ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

សកម្មភាពដឹកជញ្ជូនទំនិញចាប់ផ្តើមមានសញ្ញាងើបឡើងវិញបន្តិចនៅចុងប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ 

០៦ កក្កដា ២០២០ | សេដ្ឋកិច្ច

អ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូនកម្ពុជាបានឲ្យដឹងថា តាំងពីមានមានជំងឺកូវីដ ១៩ បានផ្ទុះរាលដាលតាំងពី ដើមឆ្នាំ២០២០មក បានធ្វើឲ្យវិស័យដឹកជញ្ជូននៅកម្ពុជា មានការធ្លាក់ចុះជាបន្ដបន្ទាប់ ដោយសារនៅតាមច្រកព្រំដែនកម្ពុជា ថៃ និងវៀតណាមគឺមានការបិទច្រកជាបណ្តោះអាសន្ន ប៉ុន្តែមកដល់ចុងខែមិថុនា និងដើមខែកក្កដានេះ ឃើញថា សកម្មភាពដឹកជញ្ជូនចាប់ផ្តើមមានសញ្ញាងើបឡើងវិញជាបណ្តើរៗហើយ ដោយសារនៅប្រទេសចិននិងនៅប្រទេសមួយចំនួនទៀតហាក់មានភាពធូស្រាលជាងមុន ពីជំងឺកូវីដ ១៩។


លោក ស៊ិន ចន្ធី ប្រធានសមាគមភស្តុភាកម្មកម្ពុជាបានប្រាប់ភីអិនអិនថា សកម្មភាពដឹកជញ្ជូនគិតចាប់ពីចុងខែមិថុនា និងដើមខែកក្កដានេះចាប់ផ្តើមប្រសើរឡើងជាបណ្តើរៗបន្តិចហើយ ខណៈកាលពីខែកុមម្ភៈដល់ខែឧសភា សកម្មភាពដឹកជញ្ជូនបានធ្លាក់ចុះរហូតដល់៦០ ភាគរយ។


លោកបានឲ្យដឹងទៀតថា មកដល់ខែកក្កដានេះក៏មិនទាន់សមាជិកណាមួយប្រកាសព្យូរការងារជាបណ្តោះអាសន្ននោះឡើយ បើទោះបី ចំណូលរបស់ពួកគេនៅរកបានត្រឹមតែ៣០ភាគរយក៏ដោយចុះ តាមរយៈ ការដឹកជញ្ជូនទំនិញចាំបាច់មួយចំនួនរួមាន ម្ហូបអាហារ អង្ករ និងទំនិញពីឧស្សាហកម្មរោងចក្រខ្លះនៅតែអាចនាំចេញបាន។

 


លោកបានអះអាងទៀតថា បើទោះជាការដឹកជញ្ជូនតាមផ្លូវអាកាសមិនទាន់ដំណើរការឡើងវិញក៏ដោយចុះ ក៏ការដឹកជញ្ជូននេះកំពុងត្រូវបានជំនួសដោយការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវទឹក គឺមានការបើកឲ្យដំណើរការជាធម្មតា ដោយគ្រាន់តែមិនសូវមានទំនិញដឹកជញ្ជូនច្រើន នៅឡើយ ប៉ុន្តែហាក់មានការសកម្មភាពស្ទុះងើបឡើងវិញនៅក្នុងខែកក្កដានេះ។ ជាងនេះទៀត នៅក្នុងអំឡុងពេលនេះការដឹកជញ្ជូនទំនិញឆ្លងកាត់តាមច្រកព្រំដែន កម្ពុជា ថៃ គឺនៅតែមមាញឹកជាងការដឹកជញ្ជូនទំនិញឆ្លងកាត់តាមច្រកព្រំដែនកម្ពុជា និងវៀតណាម។


សូមបញ្ជាក់ថា គិតមកទល់បច្ចុប្បន្ននេះ ចំនួនក្រុមហ៊ុនដឹកជញ្ជូនដែលបានចុះបញ្ជីនៅក្នុងក្រសួងពាណិជ្ជកម្មកម្ពុជាមានប្រមាណជិត ៤០០ ក្រុមហ៊ុនហើយ ខណៈក្រុមហ៊ុនដឹកជញ្ជូនដែលជាសមាជិកសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា មានជាង ១០០ ក្រុមហ៊ុន៕


អត្ថបទ៖ ស៊ឺន សុន 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024