ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០

​​​​​​​កម្ពុជា និងថៃ ពិចារណាបើកច្រកព្រំដែនឡើងវិញ ខណៈទំហំពាណិជ្ជកម្មទ្វេភាគី បន្តកើនឡើង

០២ កក្កដា ២០២០ | សេដ្ឋកិច្ច

ដោយសារតែ វិធានការទប់ស្កាត់ការរីករាលដាលនៃ មេរោគកូវីដ១៩ បានធ្វើឲ្យ ប្រទេសកម្ពុជា និងប្រទេសថៃ សម្រេចបិទច្រកអន្តរជាតិសំខាន់ៗ រវាងគ្នា អស់មួយរយៈពេលធំ ដែលបានបង្កជាភាពជាប់គាំងផ្នែកសេដ្ឋកិច្ច តែយ៉ាងណាក៏ដោយ កាលពីម្សិលមិញនេះ កម្ពុជា និងថៃ ក៏បានពិភាក្សាអំពី លទ្ធភាពនៃការបើកច្រកព្រំដែនឡើងវិញ ដើម្បីជម្រុញលំហូរទេសចរណ៍ និងស្តារនូវ ចរន្តសេដ្ឋកិច្ចនៃប្រទេសទាំងពីរឡើងវិញ។ នេះបើយោងតាមការចេញផ្សាយ នៅថ្ងៃនេះ នៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសថៃ។

 

នៅក្នុងជំនួបពិភាក្សារវាង ប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងប្រតិភូធុរជនថៃ ភាគីទាំង ២ គ្រោងនឹងលើកសំណើ ទៅកាន់ប្រមុខរដ្ឋាភិបាលកម្ពុជា និងថៃ ដើម្បីបើកច្រកអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ស្ថិតនៅព្រំប្រទល់ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ សម្រាប់ភ្ញៀវទេសចរ និងធុរជន អាចឆ្លងកាត់ទៅវិញទៅមកបាន ដោយមានកំណត់ចំនួនក្នុងមួយថ្ងៃ។

 

លើសពីនេះ បើសិនគម្រោងខាងលើទទួលបានជោគជ័យ ភាគីទាំង ២ នឹងបន្តលើកសំណើរ ដើម្បីសុំបើកច្រកអន្តរជាតិសំខាន់ៗដទៃទៀត  ដូចជា ច្រកអន្តរជាតិអូរស្មាច់ នៅខេត្តឧត្តរមានជ័យ ច្រកអន្តរជាតិដូង នៅខេត្តបាត់ដំបង និងច្រកអន្តរជាតិចាំយាម នៅខេត្តកោះកុងជាដើម។

 

 

បើទោះបីជាមានវិធានការរឹតបន្តឹងលើ ការធ្វើដំណើរចេញចូលរវាងប្រទេសទាំងពីរ ក៏ពិតមែន បើយើងមើលអំពី ទំហំពាណិជ្ជកម្មទ្វេភាគីវិញ ឃើញថា ៤ខែដំបូង ដើមឆ្នាំ ២០២០នេះ ការដោះដូរពាណិជ្ជកម្មរវាង កម្ពុជា និងថៃ សម្រេចបានជាទឹកប្រាក់ជាង ៣ពាន់ ១រយលានដុល្លារអាមេរិក ដែលមានកំណើន ១៨% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។

 

គួរជម្រាបដែរថា បើតាមទិន្នន័យពី ក្រសួងពាណិជ្ជកម្មថៃ បានឲ្យដឹងថា ការនាំចេញទំនិញពី កម្ពុជា ទៅកាន់ប្រទេសថៃ សម្រេចបានជាង ៦៨០លានដុល្លារអាមេរិក កើនឡើង ១០៦% ខណៈការនាំទំនិញពី ថៃ ចូលមកប្រទេសកម្ពុជា វិញ សម្រេចបាន ២ពាន់ ៤រយលានដុល្លារអាមេរិក រក្សាបានកំណើន ៥.៦%៕

 

អត្ថបទ៖ ងួន សុភ័ត្រ្តា​

 

 

ព័ត៌មានដែលទាក់ទង

Copyright © 2016 PNN NEWS. All Rights Reserved.