ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ខេម ចាន់ ថា ធន់ អៀនឡៃ ល្អគ្រប់គ្រឿង តែខ្លួនត្រូវការឈ្នះនៅភីអិនអិន ថ្ងៃអាទិត្យនេះ

០៩ កក្កដា ២០២០ | កីឡា

អ្នកប្រដាល់គុនខ្មែរទម្ងន់ស្រាលជួរមុខ ខេម ចាន់ អះអាងថា ខ្លួនបានបង្កើនការហ្វឹកហាត់ជាងមុនទ្វេដង ដើម្បីពង្រឹងសមត្ថភាព រួមទាំងសម្រួចបច្ចេកទេសបន្ថែម សម្រាប់ជំនួបតតាំងអ្នកប្រយុទ្ធជំហថ្ម ធន់ ធៀនឡៃ ជាលើកដំបូង ក្នុងកម្មវិធី “អធិរាជគុនខ្មែរ ISI PALM-ISI PIPE” នៅភីអិនអិន នាថ្ងៃអាទិត្យ  ទី១២ ខែកក្កដា ចុងសប្ដាហ៍នេះ។ 

 


ប្រាប់ភីអិនអិន នៅក្លិបហ្វឹកហាត់ កាលពីថ្ងៃទី០៦ ខែកក្កដា ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម Kickboxing រូបនេះ រៀបរាប់ថា ធន់ អៀនឡៃ ជាអ្នកប្រដាល់មួយរូប រឹងមាំ ហើយមានស្នៀតប្រយុទ្ធល្អគ្រប់គ្រឿង ប៉ុន្តែខ្លួននឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីដណ្ដើមជ័យជម្នះ លើការប្រកួតនេះ។ 

 


«សម្រាប់ការត្រៀមខ្លួនប្រកួតនៅ ភីអិនអិន ថ្ងៃអាទិត្យ នេះ គឺខ្ញុំបានត្រៀមខ្លួនពេញ។ សប្ដាហ៍មុននេះ ខ្ញុំអត់ប្រកួត គឺហ្វឹកហាត់ត្រៀមសម្រាប់សប្ដាហ៍នេះ។ ដៃគូខ្ញុំ គឺ ធន់ អៀនឡៃ។ ខ្ញុំអត់ដែលប្រកួតជាមួយគាត់ទេ ឃើញតែគាត់ប្រកួត។ កីឡាករគាត់ គឺល្អគ្រប់គ្រឿង ហើយគាត់ធន់ស៊ុហ្វ។ មួយរយៈនេះ ឃើញគាត់ល្អ គាត់ប្រកួតឈ្នះរហូត។ សម្រាប់ខ្ញុំ គឺត្រៀមហ្វឹកហាត់ច្រើនជាងមុន។ អត់អីទេ សម្រាប់ខ្ញុំគឺធម្មតា សំខាន់នៅលើសង្វៀន។ គាត់ល្អដៃ ល្អទាត់ ល្អជង្គង់ និយាយទៅ ល្អស្មើគ្នាតែម្ដង។ សម្រាប់ខ្ញុំ អត់ទាន់ប្រកួតចឹង អត់ទាន់ដឹងច្បាស់ទេ ព្រោះកីឡាករយើងល្អផ្សេងៗគ្នា។ ជួនកាល ពេលយើងឡើងប្រកួតទៅ មានគាំងនេះគាំងនោះ។ សម្រាប់ខ្ញុំ ប្ដេជ្ញាស្ដារមុខមាត់ និងរក្សាកំណត់ត្រាឈ្នះបន្តទៀត នៅភីអិនអិន»។ 


សិស្សគុនរួមក្លិបម្ចាស់ខ្សែក្រវាត់មាស អធិរាជគុនខ្មែរ ISI PALM រដូវកាលទី១ ឡៅ ចិត្រា រូបនេះ បានព្រលយពាក្យទៅ ធន់ អៀនឡៃ ឲ្យខិតខំហ្វឹកហាត់ ហើយខ្លួននឹងខិតខំប្រកួតអស់ពីសមត្ថភាព ដោយមិនយោគយល់ និងបន្ធូរដៃឡើយ នៅលើសង្វៀន សម្រាប់ជំនួបថ្ងៃអាទិត្យនេះ។ 


សូមជម្រាបថា ក្រោយរកឃើញម្ចាស់ខ្សែក្រវាត់មាស រដូវកាលទី២ រួចរាល់ កម្មវិធី “អធិរាជគុនខ្មែរ ISI PALM - ISI PIPE” នៅតែបន្តដំណើរការប្រកួតធម្មតា  ក្នុងនោះក្រៅពីគូមិត្តភាពរវាង ខេម ចាន់ និង ធន់ អៀនឡៃ លើសង្វៀនតែមួយគូឯក ឈឿន ល្វៃ ចូលខ្លួនជម្រះបញ្ជីចាស់នឹង ពុទ្ធ ឆាយរិទ្ធី នាថ្ងៃអាទិត្យ ទី១២ ខែកក្កដា សប្ដាហ៍នេះ។ កាន់តែកក្រើក បើកឆាកជើងឯកម៉ារ៉ាតុនប្រចាំសប្ដាហ៍  រួមមាន ពុទ្ធ ម៉ាណូយ ប្រឈម លន់ សៀកឡេង ខណៈ អេលីត កែវឡុង ប្រជែងកៅអីជាមួយ រឿង សារិទ្ធ ដើម្បីរកអ្នកឈ្នះពីររូប ឡើងវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមប្រាក់លាន និងមេដាយមាស ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ភីអិនអិន ហ្វេសប៊ុក PNN Sports និង ISI STEEL ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ៕

អត្ថបទ និងរូបភាព៖ នូ ពៅ
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024