ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

សុផា លីនដា និងគូស្នេហ៍ ចាប់ដៃគ្នាបើកជំនួញ ក្រោយមើលចិត្តគ្នា១ឆ្នាំ

១៣ កក្កដា ២០២០ | កម្សាន្ដ

តារាសម្តែង និងជាពិធីការនី កញ្ញា សុផា លីនដា ថ្មីៗនេះ បានប្រកាសបើកដំណើរការជាផ្លូវការអាហារដ្ឋានថ្មីយីហោ «ខ្ទះពុះ» នៅម្តុំក្រោយសាលាវ៉ាន់ដាក្រោមវត្តមានភ្ញៀវជាច្រើនកុះកររួមទាំងអ្នកសិល្បៈផងដែរ។


អ្វីគួរឲ្យចាប់អារម្មណ៍ ក្នុងថ្ងៃដំណើរការសាកល្បងកាលសប្ដាហ៍មុន តារាស្រីរូបនេះ បានប្រកាសឲ្យដឹងថា ជំនួញនេះជាការរួមគ្នាបង្កើតឡើងរបស់នាងជាមួយគូស្នេហ៍។ 
ក្នុងថ្ងៃដដែរនោះ គេឃើញបុរសស្រស់សង្ហា វ័យជាង៣០ឆ្នាំម្នាក់បានបង្ហាញវត្តមានក្នុងនាមជាចុងភៅ និងអ្នកគ្រង់គ្រងហាង ដែលតារាស្រីរូបនេះដាច់ចិត្តទម្លាយឲ្យដឹងថាគឺជាគូស្នេហ៍របស់នាង។ 

 


លីនដា រៀបរាប់ថា នាងបានស្គាល់កម្លោះម្ចាស់បេះដូង ប្រមាណ១ឆ្នាំមកហើយ ហើយពេលនេះអាចថាច្បាស់លាស់ជាមួយគ្នាទើបសម្រេចចិត្តថាដាក់ទុនទាំងស្នេហា និងទាំងការងាររួមគ្នានៅពេលនេះ ដោយឡែកដំណឹងរៀបការថ្ងៃណានោះ តារាស្រីរូបនេះនៅមិនទាន់គិតដល់នៅឡើយ។ 


យ៉ាងណាមិញ ស្រីស្រ់សោភានេះ មិនបានបញ្ជាក់ពីទំហំទឹកប្រាក់នៃការបើកដំណើរការសាកល្បងជំនួញលើកដំបូងអំឡុងកូវី១៩នេះឡើយ គ្រាន់តែនាងថា ការបើកមុខរបរក្នុងដំណាក់កាលនេះគឺអាចលំបាកបន្តិចសម្រាប់ផ្លូវចិត្ត ប៉ុន្តែក្រោយសង្កេតឃើញពីសន្ទុះនៃការគាំទ្រនាងពិតជារំភើបចិត្ត ដែលនាងបញ្ជាក់ថាគ្រោងពង្រីកសាខាហាង ហើយក៏មានគម្រោងលក់ឈ្មោះBrand បន្តសម្រាប់អ្នកចង់បើកបន្តផងដែរ។

 


គួររំលឹកថា សុផា លីនដា ជាតារាសម្តែង បង្ហាញម៉ូត និងពិធីការិនីល្បីឈ្មោះម្នាក់ក្រោយប្រឡូកក្នុងសិល្បៈអស់ជាច្រើនឆ្នាំ។ នាងឲ្យដឹងថា នាងនឹងនៅតែបន្តការងារសិល្បៈដូចធម្មតា បើទោះបីជាពេលនេះនាងមានមុខជំនួញក្នុងដៃបន្ថែមក៏ដោយ គ្រាន់តែអាចកាត់បន្ថយខ្លះៗតាមភាពជាក់ស្តែង។

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា  

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024