ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

កម្ពុជានិងកូរ៉េប្រកាសប្តេជ្ញារួមគ្នាក្នុងការពន្លឿនដំណើរចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

១៣ កក្កដា ២០២០ | សេដ្ឋកិច្ច

នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ អនឡាញកាលពីម្សិលមិញរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងបានប្តេជ្ញារួមគ្នាពន្លឿនដំណើរការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគីជាមួយគ្នាឲ្យបានកាន់លឿនបំផុត ដើម្បីឆាប់ទទួលបាន ផលចំនេញពីការធ្វើពាណិជ្ជកម្មជាមួយគ្នា ខណៈបច្ចុប្បន្នទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរស្ថិតនៅក្នុងកម្រិតតិចតួចនៅឡើយ។

 

ឯកឧត្តម សៀង ថៃ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា ស្ថិតនៅឱកាសនៃការចាប់ផ្តើមបើកការចរចារលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េខាងត្បូងកាលពីថ្ងៃទី៩ កក្កដា កន្លងទៅនេះ រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរបានបង្ហាញឆន្ទៈរួមគ្នាក្នុងការពន្លឿនដំណើរការចរចារនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឲ្យបានកាន់តែឆាប់ ដើម្បីឲ្យការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរមានទំហំកើនឡើងកាន់តែច្រើនថែមទៀត ខណៈកាលពីឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មប្រទេសទាំងសម្រេចបានត្រឹមតែជាង១ ពាន់លានដុល្លារ។


 
ឯកឧត្តមសៀង ថៃបញ្ជាក់ទៀតថា រដ្ឋមន្រ្តីពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានបង្ហាញជំហរសុទិដ្ឋិនិយមនិងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ ដែលបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលពឹងផ្អែកលើគោលការណ៍ច្បាប់ និងជាពិសេសដើម្បីជួយស្តារសេដ្ឋកិច្ចឡើងវិញឱ្យបានឆាប់រហ័សបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។

 


តាមការសិក្សាបានបង្ហាញថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង នឹងក្លាយជាកាតាលីករជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយ បង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគ បង្កើនផលិតផលក្នុងស្រុកសរុប ផ្តល់ផលប្រយោជន៍ដល់អ្នកប្រើប្រាស់ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននៃប្រទេសទាំងពីរ។


សូមជម្រាបថា កាលពីឆ្នាំ២០១៩ កន្លងទៅតទំហំពាណិជ្ជកម្មកម្ពុជា និងកូរ៉េខាងត្បូងសម្រេចបានប្រមាណជាង ១ពាន់លានដុល្លាអាមេរិក មានការកើនឡើង ២៥៤ភាគរយ ធៀបនឹងឆ្នាំ២០០៩ ដែលមានទំហំប្រមាណ ២៩១លានដុល្លាអាមេរិក ដែលគិតជាមធ្យមទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើង ប្រមាណ ១៥ ភាគរយក្នុងមួយឆ្នាំ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ៕


 អត្ថបទ ស៊ឺន សុន 
 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024