដិភាព។

 

លោក ថោងលន់ ក៏បានថ្លែងអំណរគុណចំពោះ​សម្ដេចតេជោ ដែល​ទទួល​ស្វាគម​យ៉ាង​កក់​ក្ដៅ ដោយ​សារ​តែ​ទំនាក់ទំនងផ្ទាល់ខ្លួន និងគ្រូសារមានរយៈពេលជាង៣០ឆ្នាំមកនេះ ធ្វើឲ្យការជួបគ្នាស្វែងរកដំណោះស្រាយបញ្ហា​ព្រំ​ដែន​​មានភាពរលូន។

 

សូមបញ្ជាក់ថា​ ការដោះស្រាយភាពតានតឹង នៃបញ្ហាព្រំដែនរវាងប្រទេសទាំង២ ដែលនាំឲ្យវិលមករកភាពប្រក្រតីឡើងវិញ បានកើនមានឡើងនៃការជួបពិភាក្សាគ្នា ចំនួន២លើក រវាងនាយករដ្ឋមន្រ្ដីទាំង២ ដោយលើកទី១ គឺសម្ដេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅកាន់ទីក្រុងវៀងច័ន្ទ ជួបពិភាក្សាដោយផ្ទាល់ជាមួយ លោក ថោងលន់ ស៊ីសូលីន កាលពីថ្ងៃទី១២ ខែសីហា ហើយនៅថ្ងៃទី១ ខែកញ្ញា លោក ថោងលន់ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ខ្លួន ហោះមកកាន់រាជធានីភ្នំពេញ ដើម្បីជួបពិភាក្សាដោយផ្ទាល់ជាមួយសម្ដេចតេជោ រហូតទទួលបានលទ្ធផលដ៏ផ្លែផ្កានេះ៕

 

សូមទស្សនាព័ត៌មានជាវីដេអូ៖

 

 

ប្រភព៖ PNN News

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024