ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

មន្ត្រីបរិស្ថាន សុំឱ្យផ្លាស់ប្តូរខ្លួនឯង មិនមែនផ្លាស់ប្តូរធម្មជាតិឡើយ

១៨ សីហា ២០១៧ | ព័ត៌មានជាតិ

អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ឯកឧត្តម ឃុត ចាន់ដារ៉ា បានលើកឡើងថា ជាច្រើនទសវត្សរ៍​មក​ហើយ យើងតែងតែ​អាស្រ័យ​លើ​ប្រភពធនធានធម្មជាតិ និងធ្វើអាជីវកម្មលើធនធានធម្មជាតិ ពី ១ ថ្ងៃ ទៅ ១ថ្ងៃ, ពី ១ឆ្នាំ ទៅ ១ ឆ្នាំ តើយើ​ងគិត​អំពីតុល្យភាព និងនិរន្តរភាព នៃ​ប្រភព​ធនធាន​ធម្មជាតិ​របស់​យើង​ដែរ ឬ ទេ? នេះហើយដែល​យើងបាន និងកំពុង​ផ្លាស់ប្តូរធម្មជាតិ។

 

 

ឯកឧត្តម បន្តថា យើងត្រូវតែផ្លាស់ប្តូរខ្លួនយើងវិញ ដោយធ្វើ​អាជីវកម្ម​លើ​ខួរក្បាល​របស់​យើង បង្កើនភាព​ច្នៃប្រឌិត ភាពឈ្លាសវៃ បូករួមនឹងបច្ចេកវិទ្យាទំនើប ប្រែក្លាយ​តំបន់ធម្មជាតិ ឱ្យទៅជា​តំបន់​ទេសចរណ៍ធម្មជាតិ ដើម្បី​បង្កើនការងារមុខរបរ និងប្រាក់ចំណូល ដល់​ប្រជា​ពលរដ្ឋ។ អនុវត្តបែបនេះ បន្តិចម្តងៗ យើងនឹងមាន​បំណិន​ជីវិត​លើវិស័យទេសចរណ៍ធម្មជាតិ ចូលរួមថែរក្សាធន​ធានធម្មជាតិ និងបង្កើនផលិតភាព​នៃផលិតផល​ក្នុងស្រុក។

 

រូបភាព៖ ឯកឧត្តម ឃុត ចាន់ដារ៉ា។ (រូបភាពពី ហ្វេសប៊ុកក្រសួងបរិស្ថាន)

 

 

ឯកឧត្តម ឃុត ចាន់ដារ៉ា ថ្លែងយ៉ាងដូច្នេះ នាឱកាស ដែលឯកឧត្តមអញ្ជើញជាអធិបតី​ នៃវេទិកាយុវជន​ឆ្នើមថ្នាក់ជាតិ ពិភាក្សាអំពីបញ្ហាបរិស្ថានវគ្គដំបូង ដែលរៀបចំដោយក្រសួងបរិស្ថាន នៅឯមជ្ឈមណ្ឌល​សហ​ប្រតិបត្តិការកម្ពុជាជប៉ុន ហៅកាត់ថា CJCC កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ដែល​មាន​និស្សិត​មកពីគ្រឹះស្ថានឧត្តមសិក្សាធំៗ ចំនួន ១៤ ចូលរួមជជែកដេញដោល។

 

 

ឯកឧត្តម ឃុត ចាន់ដារ៉ា បានបន្ថែមថា រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់​លើការ​ដោះ​ស្រាយបញ្ហាប្រឈមផ្នែកបរិស្ថាន ដើម្បីធានាគុណភាពបរិស្ថាន និងតុល្យភាព នៃប្រព័ន្ធអេកូឡូស៊ី សម្តៅ​លើកកម្ពស់សុខុមាលភាពសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងន័យនេះ រដ្ឋាភិបាល ដែល​មាន​ក្រសួងបរិស្ថាន ជាសេនាធិការ បានចាប់​ផ្តើមធ្វើកំណែទម្រង់​ស៊ីជម្រៅ ក្នុងវិស័យបរិស្ថាន ដូចជា កែ​សម្រួល​ប្រព័ន្ធ​គ្រប់គ្រង បង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ និងផ្ទេរសិទ្ធិគ្រប់គ្រងដីសម្បទាន​សេដ្ឋកិច្ច ​ជាដើម៕

 

ប្រភព៖ PNN News

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024