ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋ ចូលរួមដាំកូនកោងកាង ២,០០០ដើម

០៦ កក្កដា ២០២០ | ព័ត៌មានជាតិ

ក្នុងឱកាសដឹកនាំអាជ្ញាធរ កងកម្លាំង និងពលរដ្ឋខេត្តព្រះសីហនុ ដាំកូនកោងកាងប្រមាណ ២ពាន់ដើម នាថ្ងៃទី០៥ កក្កដាកន្លងទៅ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានឱ្យដឹង ការដាំកូនកោងកាង ក្នុងទំនប់ប៉ុលឌែឡើងវិញនាពេលនេះ ធ្វើឡើងក្នុងបំណងជួសឲ្យកោងកាងបាត់បង់កន្លងមក ដោយការកាប់បំផ្លាញពីជនមួយចំនួន។

 

 

ឯកឧត្ដមលើកឡើងថា៖ «យើងត្រូវធ្វើការដាំដុះឡើងវិញ និងជាការព្រមានដល់ជនល្មើសកាប់បំផ្លាញព្រៃកោងកាង ព្រោះព្រៃកោងកាងមានសារប្រយោជន៍សំខាន់ណាស់ រួមចំណែកផ្តល់ជាជម្រកសម្រាប់មនុស្ស និងសត្វរស់នៅ។ ក្រៅពីនេះ វាក៏បានរួមចំណែកការពារបញ្ហាច្រោះបាក់ដី ការពារទឹកជំនន់ ខ្យល់ព្យុះ ផ្តល់ទីតាំងសម្រាប់ទេសចរណ៍ បង្កើនចំណូលសេដ្ឋកិច្ចប្រជាពលរដ្ឋ ប្រជាពលរដ្ឋប្រើប្រាស់សក្តានុពលធម្មជាតិដ៏សម្បុរបែបយកទៅចិញ្ចឹមជីវិត។ ព្រៃកោងកាងបានចូលរួមការពារបរិស្ថានមានភាពល្អប្រសើរ»។

 

 

បន្ថែមលើនេះ ប្រមុខដឹកនាំខេត្តព្រះសីហនុ បានសំណូមពរឲ្យបញ្ឈប់ការកាប់បំផ្លាញព្រៃកោងកាង ព្រមទាំងដាក់ចេញនូវវិធានការមួយចំនួនដូចជា តាមច្បាប់ជលផលបានចែងយ៉ាងច្បាស់ថាអ្នកកាប់ និងអ្នកបញ្ជាឱ្យកាប់ គឺជាអ្នកដែលបានប្រព្រឹទ្ធបទល្មើសដូចគ្នា ការកាប់ ការឈូសឆាយ ការរុករាន ការគ្រប់គ្រង ហ៊ុព័ទ្ធរបងយកដីព្រៃកោងកាងជាបទល្មើស ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៣ ទៅ ៥ឆ្នាំ និងផាកពិន័យជាប្រាក់ថែមទៀតផង ។ 

 

 

ឯកឧត្តម គួច ចំរើន បានលើកឡើងថាថ្ងៃនេះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋចូលរួមដាំព្រៃកោងកាងឡើងវិញ ដើម្បីការពារ ថែរក្សានូវព្រៃកោងកាងឡើងវិញ ព្រៃនេះសម្រាប់ជួយដល់ការរស់នៅ ភាពសុខសាន្តនៅក្នុងសហគមនរបស់យើង ជនណាកាប់បំផ្លាញនឹងត្រូវផន្ទាទោសតាមផ្លូវច្បាប់ ៕


រូបភាព និងប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024