ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

អ្នកនាំពាក្យក្រសួងការងារ៖ កម្មករជាង ១៩ម៉ឺននាក់ ទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល បន្ទាប់ពីព្យូរការងារ ព្រោះកូវីដ-១៩

១៤ កក្កដា ២០២០ | ព័ត៌មានជាតិ

កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌកាត់ដេរសំលៀកបំពាក់ និងស្បែកជើង រួមទាំងវិស័យទេសចរណ៍ ចំនួនជាង ១៩ម៉ឺននាក់ហើយ បានទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីពួកគេ ត្រូវបានព្យូរការងារបណ្ដោះអាសន្ន ក្រោយរោងចក្ររងផលប៉ះពាល់ ដោយសារតែជំងឺសកលកូវិត១៩។ 

 


បើតាមរបាយការណ៍ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គិតត្រឹមថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលបាន បើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល តាមរយៈធនាគារជាដៃគូជូនដល់បងប្អូនកម្មករ និយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរសំលៀកបំពាក់ និងស្បែកជើង រួមទាំងវិស័យទេសចរណ៍បានចំនួនជាង១៩ ៣៥០០នាក់ហើយបន្ទាប់ពីដំណើរការបើកផ្ដល់ប្រាក់ឧបត្ថម្ភតាំងពីចុងខែឧសភាមក។


បើតាមអ្នកនាំពាក្យក្រសួងការងារឯកឧត្ដម ហេង សួរ ក្នុងចំណោមបងប្អូនកម្មករនយោជិតទាំងជាង១៩ម៉ឺននាក់នោះ រាជរដ្ឋាភិបាលបានចំណាយថវិការប្រមាណជាង 27 133 442 230រៀល ប្រហែលជិត៧លានដុល្លារអាមេរិក។ បើតាមរដ្ឋលេខាធិការដដែល ការផ្ដល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជាជូនកម្មករនយោជិត នឹងបន្តធ្វើរហូតទាល់តែមានសេចក្ដីសម្រេចសារជាថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្អែកលើការវិវត្តន៍របស់ជំងឺសកលកូវីត១៩។

 


តាំងពីចុងខែឧសភាកន្លងទៅនេះ រាជរដ្ឋាភិបាលបានបើកប្រាក់ឧបត្ថម្ភដល់កម្មករនយោជិត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍រាប់ម៉ឺននាក់រួចហើយ ដែលអាចអោយពួកគេអាច ដោះស្រាយជីវភាពរស់នៅក្នុងដំណាក់ការលព្យូរការងារបណ្ដោះអាសន្នបណ្ដាលមកពីការរាត្បាតជំងឺកូវីត១៩ ប៉ះពាល់ដល់ដំណើរការរោងចក្រសហគ្រាសរួមទាំងអាជីវកម្មផ្នែក សេវកម្មទេសចរណ៍ជាច្រើន។ ក្នុងនោះឧបត្ថម្ភ១៥ដុល្លារអាមេរិកសម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល៧ថ្ងៃដល់១០ថ្ងៃ, ៣០ដុល្លារអាមេរិក សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១១ថ្ងៃ ដល់ ២០ថ្ងៃ និង៤០ដុល្លារអាម៉េរិក សម្រាប់ការព្យួរកិច្ចសន្យា ការងាររយៈពេលចាប់ពី ២១ថ្ងៃ ដល់ ១ខែ។

 


សូមបញ្ជាក់ថា កន្លងមកសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមកញ្ចប់ថវិកាចំនួន ៨០០-២០០០លានដុល្លារ រួចជាស្រេច ដើម្បីទប់ទល់នូវវិបត្តិកូវីដ១៩ រយៈពេលវែង ។ ក្នុងចំណោមវិធានការជាច្រើន ប្រមុុុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានស្នើឲ្យគ្រប់ស្ថាប័នទាំងអស់ត្រូវកាត់បន្ថយការចំណាយ៥០ភាគរយលើកលែងតែក្រសួងចំនួនបី គឺក្រសួងការបរទេស ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងពាណិជ្ជកម្ម ដែលត្រូវកាត់បន្ថយចំនួន២៥ភាគរយ។ ការធ្វើបែបនេះ នាំឲ្យរដ្ឋាភិបាលអាចប្រមូលថវិការបានចំនួន៤០០លានដុល្លារ ដើម្បីជួយលើផ្នែកសុខាភិបាល រោងចក្រ និងកម្មករកម្មការនី៕

អត្ថបទ៖ សំ ជំនាញ     រូបភាព៖ និន សុខលី
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024