ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

សមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេស និងវិជ្ជាជីវៈស្នើសុំដំណើរការឡើងវិញ ចំពោះវិទ្យាស្ថានក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ

១៣ កក្កដា ២០២០ | ព័ត៌មានជាតិ

នៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយសមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេស និងវិជ្ជាជីវៈ ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ មានប្រសាសន៍ចាត់ទុក វិទ្យាសា្ថនអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ពិតជាបានដើរតួនាទីសំខាន់ណាស់ និងជាដៃគូមិនអាចខ្វះបានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការជួយលើកកម្ពស់វិស័យការងារ អប់រំ និងធនធានមនុស្ស ។

 


ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេសនិងវិជ្ជាជីវៈ បានបង្ហាញពីវឌ្ឍនភាពរបស់សមាគមក្នុងរយៈពេលជិត២ឆ្នាំកន្លងមកនេះ ក្នុងការចូលរួមនូវសកម្មភាពសង្គម ក៏ដូចជាបង្ហាញពីបញ្ហាប្រឈមមួយចំនួន ដែលសមាគមនេះបានជួបប្រទះ និងស្នើសុំឱ្យមានការបើកឱ្យដំណើរការឡើងវិញ ចំពោះវិទ្យាស្ថានដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង និងស្នើសុំជ្រើសរើស និស្សិតឱ្យចូលរៀនវិញដោយអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលនិង ក្រសួងការងារ ។ 


ដោយសារតែសមាជិក នៃសមាគម កំពុងជួបនូវបញ្ហាថ្លៃជួលអគារសិក្សា ក៏ដូចជាចំណាយផ្សេងៗ ក្នុងកិច្ចដំណើរការ របស់វិទ្យាស្ថាន ជាពិសេសការផ្តល់សេវានានារបស់ខ្លួនក្នុងដំណាក់កាលនៃវិបត្តិជាសកលនេះ ។

 


ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី លើកឡើងថា
អ្វីដែលអាចធ្វើឱ្យវិទ្យាស្ថានអាចទៅមុខបានអាស្រ័យទៅលើស្ថានភាពនៃកូវីដ១៩នេះ ថាតើបានធូរស្រាលកម្រិតណា ព្រោះបច្ចុប្បន្នវាកំពុងតែវាយលុកបណ្តាប្រទេសជាច្រើន ទាំងប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ ដែលធ្វើឱ្យមានបញ្ហាប្រឈមលើទីផ្សារ សេដ្ឋកិច្ច និង ទេសចរណ៍។ 


ឯកឧត្តមរដ្ឋមន្ត្រី សុំការយោគយល់ពីស្ថាបនិកទាំងអស់នៃសាលា-វិទ្យាស្ថាន ក៏ដូចជាគ្រឹះស្ថានសិក្សានានា ដែលរាជរដ្ឋាភិបាលបានសម្រេចផ្អាកនាពេលនេះ ដើម្បីបញ្ចៀសពីការចម្លងនៅក្នុងសហគមន៍របស់យើង ប៉ុន្តែយ៉ាងណាសម្រាប់វិស័យអប់រំ យើងបានបើកជា៣ដំណាក់កាល ដំណាក់កាលទីមួយ គឺបើកសាលាណាដែលមានសុវត្ថិភាព អនាម័យខ្ពស់ រួមមានកូនមន្រ្តីទូត កូនអ្នកជំនួញ រឺអ្នកវិនិយោគ បានរៀនសូត្រនៅកម្ពុជា ហើយក៏កំពុងពិនិត្យលទ្ធភាព បើកជំហានទី២ និងទី៣ជាបន្តបន្ទាប់ ជាពិសេសក៏កំពុងពិនិត្យលទ្ធភាពបើករោងជាងជាមុនសិន ដែលយើងបានកំពុងធ្វើការស្នើសុំ រង់ចាំការសម្រេចពីរាជរដ្ឋាភិបាល។

 


 រាល់សំណើរ របស់សមាជិកនៃសមាគម ឯកឧត្តមរដ្ឋមន្រ្តី បានទទួលយក និងដាក់ស្នើបន្តទៅសុំការសម្រេចពីរាជរដ្ឋាភិបាល។ ប៉ុន្តែក្នុងដំណាក់កាលនេះសំខាន់បំផុតនោះគឺការផ្ទេរចំណេះដឹងតាមអនឡាញ ដែលជាយន្តការមួយអាចដោះស្រាយបញ្ហារបស់វិទ្យាស្ថាននិងសាលារៀនបាន ព្រោះថាកូវីដ១៩អាចនឹងនៅតែបន្តយូរអង្វែង ដោយមកដល់ពេលនេះមិនទាន់មានប្រទេសណាមួយ បង្ហាញវ៉ាក់សាំងព្យាបាលពិតប្រាកដនោះនៅឡើយទេ។ 


គួរបញ្ជាក់ថា ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ(TVET) ចំនួន៩ បានព្រមព្រៀងគ្នាបង្កើតសមាគមនេះឡើង និងបានចុះបញ្ជីនៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ក្នុងគោលបំណងសម្របសម្រួលកិច្ចការបណ្តុះបណ្តាលរបស់គ្រឹះស្ថានឧត្តមសិក្សា ព្រមទាំងចែករំលែក ផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានឧត្តមសិក្សានានា៕


រូបភាព និងប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024