ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

យូរី ដឹកដៃ ប៊ីម៉ូ ចេញពីផលិតកម្ម !

១៣ កក្កដា ២០២០ | កម្សាន្ដ

តារាចម្រៀងកញ្ញា យូរី និងដៃគូលោក ប៊ីម៉ូ ទើបតែង្ហើបថាខ្លួននឹងចាប់ដៃគូថ្មីជាមួយតារាចម្រៀងថ្មីម្នាក់ មិនបានប៉ុន្មានសប្តាហ៍ផង ពេលនេះនាងបែរជាប្រកាសថា នាងបានចាកចេញពីផលិតកម្ម សាន់ដេ ក្រោយពីបញ្ចប់កុងត្រា ដោយមិនទាន់ដឹងថា នាងនឹងចូលផលិតកម្មណាមួយពិតប្រាកដនៅឡើយទេ ។

 

ទីបំផុតតារាចម្រៀងសិចស៊ីសាច់សខ្ចី យូរី បានចេញបទចម្រៀងថ្មីមួយទៅតាមការប្រកាសរបស់ខ្លួនយ៉ាងពិតប្រាកដ ដោយបទចម្រៀងនោះមានចំណងជើងថា « Bae »។ ប៉ុន្តែបទចម្រៀងនោះមិនបានចេញនៅក្នុងផលិតកម្ម សាន់ដេ ឡើយ រហូតធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ហើយម្នាក់ៗគិតថា យូរី បានចាកចេញពីផលិតកម្មចាស់ ដែលធ្លាប់ផ្តល់ភាពកក់ក្តៅចំពោះនាងអស់ពេលជាង ៧ ឆ្នាំ ។

 

 

យូរី មិនបានបញ្ជាក់ប្រាប់អំពីការដើរចេញពីផលិតកម្ម សាន់ដេ នោះទេ ដោយនាងបានលើកឡើងយ៉ាងខ្លីថា នាងនឹងបន្តកុងត្រាជាមួយផលិតកម្ម សាន់ដេ ទៀតទេក្រោយពីបញ្ចប់កុងត្រាក្នុងពេលឆាប់ៗនេះ ។

 

ជាមួយគ្នានេះផងដែរ យូរី បានប្រកាសបង្ហាញពីដៃគូចម្រៀងថ្មី ព្រមទាំងត្រៀមចេញនូវបទចម្រៀងថ្មីៗជាច្រើនសម្រាប់អ្នកគាំទ្ររបស់ខ្លួន តែនាងនៅពុំទាន់បង្ហាញប្រាប់អំពីទ្រនំបន្ទប់ ដែលនាងនឹងសាងកេរ្តុ៍ឈ្មោះឡើងនោះទេ ដើម្បីទុកឱ្យមានការភ្ញាក់ផ្អើល ។ 

 

បើតាមគម្រោងបទចម្រៀងថ្មីរបស់ យូរី និងចេញជាផ្លូវការនៅក្នុងខែ សីហា នាពេលប៉ុន្មានសប្តាហ៍ខាងមុខ ។

 

 

ទោះបីជាតារាចម្រៀងសិចស៊ី យូរី ប្រកាសដូច្នេះក្តី នាងនៅពុំបានបោះបង់ដៃគូចាស់ដ៏ល្អរបស់ខ្លួនចោលឡើយ ពោលនាងនៅតែបន្តចាប់ដៃគូចាស់របស់ខ្លួនគឺលោក ប៊ីម៉ូ ដូចដើម គ្រាន់តែឆាប់ៗនេះ នាងត្រៀមចាប់ដៃគូថ្មីសិន ដើម្បីបង្កើនប្រជាប្រិយភាព ។

 

គួររំលឹកផងដែរថា តារាចម្រៀង យូរី បានលេចធ្លោខ្លាំងនៅក្នុងបទចម្រៀង « សង្សារមួយថ្ងៃសង្សារមួយជីវិត » « ចាក់ទឹកដូង » « នំប៉័ងប៉ាតេ » ហើយចុងក្រោយចុងក្រោយនេះនាងលេចធ្លោខ្លាំងជាមួយបទចម្រៀង « ជិះចាន » « ស្នេហ៍ប្រុសចាស់ » និងបទ « ធំម៉េស » ដែលជាញឹកញាប់នាងតែងតែលើកបទចម្រៀងទាំងនោះមកបកស្រាយរាល់ពេលឡើងកម្មវិធីតន្រ្តីម្តងៗ ៕

 


អត្ថបទ ៖ ម៉ា រីសា 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024