ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤
ក្រុមហ៊ុន Facebook ប្រកាសឲ្យដឹងកាលពីពេលថ្មីៗនេះ ថា ការវិនិយោគរបស់ក្រុមហ៊ុនហ្វេសប៊ុក (Facebook) ទៅលើការពង្រីកបណ្ដាញផ្គត់ផ្គង់អ៊ីនធឺណិត នឹងផ្ដល់អត្ថប្រយោជន៍សេដ្ឋកិច្ចជាង ២០០ពាន់លានដុល្លារ នៅទូទាំងពិភពលោក ក្នុងនោះ កម្ពុជាក៏នឹងចំណាញសេដ្ឋកិច្ចពីការវិនិយោគនេះ ប្រមាណ ៣០០លានដុល្លារ ផងដែរ។ នេះបើយោង តាមរបាយការណ៍ចេញផ្សាយនាពេលថ្មីៗនេះ ដោយក្រុមហ៊ុន Analysis Mason ដែលជាក្រុមហ៊ុនស្រាវជ្រាវលំដាប់ពិភពលោកឈានមុខគេមួយ ។
មួយភាគធំនៃអត្ថប្រយោជន៍សេដ្ឋកិច្ចនេះ គឺបានមកពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន Facebook លើបណ្ដាញខ្សែកាបក្រោមបាតសមុទ្រ បណ្ដាញទូរគមនាគមន៍ edge networks និងបណ្ដាញទំនាក់ទំនង Open Transport Networks សម្រាប់ផ្គត់ផ្គង់បច្ចេកវិទ្យាខ្សែកាបអុបទិក។ កម្មវិធីទាំងនេះជួយឱ្យគេអាចចែកចាយអ៊ិនធឺណិតដែលមានគុណភាព បានកាន់តែមានប្រសិទ្ធភាព ដូច្នេះ ក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ទាំងឡាយ នឹងអាចផ្គត់ផ្គង់សេវាអ៊ិនធឺណិតរបស់ខ្លួន ជូនទៅកាន់អតិថិជនបានកាន់តែទូលំទូលាយ កាន់តែមានប្រសិទ្ធភាព និងចំណាយកាន់តែតិចជាងមុន ។
បើនិយាយចំពោះប្រទេសកម្ពុជាវិញ ហេដ្ឋារចនាសម្ព័ន្ធបណ្ដាញអ៊ិនធឺណិតរបស់ក្រុមហ៊ុន Facebook រួមមាន ដូចជា caching servers ឬ បណ្ដាញទូរគមនាគមន៍ edge networks ដែលនឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ កម្ពុជា តាមរយៈការអនុញ្ញាតឲ្យក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ិនធឺណិតក្នុងស្រុក អាចតភ្ជាប់ទៅកាន់មាតិកា Facebook ពីបណ្ដាញផ្គត់ផ្គង់ដែលកាន់តែជិតជាងមុន ។
កត្តានេះនឹងជួយឱ្យក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុក អាចកាត់បន្ថយការចំណាយលើការតភ្ជាប់បណ្ដាញអ៊ិនធឺណិតពីក្រៅប្រទេស ការចំណាយលើបណ្ដាញឆ្លងកាត់ ជួយឱ្យអ្នកប្រើប្រាស់អាចប្រើអ៊ិនធឺណិត បានកាន់តែមានលំនឹង និងជួយឱ្យមានអ្នកប្រើអ៊ិនធឺណិតកាន់តែច្រើនឡើង ។
របាយការណ៍ដដែល បានព្យាករថា បើគិតចាប់ពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៤ កម្ពុជានឹងទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចចំនួន ៣០០លានដុល្លារសហរដ្ឋអាមេរិក ទៅក្នុងផលិតផលសរុបក្នុងស្រុក (GDP) របស់ខ្លួន ពីគម្រោងបណ្ដាញទូរគមនាគមន៍ edge network របស់ក្រុមហ៊ុន Facebook ។
បច្ចុប្បន្ន ក្រុមហ៊ុន Facebook កំពុងស្វែងរកគម្រោងថ្មីៗបន្ថែមទៀត ពាក់ព័ន្ធនឹងវិស័យអ៊ិនធឺណិតនៅកម្ពុជា ពីព្រោះក្រុមហ៊ុននឹងបន្តប្ដេជ្ញានាំយកសេវាអ៊ិនធឺណិតដែលកាន់តែលឿនជាងមុន មកជូនប្រជាពលរដ្ឋបានប្រើប្រាស់កាន់តែច្រើននាក់ ថែមទៀត៕
អត្ថបទ ៖ ក្រុមការងារសេដ្ឋកិច្ច ភីអិនអិន