ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

កន្លះឆ្នាំនេះ គ្រោះថ្នាក់ចរាចរណ៍ថយ ៥៥២លើក អ្នកស្លាប់ថយ ១៧២នាក់ និងរបួសថយ ៧៧៨នាក់

០២ កក្កដា ២០២០ | ព័ត៌មានជាតិ

ក្នុងរយៈពេល ៦ខែ ក្នុងឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បានថយចុះគួរឱ្យកត់សំគាល់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ ទាំងចំនួនគ្រោះថ្នាក់ អត្រាអ្នកស្លាប់ និងរងរបួស។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្ដេចក្រឡាហោម ស ខេង បានបង្ហាញឱ្យដឹងសញ្ញាវិជ្ជមាននេះនៅលើទំព័រហ្វេសប៊ុកសម្ដេច នាថ្ងៃពុធនេះ។

 


«ថ្ងៃនេះគឺជាថ្ងៃទី១ខែកក្កដា ជាថ្ងៃបញ្ចប់ពាក់កណ្តាលឆ្នាំ២០២០ ហើយនៅថ្ងៃនេះខ្ញុំក៏សូមជម្រាបជូនបងប្អូនជនរួមជាតិអំពីលទ្ធផលប្រកបដោយភាពវិជ្ជមាននៃបញ្ហាចរាចរណ៍រយៈពេល១ឆមាសឆ្នាំ២០២០នេះ គឺការគ្រោះថ្នាក់មានការថយចុះគួរកត់សម្គាល់បើប្រៀបធៀបនឹងឆ្នាំមុន និងមុនពេលមានការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក» នេះជាខ្លឹមសារសំណេរលើទំព័រហ្វេសប៊ុករបស់សម្ដេចក្រឡាហោម ស ខេង។


ភ្ជាប់នឹងសំណេរនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានគូសបញ្ជាក់ថាក្នុងរយៈពេល១ឆមាស ឬ៦ខែឆ្នាំ២០២០នេះ បើប្រៀបធៀបឆ្នាំ២០១៩ ចំនួនគ្រោះថ្នាក់ចរាចរណ៍បានថយចុះ៥៥២លើកស្មើ២៥%, អ្នកស្លាប់បានថយចុះ១៧២នាក់ ស្មើនឹង១៧% និងចំនួនអ្នករងរបួសបានថយចុះ៧៧៨នាក់ស្មើនឹង២៤%។


ដោយឡែកសម្រាប់រយៈពេល២ខែនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកដែលបង្កើនប្រាក់ផាកពិន័យ ក្នុងខែឧសភា និងមិថុនាឆ្នាំ២០២០នេះ ធៀបនឹងខែឧសភា និងខែមិថុនាឆ្នាំ២០១៩វិញនោះ គ្រោះថ្នាក់ចរាចរណ៍បានថយចុះ២៣៣លើកស្មើនឹង៣៤%, អ្នកស្លាប់ថយចុះ៧៩នាក់ស្មើនឹង២៥% និងអ្នករងរបួសបានថយចុះ២៣៣នាក់ស្មើនឹង២៣%។ 

 


លទ្ធផលវិជ្ជមាននេះ ត្រូវបានសម្ដេចឧបនាយករដ្ឋមន្ត្រីអះអាងថាដោយសារតែប្រជាពលរដ្ឋមានការយល់ដឹង និងចូលរួមគោរពច្បាប់ចរាចរណ៍កាន់តែច្រើន ដ្បិតថាទោះបីជាយានយន្តមានកំណើន ប៉ុន្តែអត្រាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ។ សម្ដេចក៏បានអំណរគុណអ្នកប្រើប្រាស់ផ្លូវថ្នល់ និងប្រជាពលរដ្ឋដែលបានផ្ដល់មតិកែលម្អរការងារចរាចរណ៍មកហ្វេសប៊ុកសម្ដេច និងបានអរគុណមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធដែលបានអនុវត្តភារកិច្ចរបស់ខ្លួនពាក់ព័ន្ធការងារចរាចរណ៍បបានល្អប្រសើរ ។ 


ទន្ទឹមនឹងលើកទឹកចិត្តប្រជាពលរដ្ឋចូលរួមផ្តល់មតិយោបល់កែលំអរអំពីការអនុវត្តច្បាប់ចរាចរណ៍ សម្ដេចក៏បានក្រើនរំលឹកកងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធទាំងអស់ បន្តការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងវិន័យឲ្យបានខ្ជាប់ខ្ជួន ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ត្រូវកាត់បន្ថយ ឬលប់បំបាត់ឲ្យបាននូវបាតុភាពអវិជ្ជមានផ្សេងៗ ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។

 


សូមបញ្ជាក់ថា ការរឹតបន្តឹងការអនុច្បាប់ចរាចរណ៍ដែលបង្កើនប្រាក់ផាកពិន័យមួយគុណនឹង៣ធៀបនឹងពេលមុននារយៈពេល២ខែមកនេះ បានទទួលទាំងការសាទរ និងការិះគន់។ យ៉ាងណាក៏ដោយ ក៏មានអ្នករិះគន់ខ្លះបានជ្រុលខ្លួនជេរបរិហារសមត្ថកិច្ចដោយពាក្យពេជន៍អសុរសព្រោះតែកើតទុកមិនសុខចិត្តនឹងការអនុវត្តច្បាប់ ហើយត្រូវបានអាជ្ញាធរហៅមកអប់រំ ធ្វើកិច្ចសន្យា និងសូមទោសជាសាធារណៈ។ 


ជាមួយគ្នានេះ ក៏មានសមត្ថកិច្ចមិនតិចជាង ៥នាក់ដែរ ដែលទទួលរងការដាក់ពិន័យ ព្រោះតែអនុវត្តការងារលើសគោលការណ៍ណែនាំ ឬព្រោះធ្វើការតាមរបៀបហៅថា ត្រីងៀតឆ្លៀតពង៕

អត្ថបទ៖ រ៉េន រតនៈ     រូបភាព៖ ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024