ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤
ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤
ព្រឹត្តិការណ៍បាល់ទាត់មិនអាជីពធំជាងគេបង្អស់ ក្នុងប្រទេសកម្ពុជា KMH Champions League នឹងផ្តើមផ្សាយផ្ទាល់ចាប់ពីចុងខែតុលា ឆ្នាំ២០១៦ ដល់ខែកក្កដា ឆ្នាំ២០១៧ នៅរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីវេលាម៉ោង៤ ដល់ម៉ោង៦ល្ងាចនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន តែមួយគត់។
KMH CHAMPIONS LEAGUE គឺជាការប្រកួតបាល់ទាត់មិនអាជីពធំជាងគេបង្អស់ ក្នុងប្រទេសកម្ពុជាដែលបានបង្កើតឡើង ក្នុងឆ្នាំ២០១៥ ដោយនាំមកនូវការរួមគ្នា នៃក្រុមកីឡាបាល់ទាត់ល្អបំផុត និង ក្លិបបាល់ទាត់ធំៗ មកពីទូទាំងរាជធានី។ KMH CHAMPIONS LEAGUE នេះមានគោលបំណង ដើម្បីក្លាយទៅជាផ្នែកមួយ នៃការប្រកួតកីឡាបាល់ទាត់ នៅកម្ពុជា។
លោក កាំង សេន ប្រធានគណៈកម្មការរៀបចំការប្រកួត កីឡាបាល់ទាត់ KMH CHAMPIONS LEAGUE បានឲ្យភីអិនអិនដឹងថា ព្រឹត្តិការណ៍ KMH Champions League រដូវកាលទី២នេះ កាន់តែអស្ចារ្យជាងឆ្នាំមុន ដ្បិតមានការផ្សាយផ្ទាល់ពី PNN ពេញមួយរដូវកាល និងប្រាក់រង្វាន់ច្រើនជាងមុនគុណនឹង៣។
លោកបាននិយាយថា៖ «ការប្រកួតនេះ យើងនឹងធ្វើពេញមួយរដូវកាលតែម្តង។ អ្វីដែលយើងធ្វើនេះ គឺចង់ឲ្យការប្រកួតរបស់យើង មានលក្ខណៈប្រហាក់ប្រហែល នឹងពានបាល់ទាត់អឺរ៉ុប UEFA CHAMPIONS LEAGUE ដែរ ដូច្នេះគឺលេងលក្ខណៈ HOME & AWAY បានន័យថា លេង២ជុំ និងប្រកួតលើទីលានធំស្តង់ដារអន្តរជាតិ១១នាក់ស្មើ ដែលយើងបានវិវត្តន៍ពីខ្នាតតូចមកខ្នាតធំ»។
KMH Champion League 2016-2017 បានចាប់ផ្តើមប្រកួតនាអំឡុងចុងខែកញ្ញា ឆ្នាំ២០១៦ ហើយនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០១៧ ដែលមានក្រុមចូលរួមសរុបចំនួន៣២។ ព្រឹត្តិការណ៍ដដែលនេះ នឹងអនុញ្ញាតឲ្យកីឡាករអាជីព ចូលរួមមួយក្រុម២រូប កីឡាករបរទេស៤រូប ប៉ុន្តែបង្ហាញខ្លួនលើទីលានត្រឹម២រូបប៉ុណ្ណោះ។
កាលពីរដូវកាលទីមួយ ភីអិនអិនបានសិទ្ធិ ក្នុងការផ្សាយផ្ទាល់ផ្តាច់មុខពីព្រឹត្តិការណ៍ បាល់ទាត់មិនអាជីពធំបំផុត ប្រចាំឆ្នាំមួយនេះម្តងរួចមកហើយ កាលពីដើមឆ្នាំ២០១៦។ នៅរដូវកាលទីពីរនេះ ភីអិនអិន ត្រូវបានផ្តល់សិទ្ធិសារជាថ្មីម្តងទៀត ដើម្បីផ្សាយផ្ទាល់ ដែលនឹងផ្តើមពីចុងខែតុលា ឆ្នាំ២០១៦ ដល់ខែកក្កដា ឆ្នាំ២០១៧ រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីវេលាម៉ោង៤ ដល់ម៉ោង៦ល្ងាច៕
ទស្សនាវីដេអូខ្លីពីព្រឹត្តិការណ៍ KMH Champion League 2016-2017
សូមចុច៖ https://www.facebook.com/pnnsportnews/videos/864164310381853