ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ណែនាំប្រធានមន្ទីរទេសចរណ៍ទាំង ២៥រាជធានីខេត្ត អនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩ អោយមានប្រសិទ្ធភាព ក្នុងឱកាសថ្ងៃឈប់សម្រាក នាខែក្រោយនេះ

២៣ កក្កដា ២០២០ | ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន នៅថ្ងៃទី២២ ខែកក្កដានេះ បានណែនាំឲ្យប្រធានមន្ទីរទេសចរណ៍ ទាំង ២៥ រាជធានីខេត្ត ចូលរួមសហការជាមួយភ្នាក់ងារទេសចរណ៍និងស្ថាប័នពាក់ព័ន្ធនានា អនុវត្តវិធានការសុវត្ថិភាពទេសចរណ៍ ឱ្យមានប្រសិទ្ធភាព ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងឱកាសថ្ងៃឈប់សម្រាក ជំនួសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ខាងមុខ។

 


បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃឈប់សម្រាករយៈពេលវែង ក្នុងខែសីហាខាងមុខនេះអ្នកទេសចរក្នុងស្រុក នឹងបន្តធ្វើដំណើរច្រើន ទៅកាន់គោលដៅទេសចរណ៍នានា ដូច្នេះវិធានការអនុវត្តសុវត្ថិភាពទេចរណ៍ គឺជារឿងចាំបាច់ ត្រូវតែធ្វើឱ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ19។


នៅក្នុងកិច្ចប្រជុំបូកសរុបការងារអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍ ជំហ៊ានទី១ សម្រាប់ដំណាក់កាលកូវីដ១៩ រយៈពេលមួយខែ នៅថ្ងៃទី២២ ខែកក្កដានេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានធ្វើការណែនាំដល់ប្រធានមន្ទីរទេសចរណ៍ទាំង ២៥ រាជធានីខេត្ត បន្តជំរុញអនុវត្តវិធានការសុវត្តិភាពទេសចរណ៍ សម្រាប់សេវាស្នាក់ ,អាជីវកម្មភោជនីយដ្ឋាននិងអាហារដ្ឋាន, សេវាកម្មដឹកជញ្ជូនផ្លូវទឹក, សេវាកម្មដឹកជញ្ជូនផ្លូវគោក, រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ អោយមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ពិសេសក្នុងឱកាសឈប់សម្រាករយៈពេលវែង នៅខែសីហាខាងមុខនេះ។ 

 


ឯកឧត្តម ថោង ខុន បានណែនាំឱ្យប្រធានមន្ទីរទេចរណ៍ទាំងអស់ ត្រូវបន្តចូលរួមយកចិត្តទុកដាក់លើការផ្សព្វផ្សាយសុវត្ថិភាពទេចរណ៍ដល់ប្រតិបត្តិករទេសចរណ៍,ម្ចាស់មូលដ្ឋានអាជីវកម្មនៅតាមគោលដៅទេសចរណ៍ទូទាំង ២៥ រាជធានីខេត្ត តាមរយៈការពង្រឹងគុណភាពសេវាកម្ម និងផលិតផលទេសចរណ៍ ដោយអនុលោមតាមវិធានការសុវត្ថិភាពទេសចរណ៍ និងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល នៅក្នុងដំណាក់កាល covid-19 រួមជាមួយនឹងការលើកកម្ពស់អនាម័យម្ហូបអាហារ បរិស្ថាន និងការរក្សាតម្លៃផលិតផល និងសេវាកម្មឲ្យបានសមរម្យ។


ប្រធានមន្ទីរទេចរណ៍ទាំង ២៥ រាជធានីខេត្ត ក៏ត្រូវធ្វើការងារជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់បន្ថែមលើការគ្រប់គ្រងគោលដៅទេសចរណ៍ប្រកបដោយសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងអនាម័យផងដែរ។ 


បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅក្នុងឱកាសឈប់សម្រាកជំនួសពិធីបុណ្យចូលឆ្នាំខ្មែរនៅខែសីហាខាងមុខនេះចំនួនអ្នកទេសចរណ៍ក្នុងស្រុកអាចនឹងមានការកើនឡើងធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍នានានៅទូទាំងប្រទេសកម្ពុជា ក្នុងន័យនេះការអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍គឺជារឿងចាំបាច់មួយដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ19។ 

 


បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ រយៈពេលពីរសប្តាហ៍ដើមខែកក្កដា ឆ្នាំ 2020 នេះ អ្នកទេសចរក្នុងស្រុក មានប្រមាណជាង ៣១ ម៉ឺននាក់ កើនឡើងជិត ២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ក្នុងនោះ ខេត្តកំពត និងខេត្តកែប ទទួលបានភ្ញៀវទេសចរច្រើនជាងគេ។ 


កញ្ចប់សេវាកម្មទេសចរណ៍ថ្មីមួយ ដែលកន្លងទៅ មិនសូវមានការចាប់អារម្មណ៍ខ្លាំង គឺការដើរព្រៃ និងការបោះតង់ ហាក់មានកំណើន នៅក្នុងដំណាក់កាល covid-19 នេះ ក្នុងនោះ ភ្នំខ្នងផ្សារនិងភ្នំម្រេចកង្កែប គឺជាគោលដៅថ្មីមួយ ដែលមានអ្នកទេសចរបែបផ្សងព្រេងច្រើន ទៅទស្សនា។ នៅថ្ងៃចុងសប្ដាហ៍ នៅក្នុងមួយថ្ងៃ ទីតាំងទេសចរណ៍ទាំងនេះ អាចទទួលអ្នកទេសចរ បានប្រមាណ ៥០០ នាក់៕

អត្ថបទ៖ ហ៊ុន ឌីណូ     រូបភាព៖ ឈាវ ថុក វីរ:

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024