ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ដ្ឋមន្ត្រីក្រសួងកសិកម្មជំរុញ លើកទឹកចិត្តដល់ វិស័យឯកជនក្នុងការចិញ្ចឹមគន្ធាយ ដើម្បីបង្កើនសមត្ថភាពផលិតក្នុងស្រុក

០៧ កក្កដា ២០២០ | សេដ្ឋកិច្ច

ថ្លែងក្នុងពេលចុះទៅពិនិត្យសិដ្ឋានចិញ្ចឹមកន្ធាយវិហារសួគ៍ ស្ថិតស្រុកខ្សាច់កណ្តាល កាលពីចុងសប្តាហ៍កន្លងទៅឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានមានប្រសាសន៍ថា ការចូលរួមរបស់ផ្នែកឯកជន លើការវិនិយោគលើ វិស័យវារីវប្បកម្ម គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមជាមួយនឹងរដ្ឋាភិបាលដើម្បីបង្កើនបរិមាណផ្គត់ផ្គង់ក្នុងស្រុក និងធានាបានទាំងបរិមាណ គុណភាព និងតម្លៃឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារដែលកំពុងមានកំណើនកាត់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។


ឯកឧត្តមបញ្ជាក់ថា ការចូលរួមពីវិស័យឯកជនក្នុងការវិនិយោគលើវិស័យវារីវប្បកម្ម ពិតជាបានចូលរួមចំណែកបង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន បង្កើនចំណូលក្នុងគ្រួសារ និងកាត់បន្ថយភាពក្រីក្រ ជាពិសេសចូលរួមអនុវត្តតាមគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ស្របតាមអភិក្រម រដ្ឋ ឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍កសិកម្ម។

 


ជាមួយគ្នានេះ ឯកឧត្តមក៏បានជំរុញឲ្យផ្នែកឯកជន ខិតខំបង្កើនការចិញ្ចឹមគន្ធាយឲ្យបានកាន់តែច្រើនផងដែរ ខណៈគន្ធាយគឺជាសត្វងាយចិញ្ចឹម និងមានតម្លៃទីផ្សារខ្ពស់។ ឯកឧត្តមបន្ថែមថា យើងសូមសម្តែងការគាំទ្រចំពោះឆន្ទ:ពង្រីកផ្ទៃដីចិញ្ចឹមកន្ធាយនាពេលអនាគត ដែលវានឹងចូលរួមចំណែកបង្កើនផលិតផលកន្ធាយសម្រាប់ទីផ្សារក្នុងស្រុក និងទិសដៅនាំចេញនាពេលអនាគត។

 


ម្ចាស់សិដ្ឋានចិញ្ចឹមកន្ធាយវិហារសួគ៍ លោក ហេង ម៉ាទីណេ ស្ថិតស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលបានចាប់អាជីពចិញ្ចឹមកន្ធាយតាំងពីឆ្នាំ២០០៣ ហើយបច្ចុប្បន្នក្នុងកសិដ្ឋានលោកមានកន្ធាយ រហូត ៥ម៉ឺនក្បាល ដោយមិនរាប់បញ្ចូលជាមួយដៃគូចិញ្ចឹមនៅតាមបណ្តាខេត្តផងនោះ។ លោកបញ្ជាក់ថា បើទោះបីជាទីផ្សារសត្វគន្ធាយ កំពុងមានតម្រូវការទីផ្សារខ្ពស់ ប៉ុន្តែការចិញ្ចឹមនាពេលនេះបែរជាធ្លាក់ចុះទៅវិញ ដោយសារតែមានការនាំចូលយ៉ាងច្រើនពីប្រទេសជិតខាង ពិសេសប្រទេសវៀតណាម។ លោកបន្តថា តម្លៃគន្ធាយនាំចូលទាបជាគន្ធាយក្នុងស្រុក បានធ្វើឲ្យបរិមាណនៃការចិញ្ចឹមក្នុងស្រុក ធ្លាក់ចុះជាង ៥០ភាគរយនៅក្នុងរតយៈពេលប្រហែល ២ឆ្នាំចុងក្រោយនេះ។

 


យោងតាមលោក ម៉ាទីណេ ជាមធ្យមកន្ធាយដែលយកទៅលក់នៅលើទីផ្សារ គឺមានអាយុ ១ឆ្នាំ ដោយមានទម្ងន់ ១គីឡូក្រាម និងមានតម្លៃ ១០ដុល្លារ។ សម្រាប់គន្ធាយតូចៗ ដែលមានទម្ងន់ក្រោម ១គីឡូក្រាម អាចមានតម្លៃចន្លោះពី ៧-៨ដុល្លារតែប៉ុណ្ណោះ។

 


លោកម៉ាទីណេបានប្រាប់ឲ្យដឹងទៀតថា ក្នុងនាមជាអ្នកចិញ្ចឹម លោកពិតជាចង់ឲ្យរដ្ឋាភិបាល ព្រមទាំងប្រជាកសិកម្មទាំងអស់រួមគ្នាក្នុងការពង្រឹង និងពង្រីកផលិតក្នុងស្រុកឲ្យបានកាន់តែខ្លាំង ដើម្បីបង្កើតឱកាសការងារថ្មីៗ សម្រាប់ប្រជាកសិករ បង្កើនប្រាក់ចំណូល និងកាត់បន្ថយការយកប្រាក់ទៅចំណាយលើផលិតផលបរទេសផងដែរ។ លោកបន្តថា បើតាមការប៉ាន់ស្នាន់ នៅកម្ពុជាក្នុង១ថ្ងៃមានតម្រូវការមិនក្រោម ៤តោននោះទេ ក្នុងនោះ ប្រហែល ៦០ភាគរយត្រូវបាននាំចូលមកពីប្រទេសវៀតណាម៕


អត្ថបទ៖ ស៊ឺន សុន 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024