ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ថៃ នឹងចុះហត្ថលេខាលើពិធីសារជំរុញនាំចេញផ្លែជាមួយចិន

១៣ កក្កដា ២០២០ | សេដ្ឋកិច្ច

ថ្មីៗនេះ គណៈរដ្ឋមន្ត្រីថៃ បានសម្រេចអនុម័តលើសំណើចុះហត្ថលេខាលើពិធីសារក្នុងការដាក់ឲ្យនៅដាច់ដោយឡែក និងការត្រួតពិនិត្យផ្លែឈើនាំចេញនាំចូលតាមរយៈប្រទេសទី៣ រវាងប្រទេសថៃ និងចិន ក្នុងគោលដៅបង្កើនការដឹកជញ្ជូនផ្លែឈើចេញចូលរវាងប្រទេសទាំងពីរ។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានឲ្យដឹងថា ពិធីសារនេះ នឹងអនុញ្ញាតឲ្យថៃ នាំចេញផ្លែឈើតាមរយៈប៉ុស្តិ៍ច្រកព្រំដែនចិនជាច្រើនទៀត ហើយអ្នកនាំចេញថៃ ក៏អាចប្រើប្រាស់ផ្លូវដឹកជញ្ជូននេះដើម្បីដោះស្រាយបញ្ហា និងសម្រួលដល់ការដឹកជញ្ជូនផងដែរ។


តាមកាសែតបាកកប៉ុស្ដិ៍បានបញ្ជាក់ថា ពិធីសារនេះ នឹងត្រូវចុះហត្ថលេខាជាផ្លូវការដោយក្រសួងកសិកម្ម និងកិច្ចសហប្រតិបត្តិការថៃ ជាមួយនឹងរដ្ឋបាលទូទៅគយចិន បន្ទាប់ពីមានការធូរស្បើយនៃការរីករាលដាលនៃមេរោគឆ្លងកូវីដ-១៩។


ប្រទេសថៃ នាំចេញផ្លែឈើតាមរយៈប៉ុស្ដិ៍ច្រកពំដែនចិនចំនួន ៤ គឺ ម៉ូហាន, យ៉ូអ៊ីក័ន, ដុងឈីង និងភីងហ្សាំង។

 


ការផ្ទុះរាលដាលនៃមេរោគ បានបង្ខំឲ្យការឆ្លងកាត់ព្រំដែនចិន និងវៀតណាម ក័ងឈីបានបិទទ្វារ ដែលបានបណ្ដាលឲ្យការដឹកជញ្ជូនផ្លែឈើតាមរថយន្ដ រួមទាំងដឹកពីប្រទេសថៃទៅផងនោះ ត្រូវដឹកបន្តទៅតាមច្រកព្រំដែនយ៉ូឈីក័នវិញ ហើយការកកស្ទះទំនិញតាមព្រំដែននេះ វាក៏បានធ្វើឲ្យខូចផ្លែឈើជាច្រើនផងដែរ។
បើតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា កាលពីឆ្នាំ២០១៩ ចិន បានទិញផ្លែឈើស្រស់ ផ្លែឈើក្លាសេ និងដំណាប់ផ្លែឈើពីប្រទេសថៃ ប្រមាណ ជាង៥៧% ដែលបានផ្ដល់នូវចំណូលទឹកប្រាក់សរុបប្រមាណ២ពាន់លានដុល្លារអាមេរិក។


សមាគមអ្នកជួញដូរ និងអ្នកនាំចេញផ្លែឈើស្រស់របសថៃ បានព្យាករថា តម្លៃនាំចេញផ្លែឈើនឹងមានសន្ទុះងើបឡើងវិញ យ៉ាងហោចណាស់១០% នៅឆ្នាំនេះ  ដែលកើនឡើងពី ៣៦០០ លានដុល្លារអាមេរិក កាលពីឆ្នាំមុន ដោយសារតែតម្រូវការអន្តរជាតរួមទាំងពីប្រទេសចិនផងនោះ នៅតែមានច្រើន បើទោះបីជាមានការផ្ទុះរាលដាលនៃមេរោគរាតត្បាតក៏ដោយចុះ៕


អត្ថបទ៖ ចាន់ ភារម្យ 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024