ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤
នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយជាមួយក្រុង ស្រុក មន្ទីរសុខាភិបាលខេត្ត និងមន្ទីរពេទ្យខេត្ត ស្រុក ដើម្បីដាក់ចេញផែនការអនុវត្តយុទ្ធនាការចុះអប់រំផ្សព្វផ្សាយ និងបាញ់ថ្នាំសម្លាប់មូសខ្លា ដាក់បាណក់ឃាត(អាបែត) នៅភូមិគោលដៅ ជាការអន្តាគមន៍ ទប់ស្កាត់ជម្ងឺគ្រុនឈីក(Chikungunya) និងជម្ងឺគ្រុនឈាមដែល ភ្នាក់ងារចម្លងគឺមូសខ្លា ទូទាំង ០៩ ក្រុង ស្រុក ដោយចាប់ផ្តើមពីថ្ងៃនេះទៅ ។
លោក ឡេ ចន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្រុមកាងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បន្តចុះបាញ់ថ្នាំសម្លាប់មូសខ្លា នៅភូមិគោលដៅ ក្នុងក្រុងប៉ោយប៉ែត ជាផ្នែកមួយនៃការអន្តាគមន៍ ទប់ស្កាត់ជម្ងឺគ្រុនឈីក(Chikungunya) និងជម្ងឺគ្រុនឈាមដែលភ្នាក់ងារចម្លងគឺមូសខ្លាម្តងហើយកាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ក្រោយកិច្ចប្រជុំចប់។
ក្រុមការងារនឹងបន្តយុទ្ធនាការចុះអប់រំផ្សព្វផ្សាយ និងបាញ់ថ្នាំសម្លាប់មូសខ្លា ដាក់បាណក់ឃាត(អាបែត) បន្ថែមទៀត តាមផែនការនៃកិច្ចប្រជុំបន្ទាន់ថ្ងៃនេះ ។
លោកវេជ្ជៈបណ្ឌិត រឿន សុធី ប្រធានការិយាល័យបច្ចេកទេសមន្ទីរសុខាភិបាល បានបញ្ជាក់ឲ្យដឹងថា ជំងឺគ្រុនឈីកបង្កឡើងដោយវីរុសឈីកតាមរយៈមូសខ្លា ជំងឺនេះបង្កឡើងលើមនុស្សគ្រប់វ័យ ។
រោគសញ្ញាមានសញ្ញាសំខាន់ ០៣ គឺ ទី១ គ្រុនក្តៅ៣ទៅ ៤ថ្ងៃ ទី២ ឈឺសន្លាក់ឆ្អឹងជាច្រើនកន្លែង និង ទី៣ មានស្នាមកន្ទួល ឬក្រហមលើស្បែក ។ ជំងឺនេះមិនបណ្តាលឲ្យអ្នកជំងឺស្លាប់នោះទេ លើកលែងតែមានជំងឺផ្សេងៗដូចជា ជំងឺគ្រុនឈាម គ្រុនចាញ់ឬ ជំងឺរលាកស្រោមខួរជាដើម ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្ត សូមប្រុងប្រយត្ន័ចំពោះការផ្ទុះឡើងវិញ នូវជម្ងឺគ្រុនឈីកនេះ ដោយត្រូវចូលរួមសហការអនុវត្តនូវ វិធានការបំបាត់ជម្រកមូសខ្លា សំអាតអនាម័យបរិស្ថានតាមផ្ទះសម្បែង គេងក្នុងមុង និងបើមានបញ្ហាសុខភាព ត្រូវប្រញាប់ទៅទទួលយកសេវាពិនិត្យ និងព្យាបាលនៅមណ្ឌលសុខភាព មន្ទីរពេទ្យដែលនៅជិតផ្ទះបំផុត។
សូមមេត្តាចូលរួមផ្តល់ពត៏មាន ជូនទៅក្រុមទ្រទ្រង់សុខភាពភូមិ មេភូមិ និងអាជ្ញាធរមូលដ្ឋាន អំពី បញ្ហាជម្ងឺ ឬពត៏មានសុខភាពផ្សេងៗ ដើម្បីឲ្យមន្ទីរសុខាភិបាលខេត្ត ស្រុកប្រតិបត្តិ មណ្ឌលសុខភាព និងមន្ទីរពេទ្យជួយអន្តាគមន៊៍បានឆាប់រហ័ស និងទាន់ពេលវេលា៕
រូបភាព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ