ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

ឧបនាយករដ្ឋមន្រ្តីថៃព្រមានពីព្យុះភ្លៀងសេដ្ឋកិច្ច បក់បោកមកលើប្រទេសថៃ នៅឆមាសទី ២

១០ កក្កដា ២០២០ | សេដ្ឋកិច្ច

លោក សោមគីត ចតុស្រីបិតក ឧបនាយករដ្ឋមន្រ្តីថៃ បានបញ្ជាក់ថា គ្រប់ប្រទេសទាំងអស់ សុទ្ធតែជួបប្រទះបញ្ហាសេដ្ឋកិច្ច ដោយសារតែវិបត្តិកូវីដ១៩ ដូច្នេះហើយ លោកចង់បញ្ជាក់ឲ្យច្បាស់ពី ស្ថានការណ៍ដ៏លំបាកនេះ គឺយើងត្រូវតែជួយគ្នាទៅវិញទៅមក ដើម្បីរស់នៅឲ្យបានប្រសើរជាងមុន នៅក្នុងឆមាសទី ២នេះ។


ឧបនាយករដ្ឋមន្រ្តីថៃ បន្ត ព្យុះភ្លៀងសេដ្ឋកិច្ច នឹងបក់បោកទៅលើ គ្រប់ប្រទេសទាំងអស់ មិនមែនគ្រាន់តែប្រទេសថៃ តែមួយនោះទេ ព្រោះគ្រប់គ្នា សុទ្ធតែបានចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ កាលពីឆមាសទី ១ ហើយវាបានជះឥទ្ធិពលអាក្រក់ដល់ សេដ្ឋកិច្ចជាតិយ៉ាងពិតប្រាកដ។


ប្រធានផ្នែកស្រាវជ្រាវនៃ ធនាគារ CIMB Thai បានលើកឡើងស្រដៀងគ្នាដែរថា នៅក្នុងឆមាសទី ២នេះ សេដ្ឋកិច្ចថៃ នឹងងើបឡើងវិញ ក្នុងល្បឿនយឺតបំផុត ដោយត្រូវរង់ចាំមើលពី កត្តាក្នុងស្រុក ដូចជា កញ្ចប់ថវិកាជួយសង្គ្រោះជាតិ អត្រាការប្រាក់នៅធនាគារកណ្តាល និងកត្តាក្រៅស្រុក ដូចជា ទំនាក់ទំនងក្នុងវិស័យទេសចរ និងការនាំចេញ-នាំចូលទំនិញ ដែលពាក់ព័ន្ធនឹងវិបត្តិជម្លោះសេដ្ឋកិច្ចសកលរវាង អាមេរិក និងចិន។


ដោយឡែក បើតាមការព្យាករណ៍ពី ធនាគារកណ្តាលថៃ គឺថា GDP ថៃ អាចនឹងធ្លាក់ចុះប្រមាណ ៨.១% នៅក្នុងឆ្នាំ ២០២០នេះ ដែលតួលេខនេះ អន់ខ្សោយជាងការព្យាករណ៍ជាផ្លូវការរបស់ បណ្តាប្រទេសនានា ក្នុងតំបន់អាស៊ី។


ក្រុមហ៊ុនមូលបត្រ Asia Plus Securities ដែលមានប្រតិបត្តិការនៅក្នុងវិស័យមូលបត្រថៃ បានបង្ហាញពីការព្យាករណ៍របស់ខ្លួនដែរថា GDP របស់ថៃ ក្នុងឆ្នាំ ២០២០នេះ ទំនងនឹងធ្លាក់ចុះ ៧.៨% ហើយការនាំចេញទំនិញសរុប ក៏ធ្លាក់ចុះ ១០%ផងដែរ។

 


ជាចុងក្រោយ ក្រុមប្រឹក្សានាវាជាតិរបស់ថៃ ក៏បានទម្លាក់ការព្យាករណ៍ពី ការនាំចេញទំនិញរបស់ថៃ នៅក្នុងឆ្នាំ ២០២០នេះ គឺអាចនឹងធ្លាក់ចុះ ១០% ដោយសារតែ ការចុះខ្សោយនៃអំណាចទិញ និងដៃគូពាណិជ្ជកម្មសំខាន់ៗ មានសេដ្ឋកិច្ចចុះអន់ខ្សោយដូចគ្នាដែរ ហើយចំពោះឆមាសទី ២នេះ ការនាំចេញទំនិញរបស់ថៃ នឹងមានលទ្ធអវិជ្ជមានជារៀងរាល់ខែ តែម្តង៕


អត្ថបទ៖ ងួន សុភ័ត្រ្តា


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024