ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

វឿន វាសនា រំលឹកបទពិសោធទទួលបាន ពេលចេញទៅលេងបាល់ទះអាជីពនៅថៃ

២០ កក្កដា ២០២០ | កីឡា

ដោយមានបទពិសោធលេងនៅក្រៅប្រទេសនាពេលកន្លងមក ស្មាត់ស្តាំរបស់ក្លិបបាល់ទះវិសាខា វឿន វាសនា បានរំលឹកពីបទពិសោធមួយចំនួនដែលខ្លួនទទួលបានពីការលេងលក្ខណៈអាជីពកម្រិតខ្ពស់របស់ថៃនាពេលកន្លងមក ដែលក្នុងនោះគ្រប់ក្រុមទាំងអស់សុទ្ធតែមានការរៀបចំ និង រចនាសម្ព័ន្ធច្បាស់លាស់ ដែលពោពេញដោយការប្រកួតប្រជែងខ្ពស់ កីឡាករសុទ្ធសឹងតែមានកំពស់ខ្ពស់ៗនិងពោពេញដោយសមត្ថភាព បូករួមទាំងមានកីឡាករបរទេសឆ្នើមៗទៀតនោះធ្វើអោយកម្រិតប្រកួតប្រជែងក្នុងលីគរបស់ថៃកាន់តែខ្លាំង ។ ដែលទាំងនេះ សុទ្ធសឹងតែជាកត្តាដែលជម្រុញអោយរូបគេខិតខំប្រឹងប្រែងសម្របខ្លួន និង ទាញបាននូវបទពិសោធពីការលេងកម្រិតខ្ពស់សម្រាប់ខ្លួនផងដែរ ។

 


នៅទីលានហ្វឹកហាត់របស់ក្លិបបាល់ទះវិសាខា កីឡាករមានប្រភពពីខេត្តបាត់ដំបង វឿន វាសនា រៀបរាប់ពីបទពិសោធ និង ភាពរីកចម្រើនរបស់ខ្លួន អំឡុងលេងនៅប្រទេសថៃយ៉ាងដូច្នេះថា៖ «ចំពោះការលេងនៅលីគថៃជាមួយការប្រកួតនៅប្រទេសកម្ពុជា សមត្ថភាពកីឡាករខុសគ្នាច្រើន ព្រោះអីពេលដែលយើងទៅលេងនៅថៃមិនមែនមានតែកីឡាករថៃទេ មានកីឡាករច្រើនដូចជា ស្រីលង្ការ ដូចជាស៊ីរី ប្រេស៊ីលជាដើម អញ្ចឹងកីឡាករគេគឺខ្ពស់ៗមាឌធំកម្លាំងខ្លាំងហើយបច្ចេកទេសគេល្អជាងកីឡាករនៅស្រុកខ្មែរឆ្ងាយ ដូច្នេះបានធ្វើអោយយើងមានបទពិសោធច្រើននៅលីគថៃ ។ សម្រាប់ខ្ញុំបទពិសោធទៅលេងនៅថៃដែលបានរីកចម្រើនច្រើននោះ គឺការលេងបាល់៣ម៉ែត្រ ព្រោះអីគឺខ្ញុំអាចបណ្តុះសមត្ថភាពខ្ញុំចំពោះការលេងនេះបានច្រើន ពីការលោតអត់សូវចោលខ្លួន ដែលចំនុចហ្នឹងកីឡាករត្រូវលោតចោលខ្លួនមែនទែន ដើម្បីយកបាល់ហ្នឹងបាន ហើយសមត្ថភាពខ្ញុំអាចឈានយកអាហ្នឹងបាន»។

 


យុវជនវ័យ១៩ឆ្នាំរូបនេះបន្ថែមថា ចំពោះកម្រិតសមត្ថភាពខ្លួន និង កីឡាករថៃ គឺប្រដំប្រសងគ្នាមិនខុសគ្នាខ្លាំងនោះទេ តែបើធៀបនិងកីឡាករបរទេសផ្សេងៗដែលលេងនៅលីគថៃដូចគ្នា មានកម្រិតខុសគ្នាទាំងបច្ចេកទេស សមត្ថភាព និង កាយសម្បទា។


«សម្រាប់ខ្ញុំ ខ្ញុំគិតថាគឺអាចប្រដំប្រសងគ្នាបាន មិនអាចដាច់គ្នាឆ្ងាយពេកនោះទេ គ្រាន់តែថាសមត្ថភាពយើងពេលខ្លះនៅស្ទើជាងគេ បើថាចំពោះកីឡាករថៃយើងអាចស្រួល តែបើកីឡាករគេមកពីបរទេសឆ្ងាយៗដូចជាប្រេស៊ីអី គឺសមត្ថភាពយើងនៅខ្សោយជាងគេច្រើន»។

 


គួររំលឹកថា មុនផ្តើមអាជីពជាកីឡាករបាល់ទះ វឿន វាសនា ធ្លាប់លេងតំណាងអោយវិទ្យាល័យមោងឫស្សី ខេត្តបាត់ដំបង នៅក្នុងឆ្នាំ២០១៧រូបគេក៏ចូលលេងអោយក្រុមបាល់ទះស្នងការនគបាលខេត្តបាត់ដំបង មុនមកចូលរួមជាមួយក្លិបបាល់ទះវិសាខា នៅភ្នំពេញ ។ ចំពោះបទពិសោធលេងនៅប្រទេសថៃ រូបគេលេងអោយក្លិប ព្រីនស៍ របស់ថៃ ប្រមាណ៨ប្រកួត ក្នុងឆ្នាំ២០១៩ ។ ហើយនៅចុងឆ្នាំ២០១៩ដដែល វឿន វាសនា ក៏ត្រូវបានជាប់ក្នុងក្រុមបាល់ទះជម្រើសជាតិជាលើកដំបូងចេញទៅប្រកួតក្នុងព្រឹត្តការណ៍ស៊ីហ្គេម នៅប្រទេសហ្វីលីពីនផងដែរ ៕

អត្ថបទ និង រូបភាព ៖ រ៉េត ស្តាលីន
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024