ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

លាង ស៊ីកង សិល្បករសហសម័យផ្នែកគំនូរល្បីឈ្មោះ គំនិតបង្កប់ការអភិរក្ស

២០ កក្កដា ២០២០ | កម្សាន្ដ

មានបណ្ដាសិល្បករសហសម័យជាច្រើនដែលសុទ្ធសឹងតែជាអ្នកមានស្នាដៃល្អៗក្នុងប្រទេស កម្ពុជា តែសម្រាប់លោក លាង ស៊ីកង គឺជាសិល្បករសហសម័យមួយរូប ដែលមានភាពល្បីល្បាញនៅលើពិភពលោក និងមានគំនិតអភិរក្សវប្បធម៌បុរាណខ្មែរគួរឱ្យសរសើរ។


ថ្ងៃនេះយើងសូមនាំអារម្មណ៍ទស្សនិកជនមកទស្សនាស្នាដៃថ្មីរបស់សិល្បករសហសម័យផ្នែកគំនូរ ដ៏ល្បីល្បាញពេញពិភពលោក គឺ លោក លាង ស៊ីកន នៅផ្ទះរបស់លោកផ្ទាល់តែម្តង ។

 


 ប្រសិនបើយើងមើលពីក្រៅហាក់ដូចជាគ្មានអ្វីទាំងអស់ ប៉ុន្តែនៅពេលចូលមកដល់ក្នុងផ្ទះជាន់លើ ថ្វីត្បិតតែជាផ្ទះល្វែង មិនធំទូលាយ ប៉ុន្តែសិល្បកររូបនេះ បានតុបតែងបន្ទប់របស់លោកយ៉ាងស្អាត ប្រណិត ជាមួយនិងការដេគ័រគំនូរផ្សេងៗ អមដោយ វត្ថុបុរាណរាប់រយមុខ  ប្រៀបដូចជានៅក្នុងសារៈមន្ទីរតូចមួយ ។

 

នៅលើជញ្ជាំងផ្ទះ លោកបានតម្រៀបសំភារៈតូចៗដែលប្រជាជនប្រើប្រាស់ប្រចាំថ្ងៃ មើលទៅប្រៀបដូចជាផ្ទាំងគំនូរដ៏គួរអោយចាប់អារម្មណ៍ ដោយឡែក នៅលើពិដានវិញសុទ្ធតែ ត្រដោកគោ គ្រប់ទីកន្លែង ។ អ្វីដែលពិសេសនោះគឺមានទីកន្លែងគោរពបូជារៀបចំយ៉ាងមានរបៀបរៀបរយ មានព្រះពុទ្ធរូបបុរាណជាច្រើន អង្គ អមជាមួយវត្ថុ បុរាណជាច្រើនដែលយើងកម្របានឃើញ ។ 

 


ទិដ្ឋភាពនៅក្នុងផ្ទះដ៏តូចរបស់លោក លាង ស៊ីកន ពោរពេញទៅដោយការច្នៃប្រឌិតខ្ពស់។ អ្នកដែលបានចូលទៅទស្សនាហើយ តែងលាន់មាត់សរសើរមិនដាច់ពីមាត់ ប្រៀបដូចជានៅក្នុងសណ្ឋាគារបុរាណមួយ លោក លាង ស៊ីកន បានរៀបរាប់ប្រាប់ថា ទាំងនេះគឺជាស្នាដៃដែលលោកធ្វើឡើងដោយខ្លួនឯងផ្ទាល់ ។

 

នៅក្នុងបន្ទប់ផ្ទាល់ខ្លូនលោក លាង ស៊ីកន មិនបានបើកបង្ហាញជាសាធារណៈឱ្យចូលទស្សនានោះទេ។ ប៉ុន្តែមានករណីពិសេសសម្រាប់ភ្ញៀវពិសេសៗដែលលោកស្គាល់ គឺអាចទៅទស្សនាបាន ហើយកន្លងមកមានមិត្តសិល្បករ ក៏ដូចជាមិត្ត និងបរទេស មួយចំនួន ក៏ត្រូវបានលោកអនុញាតិ ឱ្យទស្សនាគំនូ និងទិដ្ឋភាពក្នុងបន្ទប់របស់លោកផងដែរ ។ 

 


 
លោក លាង ស៊ីកន បន្តទៀតថា ក្នុងមួយសប្តាហ៍លោកអាចទទួលភ្ញៀវត្រឹមតែ ២ ទៅ ៣ ដងប៉ុណ្ណោះដោយសារលោកមមាញឹកនៅក្នុងការងារផ្ទាល់ខ្លួន ហើយការមកទស្សនានេះគឺមិនគិតថ្លៃនោះទេ ។ 

 

ការរស់នៅជាមួយវត្ថុបុរាណជាច្រើនមុខបែបនេះ បានធ្វើឱ្យជីវិតរបស់លោក លាង ស៊ីកន ប្រកបដោយក្តីសុខដោយលោកមានជំនឿថា មានអ្នកនៅថែរក្សា ហើយលោកតែងតែឃើញបុព្វបុរសដែលបានសាងស្នាដៃលើវត្ថុនានានៅជុំវិញខ្លួន ។ លោក លាង ស៊ីកន បានលើកឡើងទាំងមានជំនឿថា មិត្តភក្តិខ្លះមកគេងក្នុងបន្ទប់របស់លោកមិនបានទេ ហើយអ្នកខ្លះទៀតតែងតែមានអារម្មណ៍ ព្រឺសប្បុរ រូបភាពផ្សេងៗ និងមានអាការៈចម្លែកៗនៅពេលមកក្នុងបន្ទប់នេះ ។

 

 

ក្រៅទស្សនាបន្ទប់គេងបុរាណ អមជាមួយវត្ថុបុរាណតូចធំ រាប់រយមុខ នៅក្នុងបន្ទប់សិល្បករសហសម័យរូបនេះ ក៏បានបង្ហាញប្រាប់ពីគម្រោងការងារថ្មីមួយទៀតរបស់លោកផងដែរ ដែលលោកទើបតែធ្វើឡើងកាលពីពេលថ្មីៗនេះ គឺការតាក់តែងនិពន្ធបទចម្រៀងពីដើមរៀបរាប់ពីតំបន់នានានៅក្នុងស្រុក ខ្មែរ ជាពិសេសនៅលើទឹកដីខេត្ត សៀមរាប ។ 

 

សិល្បករសហសម័យផ្នែកគំនូរ ចម្លាក់  ល្បីឈ្មោះលំដាប់អន្តរជាតិដែលមានស្នាដៃជាង ២០ ឆ្នាំមកហើយ លោក លាង ស៊ីកន ឱ្យដឹងថា លោកបាននិពន្ធបទចម្រៀងថ្មីចំនួន ៣៦ បទ ដែលជាបទចម្រៀង Original Song  ចេញពីចិត្តគំនិតរបស់លោកផ្ទាល់។ បទចម្រៀងទាំងនេះ បង្កប់ទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅ ហើយលោកក៏បាន បញ្ចូលបទចម្រៀងទាំងនោះទៅនិងការសម្តែងនិងបង្ហាញគំនូររបស់លោក ទៅកាន់ពិភពលោកផងដែរ។ កាលពីដើមឆ្នាំ ២០២០ លោកបានយកស្នាដៃទាំងនោះទៅដាក់តាំងពិព័រណ៌សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនា ព្រមទាំងទទួលបានការសរសើរយ៉ាងខ្លាំងហួសពីការរំពឹងទុក ។ 

 


លោក លាង ស៊ីកន បានប្រើពេលរហូតដល់ទៅជាងមួយឆ្នាំ តាក់តែងនិពន្ធបារ៉ូល និងទំនុកច្រៀងបទចម្រៀងថ្មីទាំង ៣៦ បទនេះ។ បទចម្រៀងដែលោកពេញចិត្តខ្លាំងបំផុតនោះ « ភ្នំគូលែនមហេន្រ្ទបរព៌ត » និងបទ « អង្គរភ្នំសុមេរ៉ា » ជាដើម ។ ជារៀងរាល់ថ្ងៃលោកតែងតែចំណាយពេលវេលានៅក្នុងបន្ទប់ផ្ទាល់ខ្លួននៅលើតុ ដើម្បីសរសេរបទចម្រៀងទាំងនោះឡើង ។ 

 


លោក លាង ស៊ីកន បានបង្ហាញពីមូលហេតុដែលលោកធ្វើបទចម្រៀងថ្មីនេះឡើងថា លោកមិនទទួលបានប្រាក់កម្រៃអ្វីពីការធ្វើបទចម្រៀង Original Song ទាំង៣៦ បទនេះទេ តែអ្វីដែលលោកធ្វើគឺការស្រឡាញ់ និងចង់បន្សល់នូវកេរ្តិ៍ឈ្មោះរបស់ខ្លួន ។  បទចម្រៀងទាំងអស់បានបង្កប់នៅទស្សនៈវិជ្ជាបែបស៊ីជម្រៅ ការលួងលោមបំពេអារម្មណ៍ឲ្យអ្នកស្តាប់ប្រសើរឡើង និងមានទាក់ទងនឹងស្នាដៃគំនូរ ចម្លាក់ និងដំឡើងផងដែរ។ មានន័យថា គំនូរមួយផ្ទាំងចម្រៀងមួយបទ ចម្លាក់មួយចម្រៀងមួយ និយាយរួមធ្វើយ៉ាងណាឲ្យគំនូរ ចម្លាក់ និងចម្រៀង របស់ទាំង៣នេះរួមគ្នាតែមួយ ។ 

 

 

បទចម្រៀងថ្មីរបស់លោក លាង ស៊ីកន ដែលបានតាក់តែងនោះ នៅពុំទាន់ចេញជាផ្លូវការនៅលើ យូធូប នៅឡើយទេ ដោយសារពេលនេះលោកកំពុងរៀបចំ  អ្វីដែលពិសេសនោះគឺខាងក្រសួងនិងមិត្តភក្តិ ជាច្រើនបានណែនាំឱ្យលោកយកបទចម្រៀងទាំងចុះក្នុងបញ្ជើដើម្បីធ្វើជាកម្មសិទ្ធបញ្ហា ពីព្រោះថា បទចម្រៀងទាំងនោះបង្កប់ទៅដោយអត្ថន័យ និងធ្វើចេញពីស្នាដៃថ្មីរបស់លោកយ៉ាងពិតប្រាកដ បើទោះបីជាដំបូងស្តាប់ទៅហាក់បីដូចជាចម្រៀងពីដើម តែលោក លាង ស៊ីកន បញ្ជាក់ថា បទចម្រៀង នោះគឺជាបទចម្រៀងថ្មីយ៉ាងពិតប្រាកដ ។ 

 

 

តាមពិតទៅនៅក្នុងខែនេះ លោក លាង ស៊ីកន ត្រូវបានយកស្នាដៃថ្មីរបស់ខ្លួនរួមជាមួយនិងគំនូរជាច្រើន ផ្ទាំងទៅចូលរួមក្នុងកម្មវិធីដ៏ធំនៅក្រៅប្រទេស តែដោយសារជំងឺកូវីដ ១៩ បានធ្វើឱ្យលោកអាក់ខាន មិនបានចេញទៅបង្ហាញស្នាដៃនោះទេ ។ ឆ្នាំនេះលោក លាង ស៊ីកន មានវ័យជាង ៥០ ឆ្នាំហើយ តែរូបរាងរបស់លោកនៅស្រស់សង្ហារមិនចាញ់ពេលលោកនៅក្មេងឡើយ  ៕ 


អត្ថបទ ៖ ម៉ា រីសា 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024