ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

មន្រ្តី សូមឱ្យប្រុងប្រយ័ត្នជំងឺគ្រុនឈាម ចំពោះកុមារ

០៩ កក្កដា ២០២០ | ព័ត៌មានជាតិ

សូមមាតាបិតាអាណាព្យាបាល និង អ្នកពាក់ព័ន្ធទាំងអស់ដែលធ្វើការជាមួយកុមារ ដូចជានៅតាមមណ្ឌលកុមារជាដើម ទីទៃពីបន្តការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ ១៩ ទៅ ក៏មេត្តា ប្រុងប្រយ័ត្នខ្ពស់ផងដែរ ចំពោះជំងឺគ្រុនឈាម ធ្វើយ៉ាងណា ឱ្យកុមារមានសុវត្ថិភាពពីជំងឺគ្រុនឈាម ព្រោះពេលនេះ គឺជារដូវភ្លៀងធ្លាក់ ។ នេះគឺជាការសំណូមពរក្រើនរំឭករបស់លោកជំទាវ ញ៉េប សុភាព អគ្គលេខាការធិការក្រុមប្រឹក្សាជាតិ ដើម្បី កុមារ ។

 


សូមជម្រាបថា ដើមឆ្នាំ ២០២០ នេះ គ្រុនឈាមនៅទូទាំងប្រទេសមានចំនួន ជាង ៣ ១០០ ករណី ស្លាប់ ២ ករណី ហើយមូលហេតុ នៃ ការស្លាប់ទាំង ២ ករណីនេះ គឺសុទ្ធតែដោយសារការយឺតយ៉ាវ នៃ ការយកអ្នកជំងឺទៅមន្ទីរពេទ្យរដ្ឋ ។ នេះបើតាមការឱ្យដឹងរបស់លោកវេជ្ជបណ្ឌិត លាង រិទ្ធី នាយកកម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺឆ្លង ប៉ារ៉ាស៊ីតសាស្ត្រ និង បាណកសាស្ត្រ ដែលបានប្រាប់ PNN នៅថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២០ នេះ ។

 


ហេតុនេះ លោកវេជ្ជបណ្ឌិត លាង រិទ្ធី បានសំណូមពរយ៉ាងទទូចថា នៅពេលមានអ្នកណាម្នាក់ក្តៅខ្លួនចាប់ពី ៣៧ , ៥ អង្សាឡើងទៅ សូមប្រញាប់យកពួកគេទៅមន្ទីរពេទ្យរដ្ឋកុំឱ្យហួសពី ២៤ ម៉ោង ហើយត្រូវចៀសវាងដាច់ខាត កុំព្យាយាមរកការព្យាបាលដោយខ្លួនឯង ដោយរួមទាំងការផ្សំថ្នាំនៅតាមគ្លីនិកជាដើម ដែលគ្មានវេជ្ជបញ្ជាត្រឹមត្រូវ ពុំនោះទេ គេអាចនឹងគ្រោះថ្នាក់ដល់អាយុជីវិតដោយសារតែជំងឺគ្រុនឈាម ដូចជា ២ ករណីខាងលើនេះស្រាប់ ។

 


គ្រុនឈាម កើតឡើងដោយសារមូសខ្លាញីខាំ ហើយបើតាមលោកវេជ្ជបណ្ឌិត លាង រិទ្ធី ជំងឺគ្រុនឈាម មាន ៤ ប្រភេទ ។ ចំពោះអ្នកដែលធ្លាប់កើតជំងឺគ្រុនឈាម ម្តងហើយ ក៏អាចកើតជំងឺគ្រុនឈាមម្តងទៀតដែរ ប្រសិនបើត្រូវមូសខ្លាញីខាំម្តងទៀត ។ ប៉ុន្តែអ្នកដែលកើតជំងឺគ្រុនឈាម ចាប់ពីលើកទី ២ ទៅ គឺជាប្រភេទគ្រុនឈាមដែលធ្ងន់ធ្ងរ និង គ្រោះថ្នាក់ជាងលើកមុនជាលំដាប់ ។ ក្នុងន័យនេះ អ្នកដែលធ្លាប់កើតជំងឺគ្រុនឈាមម្តងហើយ ត្រូវតែបង្កើនការប្រុងប្រយ័ត្នឱ្យខ្ពស់ជាងមុន ពុំនោះទេ គេអាចប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរជាងលើកមុន ៕

អត្ថបទៈ ខឿន សាឃាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024