ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

រដ្ឋមន្រ្តីក្រសួងការងារ ចាត់ទុកគ្រឹះស្ថានបណ្តុះបណ្តាល ដើរតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម និងលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា

១៣ កក្កដា ២០២០ | ព័ត៌មានជាតិ

ក្នុងជំនូបពិភាក្សាជាមួយសមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេស និងវិជ្ជាជីវៈ រដ្ឋមន្ត្រីក្រសួងការងារចាត់ទុកថា វិទ្យាសា្ថនអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈទាំងអស់ កំពុងដើរតួនាទីយ៉ាងសំខាន់ និងជាដៃគូមិនអាចខ្វះបានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការជួយលើកកម្ពស់វិស័យការងារ អប់រំ និងធនធានមនុស្ស ដែលរហូតមកដល់ពេលនេះ មានធនធានមនុស្សជាច្រើន បានកើតចេញពីវិទ្យាស្ថានក្នុងប្រទេសកម្ពុជា ជាពិសេសបានបង្ហាញនូវលទ្ធផលជាក់ស្តែងទាំងបរិមាណ និងគុណភាព។ 

 


ជាមួយគ្នានោះរដ្ឋមន្ត្រីការងារបានសន្យានឹងរកពេលវេលាណាមួយសមរម្យ ដើម្បីចុះជួបផ្តល់កម្លាំងចិត្តដោយផ្ទាល់ដល់វិទ្យាស្ថានទាំងអស់ ដែលបានកំពុងតែបិទសាលាបណ្តុះបណ្តាលរបស់ខ្លួនមួយរយៈកន្លងមកនេះ ដែលកំពុងរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ ជាសកលនេះ។ វិទ្យាស្ថានអាចទៅមុខបានអាស្រ័យទៅលើស្ថានភាពជំងឺសកលមួយនេះបានធូរស្រាល ប៉ុន្តែបច្ចុប្បន្នទាំងប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ ដែលធ្វើឱ្យមានបញ្ហាប្រឈមលើទីផ្សារ សេដ្ឋកិច្ច និង ទេសចរណ៍។  


ក្រសួងការងារក៏កំពុងពិនិត្យលទ្ធភាពបើករោងជាងជាមុនសិន ដែលយើងបានកំពុងធ្វើការស្នើសុំ រង់ចាំការសម្រេចពីរាជរដ្ឋាភិបាល។ រាល់សំណើរបើកឱ្យដំណើរការឡើងវិញ ចំពោះវិទ្យាស្ថានដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង និងជ្រើសរើសនិស្សិតឱ្យចូលរៀនវិញ ក្រសួងការងារនឹងដាក់ស្នើបន្តទៅសុំការសម្រេចពីរាជរដ្ឋាភិបាល។

 


សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មានសាលាបច្ចេកទេស និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន៣៩ ស្ថិតក្រោមក្រសួងការងារ ខណៈនៅរាជធានីភ្នំពេញមានសាលាបណ្ដុះបណ្ដាលធំៗចំនួន ៨ ដែលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ជំនួសអោយការសិក្សានៅតាមមហាវិទ្យាល័យនានា។ ទោះបីជាយ៉ាងណា កម្ពុជាបច្ចុប្បន្ននៅខ្វះអ្នកបច្ចេកទេសជាច្រើន ដើម្បីឲ្យសង្គមកម្ពុជាឆ្ពោះទៅចក្ខុវិស័យឆ្នាំ ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់ គឺលុះត្រាតែវិនិយោគទៅលើការអប់រំបច្ចេកទេស វិជ្ជាជីវៈចាប់ពីពេលនេះតទៅដើម្បីធានាថាកម្ពុជានឹងមានអ្នកបច្ចេកទេសបំពេញទៅតាមតម្រូវការទីផ្សារការងារ។

 


ឯកឧត្ដម ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការបានជម្រុញអោយសាលាបណ្ដុះបណ្ដាលទាំងអស់ធ្វើទំនើបកម្ម តាមបែបប្រព័ន្ធឌីជីថល តាមរយៈការអប់រំ បណ្តុះបណ្តា បច្ចេកទេស វិជ្ជាជីវៈ និងជាឧបករណ៍ក្នុងការប្រមែប្រមូលធនធានមនុស្សឱ្យមកជុំគ្នា។ ប៉ុន្តែក្នុងដំណាក់កាលនេះសំខាន់បំផុតនោះគឺការផ្ទេរចំណេះដឹងតាមអនឡាញ ដែលជាយន្តការមួយអាចដោះស្រាយបញ្ហារបស់វិទ្យាស្ថាន និងសាលារៀនបាន៕

អត្ថបទ៖ សំ ជំនាញ រូបភាព៖ និន សុខលី

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024