ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

វៀតណាមអាចនឹងបង្កើនកម្រិតបំណុលសាធារណៈ២ ទៅ៣ភាគរយបន្ថែមទៀត ដើម្បីរុញសេដ្ឋកិច្ចឲ្យស្ទុះងើបឡើងវិញ

១០ កក្កដា ២០២០ | សេដ្ឋកិច្ច

តាមសារព័ត៌មាន VN Express បានឲ្យដឹងថា ថ្លែងនៅក្នុងកិច្ចប្រជុំកាលពីពេលថ្មីៗនេះ លោកក្វៀន សៀនហ្វុក នាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាម បានបញ្ជាក់ថា ក្រសួងហិរញ្ញវត្ថុ គួរតែចរចាខ្ចីប្រាក់ពីធនាគារពិភពលោក និងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ដើម្បីយកមកស្ដារសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញ។


ការស្វែងរកប្រាក់កម្ចីបន្ថែមនេះ អាចនឹងធ្វើឲ្យបំណុលសាធារណៈរបស់វៀតណាមកើនឡើងប្រមាណ២ ទៅ៣% បន្ថែមទៀត ពីលើកម្រិតបំណុលនាពេលបច្ចុប្បន្នមាន៥៧% ទៅ៥៨% នៃផលិតផលក្នុងស្រុកសរុប។ ប៉ុន្ដែ វានៅតែស្ថិតនៅក្នុងគម្លាតនៃកម្រិតបំណុលសាធារណៈដែលសភាជាតិវៀតណាមបានកំណត់សម្រាប់ឆ្នាំ២០១៦-២០២០ ឲ្យមាននៅត្រឹម៦៥% ប៉ុណ្ណោះនៃ ផលិតផលក្នុងស្រុកសរុប ។


នាយករដ្ឋមន្ត្រីវៀតណាមបាននិយាយថា ការស្ដារលើកស្ទួយឲ្យសេដ្ឋកិច្ចមានសម្ទុះងើបឡើងវិញ បន្ទាប់ពីមានការរាតត្បាតនៃមេរោគ គឺជាបញ្ហាបន្ទាន់មួយ និងជាគោលនយោបាយដែលគួរតែត្រូវបានជំរុញការចំណាយ ការវិនិយោគ និងការនាំចេញ។ លោកបន្ថែមថា ប្រាក់កម្ចីទាំងនេះ អាចនឹងយកទៅប្រើប្រាស់សម្រាប់ជាកញ្ចប់មូលនិធិគាំទ្រសម្រាប់ពលរដ្ឋដែលរងផលប៉ះពាល់ព្រោះតែមេរោគរាតត្បាត។


រដ្ឋាភិបាលវៀតណាមកាលពីពេលថ្មីៗនេះ បាននិយាយថា បំណុលសាធារណៈរបស់ខ្លួនអាចនឹងមានដល់៥៦,៤% នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំនេះ ប្រសិនបើផលិតផលក្នុងស្រុកសរុបកើន ៣,៦% ។ បំណុលសាធារណៈវៀតណាមគិតត្រឹមឆ្នាំ២០១៩ មានប្រមាណ៥៤,៧% នៃផលិតផលក្នុងស្រុកសរុប។

 


លោក ង្វៀន សៀនហ្វុក បន្ថែមថា វិធានការសំខាន់មួយទៀត ដើម្បីជំរុញកំណើន គឺការផ្ដល់មូលនិធិជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA)។ ទោះយ៉ាងណា អាជ្ញាធរមូលដ្ឋានកំពុងប្រឈមនឹងបញ្ហាក្នុងការប្រើប្រាស់មូលនិធិជំនួយអភិវឌ្ឍន៍ផ្លូវការនេះ។ ជាក់ស្ដែង បើតាមការ អះអាងរបស់លោក ផាម ប៊ិញ មិញ បានឲ្យដឹងថា នៅរយៈពេល៦ខែមកនេះ មានខេត្តនិងក្រុងចំនួន២២ មិនអាចចំណាយប្រាក់ជំនួយមូលនិធិនេះ ទៅតាមគោលដៅដែលបានផ្ដល់ឲ្យនោះទេ បើទោះបីជាប្រទេសវៀតណាមមានគម្រោងនឹងចំណាយប្រហែល២ពាន់៦០០លានដុល្លារអាមេរិក នៅឆ្នាំនេះក៏ដោយ។


កំណើនផលិតផលក្នុងស្រុកសរុបរបស់វៀតណាមនៅពាក់កណ្ដាលឆ្នាំ២០២០នេះ បានធ្លាក់ចុះមកនៅកម្រិតទាបក្នុងរយៈពេល១០ឆ្នាំ គឺមានកំណើនតែជាង១,៨% ប៉ុណ្ណោះ។ កាលពីឆ្នាំមុន វៀតណាមមានកំណើនសេដ្ឋកិច្ច៧,០២% ដែលជាកំណើនខ្ពស់បំផុតទី២ ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះបន្ទាប់ពីកំណើនដែលធ្លាប់មានខ្ពស់បំផុត៧,០៨% នៅឆ្នាំ២០១៨៕ 


អត្ថបទ៖ ចាន់ ភារម្យ 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024