ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ភីអិនអិន ក្រុងពាលីផ្ដើមថតរឿងខ្មែរ “អ្នកម៉ាក់វ័យក្មេង” វគ្គ២

១៧ កក្កដា ២០២០ | កម្សាន្ដ

ទស្សនិកជន ដែលនិយមតាមដានទស្សនាភាពយន្តភាគខ្មែរនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ធ្លាប់បានទស្សនារួចមកហើយរឿងភាគ “អ្នកម៉ាក់វ័យក្មេង”។ ដោយឃើញសន្ទុះនៃការគាំទ្រកាន់តែខ្លាំងទៅលើសាច់រឿងមួយនេះស្ថានីយទូរទស្សន៍ភីអិនអិន បានបន្តសហការជាមួយនឹងផលិតកម្ម អិលឌី ផលិតរឿង អ្នកម៉ាក់វ័យក្មេងវគ្គ២។


នាថ្ងៃសុក្រ ទី ១៧ ខែកក្កដា ឆ្នាំ ២០២០ រឿង អ្នកម៉ាក់វ័យក្មេង វគ្គ២ ត្រូវបានធ្វើពិធីក្រុងពាលីផ្ដើមថតជាផ្លូវការ ដោយមានការចូលរួមកុះករពីសំណាក់តារាសម្តែងតួធំៗ និងភ្ញៀវកត្តិយសយ៉ាងច្រើន។ ក្នុងនោះរួមមាន លោក នូ ឧសភាព ( តួឯកប្រុស) កញ្ញា ឈិន មុន្នីនាថ( តួឯកស្រី) កុមារី ម៉ានីកា លោក អុំ សុវណ្ណគិរី កញ្ញា ស៊ុយ បូណាវីន កញ្ញា ពេជ្រ ចរណៃ លោក ណារ៉ាឌី លោក សុភ័ក្រ កញ្ញា កញ្ញា លោក ស៊ីនី អ្នកស្រី សក្ខណា អ្នកស្រី រ៉េត រ៉ូស អ្នកស្រី ឡាញ់ សូនី អ្នកស្រី វ៉ាន់ ថង លោក វុធ ថាណាក់  រួមទាំងតារាសម្តែងជាច្រើនដួងទៀត។ 

 


ជាមួយគ្នានេះដែរ ប្រធានគ្រប់គ្រងកម្មវិធីប្រចាំឲ្យស្ថានីយ៍ទូរទស្សន៍ភីអិនអិន កញ្ញា ទូច បុប្ផា បានលើកឡើងថា “ចំពោះរឿងភាគ “អ្នកម៉ាក់វ័យក្មេង” វគ្គ១ គឺយើងផលិតឡើងក្នុងន័យបង្វែរអារម្មណ៍ទស្សនិកជនអោយមើលឃើញនូវចន្លោះខ្វះខាតក្នុងការចិញ្ចឹមបីបាច់ និងកង្វះខាតនូវផ្តល់ភាពកក់ក្តៅដល់កូនៗនាសម័យឌីជីថល ហើយយើងក៏ទទួលបាននូវការគាំទ្រលើសពីការរំពឹងទុកពីទស្សនិកជនទាំងនៅទីក្រុងភ្នំពេញ និងនៅតាមបណ្តាខេត្ត ដែលឃ្លីបភាគច្រើននៃរឿងនេះទទួលបានការទស្សនារហូតដល់ជាង១០លាន ហើយយើងក៏ទទួលបាននូវសំណូមពរជាច្រើនពីទស្សនិកជនអោយរឿងនេះមានវគ្គ២  ដូច្នេះហើយទើបក្រុមការងារយើងសម្រេចតែងនិពន្ធរឿង “អ្នកម៉ាក់វ័យក្មេង”  វគ្គ២ឡើងមក ដោយសាច់រឿងវគ្គ២ ចង់បង្ហាញពីតម្លៃនៃសុភមង្គលគ្រួសារ និងតួនាទីភរិយា និងស្វាមីដែលប្រើដំណើរជីវិតរួមគ្នាដល់ចាស់រៀងៗខ្លួន ខ្ញុំសូមលើកទឹកចិត្តដល់គូស្នេហ៍ភរិយាស្វាមីទាំងអស់ចូលរួមទស្សនា និងគាំទ្រខ្សែភាគយន្តភាគនេះអោយបានគ្រប់ៗគ្នា”។

 

 


កាលពីវគ្គមុន ទស្សនិកជនប្រហែលជានៅចាំសាច់រឿងខ្លះៗពីតួអង្គ លោក នរៈ ជាបុរសពោះម៉ាយ មានកូនស្រីឈ្មោះ នីរ័ត្ន  បានរៀបការជាមួយ ក្មេងស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ឈ្មោះលីតា ។ 

 


ឈានមកដល់វគ្គពីរនេះ ទស្សនិកជននឹងបានទស្សនា សាច់រឿងបន្ត ពីជីវិតរស់នៅរបស់តួអង្គទាំងបីនេះ ថាតើពួកគេ នឹងជួបនូវរឿងរ៉ាវអ្វីខ្លះ ។ ភីអិនអិន ក៏ដូចជា ផលិតកម្ម អិលឌី សង្ឃឹមជឿជាក់ថា ការនាំយកនូវសាច់រឿងវគ្គពីរ អ្នកម៉ាក់វ័យក្មេងនេះ នឹងទទួលបានការគាំទ្រកាន់តែខ្លាំងជាងវគ្គមុន ហើយស្ថានីយនឹងព្យាយាមធ្វើយ៉ាងណាឲ្យទទួលបានូវភាពយន្តគុណភាពខ្ពស់បន្ថែមទៀត។ 

 

 

 

 

 

 

 

 

 

 

 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024