ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤

រដ្ឋមន្ត្រីអប់រំ ប្រាប់អ្នកប្រឡងឌីប្លូម និងបាក់ឌុប ឱ្យគោរពវិន័យ និងសុចរិតភាព

១៤ កក្កដា ២០២០ | ព័ត៌មានជាតិ

បើទោះបីជាវិស័យសិក្សាឆ្នាំនេះ បានរងផលប៉ះពាល់ជាទូទៅ ដោយសារជំងឺកូវីដ ១៩ ក្តី ក៏រដ្ឋមន្ត្រីក្រសួងអប់រំ បានប្រកាសថា ការប្រឡងឌីប្លូម និងបាក់ឌុប ឆ្នាំនេះ នៅតែប្រព្រឹត្តទៅក្រោមស្មារតីថា «ចេះ គឺជាប់» ដដែល។ ហេតុនេះ រដ្ឋមន្ត្រីអប់រំ បានប្រាប់អ្នកប្រឡងថា សូមគោរពវិន័យប្រឡង ឱ្យបានខ្ជាប់ខ្ជួន។

 


ចូរបេក្ខជនទាំងអស់ មេត្តាចងចាំថា ការប្រឡងសញ្ញាមបត្រធ្យមសិក្សាបឋមភូមិ ឬ ឌីប្លូម និង ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប នៅឆ្នាំនេះ ក៏មិនខុសពីបណ្តាប៉ុន្មានឆ្នាំកន្លងមកនេះដែរ គឺអ្វីៗនៅតែប្រព្រឹត្តទៅក្រោមស្មារតីថា ចេះគឺជាប់ ដដែល ហេតុនេះ សូមអ្នកប្រឡងទាំងអស់ រក្សាឱ្យបាននូវវិន័យសណ្តាប់ធ្នាប់  គុណតម្លៃការការប្រឡង និង កិត្តិគុណ នៃ វិស័យអប់រំនៅកម្ពុជា ។ នេះគឺជាគ្លីបវិដេអូអំពាវនាវរបស់ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡា ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុក របស់ក្រសួងអប់រំយុវជន និង កីឡា ។

 


គប្បីរំឭកថា ក្នុងសេចក្តីប្រកាសរបស់ក្រសួងអប់រំ កាលពីប៉ុន្មានថ្ងៃមុននេះ បញ្ជាក់ថា យោងតាមលក្ខណៈបច្ចេកទេស ក្រសួងអប់រំយុវជន និង កីឡា មិនអាចរៀបចំការប្រឡងតាមអនឡាញ បានក៏ពិតមែន ប៉ុន្តែក្រសួងអប់រំអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សារដ្ឋ និង គ្រឹះស្ថានសិក្សាឯកជន ដែលបានបង្រៀនតាម អនឡាញ រៀបចំការប្រឡង សញ្ញាមធ្យមសិក្សាបឋមភូមិ ឬ ឌីប្លូម និង មធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប  រយៈពេល ២ ថ្ងៃ ដោយរៀបចំក្នុង ១ បន្ទប់ សម្រាប់ត្រឹមតែបេក្ខជន ១៥ ទៅ ២០ នាក់ ដោយត្រូវអនុត្តឱ្យបានខ្ជាប់ខ្ជួន ទៅតាមវិធានការសុវត្ថិភាពសុខភាព របស់ក្រសួងសុខាភិបាល និង វិធានការរបស់អង្គការសុខភាពពិភពលោក WHO ហើយថាក្រសួងអប់រំ នឹងសហការ និង ចុះអធិការកិច្ច ដើម្បី ធានានូវគុណភាពតាមស្តង់ដារ នៃ ការប្រឡងទាំងនោះ ។


ចំពោះកាលបរិច្ឆេទ នៃការប្រឡងវិញ ត្រូវបានឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បញ្ជាក់បន្ថែមប្រាប់ PNN តាមតេឡេហ្ក្រាម នៅថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២០ ថា គ្រឹះស្ថានសិក្សានានា ត្រូវដាក់ពាក្យស្នើសុំ ទៅក្រសួងអប់រំ ដើម្បីក្រសួងពិនិត្យ និងទទួលស្គាល់៕

អត្ថបទ៖ ខឿន សាឃាង      រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024