ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ៥ឆ្នាំចុងក្រោយនេះ ទិន្នផលវារីវប្បកម្មកើនឡើងប្រមាណ ២០% ក្នុងមួយឆ្នាំ

០៨ កក្កដា ២០២០ | សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា បានអះអាងថា ទិន្នផលវារីវប្បកម្មនៅរយៈពេល ៥ឆ្នាំនេះបានកើនឡើងជាមធ្យមប្រមាណ២០% ក្នុងមួយឆ្នាំៗ ដោយជាក់ស្ដែង នៅក្នុងឆ្នាំ២០១៩ ការធ្វើវារីវប្បកម្មបានកើនឡើងដល់ទៅ ជាង៣០ម៉ឺនតោន ហើយតាមផែនការនៅឆ្នាំ២០២៤នេះ នឹងសម្រេចបានដល់ ៧៤ម៉ឺនតោន។

 

ការកើនឡើងនៃការធ្វើវារីវប្បកម្មនៅប៉ុន្មានឆ្នាំចុងក្រោយនេះ គឺកំពុងដើរស្របទៅនឹងទិសដៅរបស់រាជរដ្ឋាភិបាល ដែលនៅឆ្នាំ២០២០ រាជរដ្ឋាភិបាលបាននិងកំពុងដុតដៃដុតជើងជំរុញពលរដ្ឋឲ្យពង្រីកការធ្វើកសិកម្មបន្ថែម ពិសេសគឺការចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផង និងបំពេញតម្រូវការនាំចេញផង ដ្បិតថា តម្រូវការស្បៀងអាហារកំពុងមានការកើនឡើងកាន់តែខ្លាំងនៅឆ្នាំ២០២០នេះ ព្រោះតែមានវិបត្តិមេរោគឆ្លងកូវីដ-១៩កំពុងរីករាលដាល។

 

បើតាមឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា គោលនយោបាយដ៏ចម្បងរបស់រដ្ឋាភិបាលក្នុងការធានាសន្តិសុខស្បៀង ជូនប្រជាពលរដ្ឋនិងកាត់បន្ថយក្នុងការដាក់សំពាធលើធនធានជលផលក្នុងដែនទឹកធម្មជាតិ ការអភិវឌ្ឍវារីវប្បកម្ម គ្រប់រូបភាព និងគ្រប់ទីកន្លែង ត្រូវដាក់ឲ្យអនុវត្តតាមនៅតាមបណ្តាខេត្តនានា។ ជាក់ស្តែង ការអភិវឌ្ឍវារីវប្បកម្មគ្រប់ប្រភេទ នៅឆ្នាំ ២០០៩ អនុវត្តបានត្រឹមតែ ៥ម៉ឺនតោន និងការភ្ញាស់កូនត្រីពូជអនុវត្តបានជាង ៦៩ លានក្បាល តែប៉ុណ្ណោះ។ ប៉ុន្តែមកដល់ឆ្នាំ២០១៩ ការធ្វើវារីវប្បកម្ម បានកើនឡើងរហូតដល់ ជាង៣០ម៉ឺនតោន ក្នុងនោះ ផលចិញ្ចឹមត្រីរ៉ស់ ត្រីឆ្តោ មានចំនួនជាង ៧ម៉ឺនតោនហើយ និងការភ្ញាស់កូនត្រីពូជអនុវត្តបានចំនួន ២២២ លានក្បាល ដែលនេះបញ្ជាក់ឱ្យឃើញថា ទិន្នផលវារីវប្បកម្មកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលរយៈពេល៥ឆ្នាំចុងក្រោយនេះ កំណើនជាមធ្យម២០% ក្នុងមួយឆ្នាំ។

 

 

ឯកឧត្តម វេង សាខុន បានបញ្ជាក់បន្ថែមថា តាមផែនការយុទ្ធសាស្ត្រ គឺក្រសួងកសិកម្មមានគោលដៅដើម្បីសម្រេចបានផលិតផលវារីវប្បកម្មចំនួន ៧៤ម៉ឺនតោន នៅឆ្នាំ២០២៤ ដែលមានកំណើនជាមធ្យម២០% ជារៀងរាល់ឆ្នាំ។

 

យោងតាមសារចរណែនាំ ស្ដីពីការបង្កើនយុទ្ធនាការជំរុញផលិតកម្មកសិកម្ម របស់ក្រសួងកសិកម្មបានឲ្យដឹងថា វិស័យកសិកម្ម ពិតជាត្រូវឈរនៅក្នុងអាទិភាពមួយខ្ពស់ ដើម្បីឆ្លើយតបទៅនឹងបញ្ហា ផ្ទុះរាលដាលនៃកូវីដ-១៩ ដែលកំពុងបង្ករឲ្យមានផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា រួមទាំងពិភពលោកទាំងមូលផងដែរ។ ជាក់ស្ដែង សេដ្ឋកិច្ចកម្ពុជា នឹងមានផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ នេះ ដោយបើតាមការប៉ាន់ស្មានជាបឋមរបស់រាជរដ្ឋាភិបាលគឺសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះអវិជ្ជមាន -១,៩% នៅឆ្នាំ២០២០នេះ។ ក្នុងបរិការណ៍នេះ ការបង្កើនផលិតកម្មស្បៀងអាហារ អង្ករ ត្រី សាច់ ឲ្យបានគ្រប់គ្រាន់ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ គឺជារឿងមួយចាំបាច់បំផុត។

 

 

បន្ថែមពីនេះ ក្រសួងកសិកម្មក៏បាននិងកំពុងរៀបចំធ្វើយុទ្ធនាការជាទ្រង់ទ្រាយធំ ប្រកបដោយប្រសិទ្ធភាព ក្នុងការបំផុសប្រជាកសិករនៅតាមមូលដ្ឋាន ដែលមានសក្ដានុពេលឲ្យធ្វើការដាំដុះ ចិញ្ចឹមសត្វ និងវារីវប្បកម្ម ស្របតាមវិធានការបច្ចេកទេសកសិកម្មទំនើបផងដែរ។

 

ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបញ្ជាក់កាលពីដើមខែកក្កដានេះថា មកទល់ពេលនេះ មានអ្នកដាក់ពាក្យស្នើសុំកម្ចីពីធនាគារអភិវឌ្ឍនជនបទ និងកសិកម្ម ប្រមាណជាង ៣០០ ពាក្យស្នើសុំហើយ។ ក្នុងនោះ បើគិតជាទំហំទឹកប្រាក់សរុបមានប្រមាណ ៣៥ លានដុល្លារ ខណៈដែលកញ្ចប់ថវិកាបម្រុងសរុបមាន ៥០លានដុល្លារ ហើយធនាគារក៏បានអនុម័តផ្ដល់កម្ចីតាមសំណើរសុំទាំងនោះ បានខ្លះៗហើយដែរ ដែលប្រមាណជិត១០លានដុល្លារអាមេរិក៕

 

អត្ថបទ៖ ចាន់ ភារម្យ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024