ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

កុំកុំ ក្ដោបតំណែងធំក្នុងភាពយន្តហូលីវូដថ្មីអំពីស្ដេចគ្រឿងញៀន

០៩ កក្កដា ២០២០ | កម្សាន្ដ

តារាភាពយន្តចិន Donnie Yen ឬត្រូវបានទស្សនិកជនភាគច្រើនស្គាល់ថា កុំកុំ នឹងកាន់កាប់តំណែងតួឯក និងជាផលិតករម្នាក់ក្នុងភាពយន្តឧក្រិដ្ឋកម្មហូលីវូដថ្មីមានចំណងជើងថា "Golden Empire"។ នៅក្នុងភាពយន្តថ្មីនេះ តួរឿង “Ip Man” នឹងសម្ដែងជាតួស្ដេចគ្រឿងញៀនដែលជាមុខសញ្ញាប្រមាញ់ធំបំផុតរបស់ប៉ូលីសអាមេរិក និងប៉ូលិសម៉ិកស៊ិក។


គ្រោងថតនៅសហរដ្ឋអាមេរិក ភាពយន្ត “Golden Empire” នឹងជាការសហការផលិតរវាង កុំកុំ និងនាយកប្រតិបត្តិក្រុមហ៊ុន Starlight Media គឺលោក Peter Luo ដែលធ្លាប់ត្រូវបានទទួលស្គាល់សម្រាប់ស្នាដៃផលិតនិងដឹកនាំខ្សែភាពយន្តល្បីៗដូចជារឿង "Scary Stories to Tell in the Dark" និង “Crazy Rich Asians” ជាដើម។

 


ផ្អែកតាមការបញ្ជាក់របស់លោក Peter Luo “Golden Empire” នឹងជាខ្សែភាពយន្តសង្គ្រាមគ្រឿងញៀននិយាយភាសាអង់គ្លេសដំបូងបង្អស់ដែលមានតារាអាស៊ីជាតួឯក និងត្រូវបានចាក់បញ្ចាំងសម្រាប់ទស្សនិកជនទូទាំងពិភពលោក ជាមួយការត្រៀមវាយលុកទីផ្សារអាស៊ី អាមេរិចខាងជើង និងអាមេរិកខាងត្បូង។


គួររំឭកថាកន្លងមក តារាក្បាច់គុនវ័យ ៥៦ឆ្នាំកុំកុំក៏ធ្លាប់បានបង្ហាញមុខក្នុងភាពយន្តហូលីវូដធំៗមួយចំនួនដែរ ដូចជាភាពយន្ត “Star Wars វគ្គ Rogue One” ភាពយន្ត "XXX: Return of Xander Cage" ជាមួយ Vin Diesel និងភាពយន្តធំមួយទៀតដែលត្រៀមចាក់បញ្ចាំងគឺភាពយន្ត “Mulan” របស់ Disney ៕

 


ប្រែសម្រួល៖ វ៉ាន់ថន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024