ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០២៤

ដែកធ្លាក់ពីជាន់ទី១៩ ការដ្ឋានសំណង់ខុនដូ ៩៩៩ ចំបុរសម្នាក់ បែកមួកសុវត្ថិភាពហេីយរបួសក្បាលថែមទៀត

២២ កក្កដា ២០២០ | ព័ត៌មានជាតិ

ការដ្ឋានសំណង់អគារខុនដូរកម្ពស់២២ជាន់ មានយីហោ ៩៩៩ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ១៨៧ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង មានការធ្វេសប្រហែសធ្វើឲ្យធ្លាក់ដែកទីបពីជាន់ទី១៩ បណ្តាលឲ្យត្រូវចំអ្នកដំណើរកំពុងជិះម៉ូតូ រងរបួសបែកក្បាល កាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ។


ពាក់ព័ន្ធនឹងករណីនេះ កម្លាំងផ្នែកជំនាញខណ្ឌបឹងកេងកង និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក បានចុះទៅទីតាំងកើតហេតុនិងឃាត់ខ្លួនអ្នកគ្រប់គ្រងការដ្ឋានចំនួន២នាក់ ។

 


ជនរងគ្រោះមានឈ្មោះ ឈិត សុភាព ភេទប្រុស អាយុ៦១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះលេខ២៣F ផ្លូវជាតិលេខ២ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ អនុប្រធានភូមិទួលរកា១។


វត្ថុតាងចាប់យក ៖ ដែកទីបជ្រុងចំនួន ១ដើម ប្រវែង ២,៨ ម៉ែត្រ, ម៉ូតូ ១គ្រឿងម៉ាក អ៊ែរប្លែក ពណ៌ខ្មៅលាយទឹកក្រូច ពាក់ស្លាក់លេខ 1AP-3136 ( របស់ជនរងគ្រោះ ) ។

 


សមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៦និង២០នាទី មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកអ៊ែរប្លេក ពណ៌ខ្មៅលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1AP-3136 ចេញពីម្ដុំចំការដូង ទៅ ម្ដុំអង់តែនទួលគោក ។ ពេលជនរងគ្រោះជិះម៉ូតូមកដល់កន្លែងកើតហេតុខាងលើ មានខ្យល់បក់ខ្លាំងក៏មានធ្លាក់ដែកទីបជ្រុងចំនួន០១ដើម ប្រវែង ២,80ម៉ែត្រ ធ្លាក់ពីលើជាន់ទី១៩ អគារខុនដូរយីហោ ៩៩៩ ដែលកំពុងសាងសង់មានកំពស់២២ជាន់ ត្រូវចំក្បាលជនរងគ្រោះ បណ្ដាលឲ្យជនរងគ្រោះបែកមួក និងក្បាលហូរឈាមផ្នែកខាងស្ដាំ ។

 


 ភ្លាមនោះជនរងគ្រោះត្រូវបានយកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត ។ ខណ:នោះសមត្ថកិច្ចល្បាតទៅដល់កន្លែងកើតហេតុនិងឃាត់ខ្លួនអ្នកគ្រប់គ្រងការដ្ឋានសំណង់ខាងលើ ដើម្បីធ្វើការសាកសួរនៅប៉ុស្ដិ៍នគតបាលរដ្ឋបាលទំនប់ទឹកតែម្ដង ។


បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានឃាត់នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរបន្ដ និងចាត់ការតាមនីតិវិធីច្បាប់ ៕


រូបភាព៖ អគ្គស្នងការនគរបាលជាតិ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024