ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ប្រធានសីដក់ ចាត់ទុកសមាសភាពអាណត្តិថ្មី ឆ្នាំ ២០២០-២០២៤ ជាកម្លាំងស្នូលដ៏សំខាន់

០៩ កក្កដា ២០២០ | កីឡា

ប្រធានសហព័ន្ធកីឡាសីដក់ និងសីឈិនឡូនកម្ពុជា ឯកឧត្តម មាស សារិន បានបង្ហាញសុទិដ្ឋនិយមខ្ពស់ថា សមាភាពដែលត្រូវបានជ្រើសរើសមកចូលរួមដឹកនាំសហព័ន្ធកីឡាសីដក់ និងសីឈិនឡូនអាណិត្តថ្មី ឆ្នាំ២០២០-២០២៤ សុទ្ធតែជាបុគ្គលដែលមានលទ្ធភាព និងសមត្ថភាពខ្ពស់ អាចជួយឱ្យកីឡាមួយនេះរីកចំរើនទ្វេរដងបានទៅថ្ងៃមុខ។

 


បើតាមឯកឧត្តម មាស សារិន ក្បាលម៉ាស៊ីនទាំង ២១រូបនេះ សុទ្ធសឹងតែជាបុគ្គលដែលមានសមត្ថភាពដឹកនាំ ចេះធ្វើការងារបច្ចេកទេស និងមានទ្រព្យសម្បត្តិផ្ទាល់ខ្លួន អាចជួយទ្រទ្រង់សហព័ន្ធបានយូរអង្វែង។


«ក្នុងយុទ្ធសាស្ត្ររបស់យើង ហេតុអីបានជាយើងជ្រើសរើសយកសមាជិក និងអ្នកដឹកនាំច្រើនម្ល៉េះ ក្នុងអាណត្តិថ្មីនេះ គឺដល់ទៅ២១រូប? តាមពិតពួកគេសុទ្ធតែជាអ្នកដែលត្រូវមកជួយយើង។ យើងត្រូវការអ្នកណាដែលអាចបូជាពេលវេលាឱ្យយើង ជាពិសេសអ្នកដែលមានធនធានអាចជួយយើង។ ដូចយើងដឹងហើយ បើយើងធ្វើកម្មវិធីអីមួយអត់មានលុយ ធ្វើម៉េចនឹងកើត? អ៊ីចឹងសន្និបាតយើងអនុម័តរើសសមាជិកនេះ គឺសុទ្ធតែជាកម្លាំងស្នូលដ៏សំខាន់សម្រាប់ជួយយើង»។

 


អាណត្តិទី ៦នេះ សហព័ន្ធកីឡាសីដក់ និងសីឈិនឡូនកម្ពុជា ក៏នឹងបន្ថែមវិញ្ញាសាប្រកួតមួយចំនួនទៀតដែរ។ បើតាមការគូសបញ្ជាក់ ឯកឧត្តម មាស សារិន ក្នុងឆ្នាំ២០២០នេះ សហព័ន្ធនឹងបង្កើតក្រុមសីដក់លើឆ្នេរខ្សាច់ និងក្រុមជម្រើសជាតិសីដក់នារីផងដែរ។

 


គួរបញ្ជាក់ថា ក្បាលម៉ាស៊ីនដឹកនាំ និងសមាជិកប្រតិបត្តិទាំង ២១រូប នៃសហព័ន្ធកីឡាសីដក់ និងសីឈិនឡូនកម្ពុជាអាណត្តិទី៦ ឆ្នាំ ២០២០-២០២៤ មានដូចជា៖ ឯកឧត្តមបណ្ឌិត មាស សារិន ជាប្រធាន,  ឯកឧត្តម អ៊ឹង ផល្លា លោកជំទាវ លឹម ម៉ារីណែត លោក ឯក ហៀង ឧកញ៉ា ញ៉ែម វុទ្ធា លោក ទុយ ប៊ុនហឿន អ្នកស្រី សូរ៉ាន់ ដេត លោក ជាតិ ខេមរា លោក វ៉ា គ្រី ជាអនុប្រធាន រួមនឹងសមាជិក១២រូបផ្សេងជាអគ្គលេខាធិការ អគ្គលេខាធិការង និងសមាជិក៕

អត្ថបទ និងរូបភាព៖ ងិន មករា

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024