ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

«ជីផាត» តំបន់ធ្លាប់រងការបំផ្លាញធនធានធម្មជាតិធ្ងន់ធ្ងរ ប្រែក្លាយជាសហមគន៍អេកូទេសចរណ៍

១៤ កក្កដា ២០២០ | ព័ត៌មានជាតិ

ប្រជាពលរដ្ឋនៃសហគមន៍ជីផាត ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង បានប្រែក្លាយជីវភាពពីការចូលព្រៃ ដើម្បីបរបាញ់សត្វ និងកាប់ឈើ មកជាអ្នកបម្រើសេវាអេកូទេសចរណ៍វិញ។ អ្នករស់នៅទីនោះ ឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០០៧ តំបន់នេះ គឺជាកន្លែងបំផ្លាញធនធានធម្មជាតិធ្ងន់ធ្ងរមួយ ប៉ុន្តែបច្ចុប្បន្ន តំបន់នោះ បានក្លាយជាសហមគន៍អេកូទេសចរណ៍មួយដ៏ស្រស់ស្អាត និងមានទាក់ទាញឡើងវិញ។

 


ប្រជាពលរដ្ឋក្នុងតំបន់នេះធ្លាប់តែចូលព្រៃបរបាញ់សត្វ និងកាប់ទន្ទ្រានព្រៃឈើ ឥលូវពួកគាត់បានប្រែក្លាយជាអ្នកម្រើសេវាទេសចរណ៍ដូចជា បដិសណ្ឋារកិច្ចភ្ញៀវ ផ្ទះស្នាក់ ម្ហូបអាហារ សេវាទូក ម៉ូតូឌុប និងចូលព្រៃ និងការប្រកបរបរផ្សេងៗទៀត ដើម្បីបំពេញតម្រូវការភ្ញៀវទេសចរ។ នេះបើតាមការឲ្យដឹងពីលោក ទូច សុផាន់នី ប្រធានគម្រោងសហគមន៍អេកូទេសចរណ៍ជីផាត នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។


សហគមន៍ជីផាត មានចំនួន៤ភូមិ និងមានប្រជាជនសរុប៦៣៣គ្រួសារ ក្នុងនោះចំនួន៣៣២គ្រួសារ បានចុះកិច្ចព្រមព្រៀងចូលជាសហគមន៍អេកូទេសចរណ៍ ដោយបញ្ឈប់ការបរបាញ់សត្វ និងកាប់ព្រៃឈើ ហើយដើរតួនាទីជាអ្នកការពារធនធានធម្មជាតិ។

 


អ្នកស្រី កុយ ឡាយ អ្នកផ្តល់សេវាផ្ទះស្នាក់ក្នុងសហគមន៍ជីជាត បានឲ្យដឹងថា គ្រួសាររបស់គាត់រស់នៅទីនេះជាង២០ឆ្នាំមកហើយ។ កាលមករស់នៅដំបូង អ្នកស្រីបានអះអាងថា តំបន់នេះមានការកាប់ឈើ ចាប់សត្វព្រៃយ៉ាងអាណាធិបតេយ្យ។ តែក្រោយមកចាប់តាំងពីសហគមន៍ទេសចរណ៍កកើតឡើង អ្នកស្រីបានចូលជាសមាជិក ហើយមានជីវភាពល្អប្រសើរជាងមុន។

 


សូមជម្រាបថា សហគមន៍ជីផាត មានតំបន់អេកូទេសចរណ៍ ដូចជា៖ ស្ទឹងព្រាត់ ទឹកធ្លាក់អូរម្លូ ទឹកវេតឆាយខ្ពស់ ទឹកធ្លាក់អូរស្រឡៅ វាលប្រាក់ ពាងបុរាណ ម្ឈូសបុរាណ ត្រពាំងគិត ត្រពាំងថ្ម ដំណាក់ខូស អូស្បត រោងប្រចៀវជាដើម ក្នុងចំណោមតំបន់ការពារធម្មជាតិក្នុងខេត្តកោះកុងចំនួន ១០កន្លែង លើផ្ទៃដីសរុបជាង១លានហិកតា។

 


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានបង្ហាញការជឿជាក់ថា ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ អាចបញ្ឈប់បាននូវការកាប់ឈើ និងបរបាញ់សត្វព្រៃតទៅទៀត។ ឯកឧត្តមបានបញ្ជាក់ថា ភាពជោគជ័យនៅជីផាតអាចជាគំរូសម្រាប់យកទៅអនុវត្តនៅសហគមន៍ការពារធនធានធម្មជាតិផ្សេងៗទៀត ដើម្បីប្រែក្លាយតំបន់ការពារធម្មជាតិឲ្យទៅជាតំបន់អេកូទេសចរណ៍ ដោយបង្កើតចំណូលដល់ប្រជាពលរដ្ឋ និងឲ្យពួកគាត់ចូលរួមការពារបរិស្ថាន និងធនធានធម្មជាតិយូរអង្វែង៕

អត្ថបទ៖ អឿន ភារ៉ា     រូបភាព៖ សុខ ពិសិដ្ឋ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024