ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ទំហំឥណទាន និងប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារ នៅតែរក្សាកំណើនវិជ្ជមាននៅពាក់កណ្ដាលឆ្នាំ២០២០

១៣ កក្កដា ២០២០ | សេដ្ឋកិច្ច

បើទោះបីជានៅរយៈ ពេល ៦ខែដំបូងនៃឆ្នាំ២០២០នេះការរីករាលដាលនៃកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងដំណំដល់សេដ្ឋកិច្ចរបស់ពិភពលោក រួមទាំងកម្ពុជាផងក៏ដោយ ប៉ុន្ដែ បើយើងមើលទៅលើស្ថានភាពប្រព័ន្ធធនាគារនៅកម្ពុជា ក្នុងឆមាសទី១ នៃឆ្នាំ២០២០នេះ ឃើញថានៅតែរក្សាបាននូវកំណើនវិជ្ជមានដោយក្នុងនោះ ឥណទានអតិថិជនកើនឡើងជិត២០% ដែលមានទំហំទឹកប្រាក់ជាង៣៤ពាន់លានដុល្លារ ខណៈដែលប្រាក់បញ្ញើអតិថិជនវិញបានកើនឡើងជាង១២% ដែលមានទំហំទឹកប្រាក់៣០ពាន់៥០០លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ នៃឆ្នាំ២០២០ របស់ធនាគារជាតិនៃកម្ពុជា។


របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញទៀតថា ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើនជាង១៧% ដែលមានទំហំទឹកប្រាក់ជាង៥៤ពាន់លានដុល្លារអាមេរិក។ ជាមួយក្នានេះ ចំនួនគណនី ដាក់ប្រាក់បញ្ញើមានការកើនឡើងដល់ទៅ ៨លាន២សែនគណនី កើនឡើង ២០% និងអតិថិជនខ្ចីប្រាក់វិញបានកើនដល់ ៣លាន២សែនគណនី កើន ១៣%។


បើយើងក្រលេកទៅមើលឥណទានគ្រឹះស្ថានធនាគារតាមវិស័យសេដ្ឋកិច្ច នៅក្នុងឆមាសទី១ នៃឆ្នាំ២០២០នេះ គឺការផ្ដល់ទៅកាន់វិស័យការជួញដូររាយមានចំណែកធំជាងគេរហូតដល់ ១៥% ការឲ្យកម្ចីទិញផ្ទះ ជាកម្មសិទ្ធិផ្ទាល់ខ្លួនមាន ១២% ការលក់ដូរដុំមាន១១% និងសំណង់ មាន៩% ខណៈដែលការផ្ដល់ទៅក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមាន ៧%។

 
ដោយឡែក ចំពោះការផ្ដល់ឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតាមវិស័យសេដ្ឋកិច្ចវិញ គឺការផ្ដល់កម្ចីទៅកាន់ ក្រុមគ្រួសារមានជាង៣៦% កសិកម្ម មានជាង១៨% ពាណិជ្ជកម្ម និងជំនួញ ជាង១៨% និងវិស័យសេវាកម្មមានជិត១៥%។ 

 


បើតាមរបាយការណ៍ពីធនាគារជាតិបបង្ហាញថា មកទល់ពេលនេះ ចំនួនធនាគារពាណិជ្ជមានចំនួន ៥១ ធនាគារឯកទេសមានចំនួន ១៤, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើមានចំនួន ៦ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើមាន៧៦ ខណៈដែលលគ្រឹះស្ថានឥណទានជនបទមាន២៤៦ និងក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុមាន១៥ក្រុមហ៊ុន។ 


គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២០នេះដែរ ក៏មានគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុចំនួន ៦ ហើយដែលបានចូលទៅស្វែងរកប្រភពទុនក្នុងផ្សារមូលប្រកម្ពុជាតាមរយៈការបោះផ្សាយលក់មូលបត្រ។ ក្នុងនោះ មានគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុចំនួន ៥ គឺបានបោះផ្សាយលក់មូលបត្របំណុល និងមានធនាគារមួយទៀត គឺលក់ជាបណ្ណកម្មសិទ្ធិ ឬហៅថាភាគហ៊ុន៕ 


អត្ថបទ៖ ចាន់ ភារម្យ 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024