ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ការនាំចេញទាំងមូលរបស់កម្ពុជានៅតែរក្សាបានភាពវិជ្ជមាន បើទោះបីការនាំចេញវិស័យកាត់ដេរថយចុះក្ដី

១០ កក្កដា ២០២០ | សេដ្ឋកិច្ច

ឯកឧត្តម វង្ស៊ី វិស្សុតរដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា បើទោះបីជានៅ៥ ទៅ៦ខែនៃឆ្នាំ២០២០នេះ ការនាំចេញផលិតផលកាត់ដេរមានការធ្លាក់ចុះបន្តិចក៏ដោយចុះ ប៉ុន្ដែបើមើលទៅលើការនាំចេញផលិតផលមិនមែនកាត់ដេរ ដូចជាកង់ អង្ករ និង គ្រឿងបង្គុំអេឡិចត្រូនិក គឺមានការកើនឡើង ដូច្នេះហើយវាបានជំរុញឲ្យការនាំចេញទាំងមូលរបស់កម្ពុជានៅតែរក្សាបាននូវភាពវិជ្ជមាននៅរយៈពេល៥ខែដើមឆ្នាំនេះ។


ឯកឧត្តម ហេង សួរអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានលើកឡើងថា គិតមកទល់នឹងពេលនេះ មានរោងចក្រកាត់ដេរប្រមាណជាង៤៥០ រោងចក្រហើយ បានព្យួរការងារ និងមានកម្មករកម្មការិនីប្រមាណជាង១៣ម៉ឺននាក់បានប៉ះពាល់ការការ។ កត្តានេះ បានធ្វើឲ្យការនាំចេញនៃវិស័យកាត់ដេរ បានធ្លាក់ចុះពីចំនួនជាង ៤ពាន់លានដុល្លារ កាលពីឆមាសទី១ឆ្នាំ២០១៩ មកនៅត្រឹមតែជិត៣ពាន់៨រយលានដុល្លារអាមេរិកប៉ុណ្ណោះ នៅឆមាសទី១ឆ្នាំ២០២០នេះ ពៅលគឺធ្លាក់ចុះប្រមាណ៥,៤%។


ហេតុផលដែលនាំឲ្យការនាំចេញនៃវិស័យកាត់ដេរថយចុះនេះ ត្រូវបានអ្នកនាំពាក្យក្រសួងការងារអះអាងថា ដោយសារតែផលប៉ះពាល់នៃជំងឺកូវីដ-១៩ ដែលធ្វើឲ្យមានការលុបចោលការបញ្ជាទិញពីក្រៅប្រទេស ហើយមិនមែនតែកម្ពុជាទេ ដែលរងនូវបញ្ហាធ្លាក់ចុះនេះ នៅបណ្ដាប្រទេសផ្សេងទៀត ដូចជាវៀតណាម និងបង់ក្លាដេសក៏ជួបនូវបញ្ហានេះដូចគ្នាដែរ។

 


តាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការងារនៅពាក់កណ្ដាលឆ្នាំ២០២០នេះ រោងចក្រកាត់ដេរ ដែលបានបិទទ្វារលែងដំណើរការមានចំនួន៨៣រោងចក្រហើយ ខណៈដែលកាលពីឆ្នាំ២០១៩ រោងចក្របិទទ្វារមានចំនួន៧៥រោចក្រ។ មន្ត្រីនាំពាក្យក្រសួងការងារអះអាងថា បើកុំតែមានគោលនយោបាយលើកទឹកចិត្ត និងការសម្របសម្រួលពីសំណាក់រាជរដ្ឋាភិបាលទេនោះ ចំនួននៃការបិទរោងចក្រនៅឆមាសទី១នៃឆ្នាំនេះ គឺអាចនឹងមានការកើនឡើងច្រើនជាងនេះទៀត។


តាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបង្ហាញថា ក្នុងឆ្នាំ២០១៩ កន្លងទៅ ការនាំចេញទំនិញសរុបរបស់កម្ពុជាសម្រេចបានក្នុងទំហំទឹកប្រាក់សរុបជាង១៤ពាន់៥០០លានដុល្លារអាមេរិក កើនឡើងប្រមាណ ១៥% ធៀបនឹងឆ្នាំ២០១៨។ រីឯការនាំចូលនៅឆ្នាំ២០១៩ មានក្នុងទំហំទឹកប្រាក់ប្រមាណ២០ពាន់៥០០លានដុល្លារអាមេរិក កើនឡើងជាង២១%៕


អត្ថបទ៖ ចាន់ ភារម្យ 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024