ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ក្រសួងសេដ្ឋកិច្ច បើកកិច្ចប្រជុំផ្សព្វផ្សាយពីកិច្ចអន្តរាគមន៍ប្រមូលទិញស្រូវ

១៥ សីហា ២០១៧ | សេដ្ឋកិច្ច

ការប្រមូលផលស្រូវនៅអំឡុងខែកក្កដា-សីហា ឆ្នាំនេះ ចាប់ផ្ដើមជួបនឹងបញ្ហាធ្លាក់ថ្លៃគួរឲ្យកត់សម្គាល់ ស្របពេលដែលទន្និផលស្រូវ នៅឆ្នាំ២០១៧-២០១៨ ត្រូវបានគេរំពឹងថា នឹងអាចកើនឡើង ដល់ជាង១០លានតោន។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាធ្លាក់ចុះនៃតម្លៃស្រូវ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកកិច្ចប្រជុំពិភាក្សាជាមួយបណ្ដាស្ថាប័នរដ្ឋ និងឯកជនដែលពាក់ព័ន្ធជាច្រើន ដើម្បីស្វែងរកអន្តរាមន៍ ចំពោះ​បញ្ហា​ស្រូវ​អង្ករ​ សម្រាប់​រយៈពេល​ខ្លី។

 

 

បញ្ហាទីផ្សារស្រូវអង្ករនៅតែជាបញ្ហាដ៏រសើបរបស់រាជរដ្ឋាភិបាលក្នុងការស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ខណៈដែលតម្លៃស្រូវអង្ករនៅកម្ពុជានៅរដូវប្រមូលផលនៃពាក់កណ្ដាលឆ្នាំនេះ បាននឹងកំពុងបន្តធ្លាក់ចុះគួរឲ្យកត់សម្គាល់ ពោលគឺនៅខេត្តមួយចំនួនបានធ្លាក់មកនៅក្រោម ៧បាត ឬប្រមាណតែ ៨០០រៀលប៉ុណ្ណោះ ក្នុង ១គីឡូក្រាម។ ថ្លែងក្នុងកិច្ចពិភាក្សាលើយន្ដការអន្តរាគមន៍នេះ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងពី បទអន្តរាគមន៍ ៥ចំណុច ដើម្បីជាការដោះស្រាយបញ្ហាធ្លាក់ចុះថ្លៃស្រូវអង្ករកម្ពុជា។

 

 

ឯកឧត្តម វង្សី វិស្សុត បន្ថែមថា យន្តការរយៈពេលខ្លីដែលរាជរដ្ឋាភិបាលដាក់ចេញ ដើម្បីរក្សាស្ថិរភាពថ្លៃស្រូវអង្ករនាពេលនេះ មិនបានធ្វើឲ្យឃ្លាតចាកពីគោលការណ៍ រយៈពេលវែង ដែលមានស្រាប់ជាធរមានរបស់រដ្ឋាភិបាលឡើយ ប៉ុន្តែឯកឧត្តម អះអាងថា នេះគឺជាការអន្តាគមន៍ដោយផ្តោតសំខាន់ទៅលើហេដ្ឋារចនាសម្ព័ន្ធ មានឃ្លំាង និងឡសម្ងួតជាដើម ប៉ុន្តែដើម្បីឲ្យសម្រេចបាននូវគោលដៅនេះតម្រូវមានកិច្ចសហការល្អរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន។

 

 

សូមបញ្ជាក់ដែរថា គិតមកត្រឹម ៧ខែឆ្នាំ២០១៧ ការនាំចេញអង្កររបស់កម្ពុជា សម្រេចបានជាង ៣១ម៉ឺនតោន ខណៈដែលកាលពីពេលថ្មីៗនេះ​ ប្រទេសបង់ក្លាដេស ក៏ទើបតែចុះហត្ថលេខាទិញអង្ករពីកម្ពុជាចំនួន ១លានតោន ក្នុងរយៈពេល ៥ឆ្នាំផងដែរ។ ការ​ធ្លាក់​ចុះ​តម្លៃ​អង្ករ​នៅ​លើ​ទីផ្សារ​អន្តរជាតិ ដោយ​សារ​ការ​ប្រកួត​ប្រជែង​ច្រើន រួម​ជាមួយ​នឹង​ការ​ហូរ​ចូល​អង្ករ​ពី​ប្រទេស​វៀតណាម។ បញ្ហា​ទំាង​អស់​នេះ​ហើយ ​ដែល​ធ្វើ​ឲ្យ​ឈ្មួញ​អង្ករ ​និង​កសិករ​ខ្មែរ​ដង្ហោយ​ស្វែង​រក​អន្តរាគមន៍​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា៕

 

 

សូមទស្សនាព័ត៌មានទាំងស្រុង៖

 

 

 

ប្រភព៖ PNN News

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024