ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

«អ្នកទីបី» រឿងរ៉ាវឆ្លុះបញ្ចាំងពីរសជាតិជីវិត ស្រីប្តីគេ ចាប់ចាក់បញ្ចាំងហើយនៅ PNN

០៦ កក្កដា ២០២០ | កម្សាន្ដ

 

ពិតតាមការសន្យាជាមួយទស្សនិកជន អ្នកនិយមគាំទ្រភាពយន្តភាគខ្មែររបស់ភីអិនអិន ដោយ PNN កំពុងចាក់បញ្ចាំងភាពយន្តភាគថ្មីសន្លាងមួយចំណងជើង «អ្នកទីបី» ចាប់ពីយប់ថ្ងៃទី០៣ ខែកក្កដាមក ។


«អ្នកទីបី» នឹងនាំទស្សនិកជនទៅមើលពីតថភាពពិតនៃសង្គមសម្ភារៈនិយម ការបណ្តែតបណ្តោយឲ្យជីវិតធ្លាក់ទៅតាមទំនោរនៃអារម្មណ៍ភ្លើតភ្លើនមួយពេល។លើសពីនេះ ភាពយន្តភាគថ្មីនេះនឹងនាំលោកអ្នកឲ្យឃើញពីជីវិតស្នេហាត្រីកោណ រហូតធ្វើឲ្យមនុស្សធ្លាក់ក្នុងភាពងងឹតងងុល លែងខ្វល់ពីអ្វីល្អអ្វីអាក្រក់ ធ្វើយ៉ាងណាឲ្យតែបានអ្វីខ្លួនប្រាថ្នា។ 


មិនខុសពីភាពយន្តមុនៗ «អ្នកទីបី» នឹងផ្តល់បទពិសោធន៍ឲ្យអ្នកទស្សនាបានឈ្វែងយល់ពីបញ្ហាចាក់ស្រ្តេះដែលកើតមាន និងដំណោះស្រាយល្អៗ ទុកជាការអប់រំក្នុងជីវិតពិត កុំឲ្យភ្លើតភ្លើន មានមហិច្ឆតាខ្ពស់ រហូតធ្វើឲ្យខ្លួនធ្លាក់ទៅក្នុងផ្លូវខុសដោយមិនដឹងខ្លួន។

 


រឿងរ៉ាវដ៏ចម្រូងចម្រាសនៃវិបត្តិសេ្នហាត្រីកោណនេះ ផ្តើមប្រទាក់ក្រឡាចេញពីក្មេងស្រីអ្នកខេត្តកោះកុង ឈ្មោះ ណាវី ដែលសម្តែងដោយ កញ្ញា ស៊ឹម ស្រីមុំ ដែលមានមហិច្ឆតាចង់ក្លាយជាតារាម៉ូដែល រហូតយកការសិក្សាជារនាំងបាំងមុខដើម្បីឈោងចាប់ក្តីស្រម៉ៃ។ 


មិនយូរប៉ុន្មានក្តីស្រម៉ៃរបស់ក្មេងស្រីនេះក៏លេចរូបរាងបន្តិចម្តងៗ រសាត់មកជួបលោក វឌ្ឍនៈ ដែលជាបុរសមានប្រពន្ធកូនហើយ តែចិត្តធំលួចបង្កាត់ភ្លើងស្នេហ៍ជាមួយ ណាវី រហូតភា្ជប់បានជាសាច់រឿងប្រទាក់ក្រឡាមួយ។


ចង់ដឹងថាខ្សែជីវតរបស់ស្រីប្តីគេដូចជា ណាវី នឹងទៅជាយ៉ាងណា ហើយនឹងជួបប្រទះរឿងរ៉ាវបែបណានោះ កុំភ្លេចរង់ចាំតាមដានទស្សនាភាពយន្តភាគថ្មីនេះលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង៨យប់តទៅ៕

 

 


អត្ថបទ៖ រ៉ាត់ ចាន់ធីតា  

 
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024