ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ប៉ុក បូរក្ស៖ រោងភាពយន្តអាចនឹងដំណើរការធម្មតាវិញអំឡុងកក្កដានេះ ប្រសិនរដ្ឋាភិបាលបើកភ្លើងខៀវ 

១៦ កក្កដា ២០២០ | កម្សាន្ដ

តាមការផ្តល់កិច្ចសម្ភាសន៍ជាមួយភីអិនអិន លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអោយដឹងថា រហូតមកទល់ពេលនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមនិងក្រសួងសុខាភិបាល បានពិភាក្សាគ្នាលើកជាសំណើរជូនដល់រដ្ឋាភិបាលដើម្បីសម្រេចជាគោលការណ៍ ដោយឡែកសម្រាប់កាលបរិច្ឆេតជាក់លាក់គឺនៅមិនទាន់អាចកំណត់បាននៅឡើយ ក៏ប៉ុន្តែលោកបានបញ្ជាក់ថាមិនយូរទៀតនោះទេ ដោយលោករំពឹងថា អាចនឹងក្នុងសប្តាហ៍នេះឬក្នុងខែនេះ ចំណុចសំខាន់គឺអាស្រ័យលើប្រមុខរាជរដ្ឋាភិបាលឯកភាពទៅលើសំណើរសុំបើកឡើងវិញហើយ ទើបក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងសុខាភិបាល នឹងរៀបចំជាគោលការណ៍ស្តង់ដាប្រតិបត្តការ ដើម្បីដាក់ជាវិធានឲ្យរោងភាពយន្តយកទៅអនុវត្តតាម ដើម្បីជាវិធានការការពារការឆ្លងរីករាលដាលពីជំងឺកូវីដ១៩នេះ។

 

 

 យ៉ាងណាមិញ ប្រសិនបើករណីឆ្លងរបស់វីរ៉ុសកូវីដ១៩នៅតែកើតមាននៅកម្ពុជា គេនៅមិនទាន់អាចកំណត់បានថា រោងភាពយន្តនឹងបើកឬនៅតែបន្តបិទទៀតយ៉ាងណានោះទេ គ្រប់យ៉ាងអាស្រ័យលើការយល់ឃើញរបស់ក្រសួងសុខាភិបាល។ តាមរយៈកិច្ចសម្ភាសន៍ដដែរ លោកក៏បានឲ្យដឹងពីក្តីបារម្មណ៍ចំពោះផលិតករ និងភាគីរោងភាពយន្តដូចគ្នាថា បើរោងភាពយន្តនៅតែបន្តបិទពិតណាស់គឺពិតជាប៉ះពាល់ខ្លាំង ព្រោះស្ថានភាពឧស្សាហកម្មភាពយន្តកម្ពុជាយើងនៅទន់ខ្សោយ ផលិតករក៏នៅមានកម្រិតដើមទន់ស្តូចស្តើង ដូច្នេះការបិទរោងភាពយន្តរយៈពេលយូរអាចធ្វើឲ្យពួកគាត់ដួលរលំ។

 

ជាដំណោះស្រាយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានធ្វើសំណើរទៅកាន់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីជួយសម្រួលលើផ្នែកពន្ធដាមួយចំនួនជូនដល់ផលិតករ និងភាគីរោងភាពយន្តស្របពេលដែលកំពុងប្រឈមជាមួយបញ្ហានេះ ដោយឡែកសម្រាប់ក្រុមការងារដែលបម្រើលើផ្នែកពាក់ព័ន្ធភាគច្រើនជាបុគ្គលិកក្រៅប្រព័ន្ធ ដូច្នេះហើយក្រសួងក៏ពិបាកក្នុងការចូលរួមជួយលើបញ្ហានេះ។

 

 

គួររំលឹកថា គិតចាប់ពីថ្ងៃទី១៧ខែមិនាឆ្នាំ២០២០ដែលរោងភាពយន្តត្រូវប្រកាសបិទមកទល់ពេលនេះ មានភាពយន្តខ្មែរជាង១០រឿង និងភាពយន្តអន្តរជាតិជាង៨០រឿង ត្រូវបានផ្តល់ទិដ្ឋការសម្រាប់ការចាក់បញ្ចាំង។ រូបភាពប្រើ រូបឯកសារចាស់ដែលពាក់ព័ន្ធ។ 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024