ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ក្រសួងសាធារណការ ពិនិត្យការអនុវត្តអនុគម្រោងសាងសង់ទីលានចាក់សំរាមក្នុងខេត្តព្រះសីហនុ លើផ្ទៃដី ១៧,៣៣ហិកតា ក្នុងទឹកប្រាក់ជាង ៥លានដុល្លារ

២២ កក្កដា ២០២០ | ព័ត៌មានជាតិ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្ដម កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពអនុគម្រោងសាងសង់ទីលានចាក់សំរាមក្នុងខេត្តព្រះសីហនុ ក្នុងក្របខណ្ឌថវិកាជាតិ ដោយមានការចូលរួមពីសមាជិក សមាជិកានៃគណៈកម្មការគ្រប់គ្រងការងារអនុ គម្រោងសាងសង់ទីលានចាក់សំរាមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

 


កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពគម្រោងសាងសង់ទីលានចាក់សំរាមក្នុងខេត្ត ព្រះសីហនុដែលអនុវត្តដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ក្នុងទំហំទឹកប្រាក់ចំនួន ៥.៣១៣.៤៦៣ ដុល្លារសហអាមេរិក ជាថវិកាជាតិសម្រាប់ឆ្នាំ២០២០ មានរយៈពេលសាងសង់១៧ខែ គិតចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ លើផ្ទៃដី១៧,៣៣ហិកតា លើផ្ទៃដីសរុប ៥១ ហិកតាដែល រដ្ឋបាលខេត្តព្រះសីហនុផ្តល់ជូន ឋិតនៅភូមិអូតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងមានចម្ងាយប្រមាណ៣គីឡូម៉ែត្រពីផ្លូវជាតិលេខ៤។

 


គម្រោងទីលានចាក់សំរាមថ្មីនេះ សាងសង់ឡើងដើម្បីបំពេញតម្រូវការរយៈពេល៥ឆ្នាំដំបូង មានសមត្ថភាពអាចផ្ទុកសំរាមបានចំនួន ៨៨៤.០៨៨ ម៉ែត្រគីប ។


ដោយមានរណ្ដៅចំនួនបួន រណ្ដៅនីមួយៗមាន ទទឹងគិតជាមធ្យម១៣០ ម៉ែត្រ និងបណ្ដោយ១៥០ម៉ែត្រ ជម្រៅចាប់ពី២-៤ម៉ែត្រ មានប្រព័ន្ធរំដោះទឹកភ្លៀងចាប់ពីបាតរណ្ដៅ ប្រព័ន្ធប្រមូលទឹកកខ្វក់ពីរណ្ដៅចាក់សំរាម បំពង់បញ្ចេញឧស្ម័នពុលផងដែរ។

 


ឯកឧត្ដមអនុរដ្ឋលេខាធិការបានឱ្យដឹងផងដែរថា រាជរដ្ឋាភិបាលបានសម្រេចបញ្ចេញកញ្ចប់ថវិការបស់ ខ្លួនដើម្បីលើកកម្ពស់សមត្ថភាពគ្រប់គ្រងសំរាម និងអនាម័យជូនប្រជាពលរដ្ឋ និងធ្វើឱ្យសុខមាលភាព សាធារណៈ និងបរិស្ថានកាន់តែមានភាពប្រសើរឡើង ឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័ស នៅក្នុងខេត្តនេះ។


ឯកឧត្ដមអនុរដ្ឋលេខាធិការបានថ្លែងអំណរគុណ និងកោតសរសើរដល់គណៈកម្មការគ្រប់គ្រងការងារអនុ គម្រោងសាងសង់ទីលានចាក់សំរាម ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ និងស្នើឱ្យធ្វើរបាយការណ៍វឌ្ឍនភាពគម្រោងប្រចាំខែឱ្យបានទៀងទាត់ផងដែរ៕


រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024