ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

កម្ពុជា-ចិន បញ្ចប់កិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាស្ថាពរហើយ ក្រោយពីចំណាយពេលចរចាត្រឹមតែជាងពាក់កណ្ដាលឆ្នាំ

២២ កក្កដា ២០២០ | សេដ្ឋកិច្ច

ក្រោយពីបានបើកកិច្ចចរចាដំបូងតាំងពីចុងឆ្នាំ២០១៩មក នៅទីបំផុតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ត្រូវបានបិទបញ្ចប់ជាស្ថាពរហើយ ដោយការបញ្ចប់កិច្ចចរចានេះ ត្រូវបានប្រកាសឡើងក្រោយកិច្ចប្រជុំរួមគ្នាតាមប្រព័ន្ធវីដេអូអនឡាញរវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក Zhong Shan រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន នាថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២០នេះ។


ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្លាប់បានអះអាងនៅក្នុងសន្និសីទព័ត៌មាននាពេលថ្មីៗនេះថា បើមិនមានអ្វីប្រែប្រួលទេនោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងធ្វើដំណើរទៅកាន់រដ្ឋធានីប៉េកាំងប្រទេសចិន នៅមុនថ្ងៃទី ១២ សីហា ឆ្នាំ២០២០ ដើម្បីធ្វើជាអធិបតីភាពនៃការចុះហត្ថលេខាបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-និងចិន។

 


ការធ្វើដំណើររបស់នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់រដ្ឋធានីប៉េងកាំងនៅមុនថ្ងៃទី ១២ សីហានេះ ត្រូវបានគេមើលឃើញថា គឺធ្វើឡើងនៅមុនថ្ងៃដែលសហភាពអឺរ៉ុបកំណត់នឹងចាប់ផ្ដើមអនុវត្តការព្យួរប្រព័ន្ធអនុគ្រោះពន្ធEBA ពីកម្ពុជា ដែលសហភាពអឺរ៉ុបបានកំណត់យកថ្ងៃទី ១២ ខែសីហាឆ្នាំ២០២០ គឺជាថ្ងៃចាប់ផ្ដើមអនុវត្ត។


បើតាមក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិននាពេលនេះ គឺជាកិច្ចចរចាមួយជោគជ័យ ក្នុងរយៈពេលមួយដ៏ខ្លី ហើយវាបានបង្ហាញពីឆន្ទៈនៃថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និត និងទូលំទូលាយ ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមជាច្រើន ដល់ប្រជាជននៃប្រទេសទាំងពីរ តាមរយៈការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទំនិញ និងសេវា ការជំរុញការវិនិយោគទូលំទូលាយ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនទៀតផងដែរ។


ជាជំហានបន្ទាប់ ភាគីទាំងពីរនឹងអនុវត្តនីតិវិធីផ្ទៃក្នុងរៀងៗខ្លួន ដើម្បីឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី នៅក្នុងឆ្នាំ២០២០ នេះ។
តាមមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិននេះ នឹងជួយជំរុញដល់ការនាំចេញរបស់កម្ពុជាបន្ថែមទៀត ពិសេសគឺមុខទំនិញកសិកម្ម៕


អត្ថបទ៖ ចាន់ ភារម្យ 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024