ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

សកម្មភាពដោះដូរវិស័យអចលនទ្រព្យកម្ពុជានៅតែដំណើរការទិញដូរជាធម្មតា

១០ កក្កដា ២០២០ | សេដ្ឋកិច្ច

អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាបានអះអាងថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា ចាប់ផ្តើមមានសន្ទុះងើបឡើងវិញជាបណ្តើរៗជាមួយនឹងសកម្មភាពទិញដូរបានបង្ហាញពីកំណើនគួរឲ្យកត់សម្គាល់ បើទោះបីជាជំងឺកូវីដ១៩នៅបន្តមានក៏ដោយចុះ តែនេះក៏ជាឱកាសសម្រាប់អ្នកត្រូវការទិញអចលនទ្រព្យល្អៗ គឺអាចទិញបានក្នុងតម្លៃក្រោមទីផ្សារទៀតផង។


លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ីភីអិលបានប្រាប់ភីអិនអិនថា បើទោះបីកម្ពុជាពេលនេះកំពុងស្ថិតនៅក្នុងវិបត្តិកូវីដ១៩ ក៏ដោយ តែសកម្មភាពទិញដូរអចលនទ្រព្យនៅកម្ពុជាពេលនេះនៅតែមានការទិញដូរជាធម្មតាពិសេសគឺអលនទ្រព្យល្អៗតែម្តង។


លោកឧកញ៉ាបញ្ជាក់ថា វិបត្តិកូវីដ ១៩ ជាបញ្ហា ប៉ុន្តែវាក៏ជាឱកាសសម្រាប់អ្នកវិនិយោគដែលកំពុងត្រូវការអចលនទ្រព្យល្អ អាចស្វែងរកទិញបានងាយស្រួល  និងមានតម្លៃស្ថិតនៅក្រោមតម្លៃទីផ្សារផង ដែលនិន្នាការនៃតម្រូវការអចលនទ្រព្យប្រភេទនេះកំពុងមានសកម្មភាល្អ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈពេលខ្លីដោយសារឥទ្ធិពលនៃជំងឺកូវីដ ១៩។ លោកឧកញ៉ាបន្តថា អចលនទ្រព្យដែលស្ថិតនៅក្រោមតម្លៃ៧ ម៉ឺនដុល្លារទៅ១០ម៉ឺនដុល្លារការទិញដូរនៅតែមានសកម្មភាពច្រើនដូចមុន។

 

លោកឧកញ៉ាចេង ខេង បានឲ្យដឹងទៀតថា ថ្មីៗនេះភ្នាក់ងាររបស់ពួកលោកចាប់ផ្តើមរវល់ជាមួយនឹងការងារផ្តល់សេវាកម្មឡើងវិញ ប៉ុន្តែចំពោះវិនិយោគធំៗមកពីបរទេសនៅមិនទាន់មានច្រើននោះឡើយ អ្វីដែលជាសកម្មភាពទិញលក់ច្រើនក្នុងអំឡុងខែឧសភានេះគឺភាគច្រើនបំផុតជាវិនិយោគទុនក្នុងស្រុក។

 


យ៉ាងណាក៏ដោយចុះ បើទោះបីជាវិស័យអលនទ្រព្យមានសកម្មភាពដោះដូរមានភាពមមាញឹក ឡើងវិញបន្តិចនៅពេលនេះក៏ពិតមែន តែលោកឧកញ៉ា នៅតែអះអាងថា សកម្មភាពទិញដូរនេះក៏នៅតែតិចជាងឆ្នាំទៅមិញដដែលចន្លោះពី២០ ទៅ៣០ភាគរយ។ លោកឧកញ៉ាបន្ថែមថា សកម្មភាពទិញ លក់ អចលនទ្រព្យស្ថិតនៅក្នុងកម្រិតប៉ុណ្នឹងនៅតែអាចចាត់ទុកធម្មតាសម្រាប់ទីផ្សារអចលនទ្រព្យកម្ពុជា ខណៈនៅប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ាន និងអាមេរិកវិញពេលនេះកំពុងស្ងប់ស្ងាត់ និងបើធៀបមកកម្ពុជា វិញ កម្ពុជាជាប្រទេសស្ថិតក្នុងចំណាត់ថ្នាក់ល្អជាងគេ៕


អត្ថបទ ស៊ឺន សុន


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024