ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

ស្រី​ស្អាត Matt បង្ហាញ​ខ្លួន​ជា​ថ្មី​ក្នុង​រឿង​ភាគ​ថៃ «ល្បិច​ស្នេហ៍​បញ្ឆោត​បេះដូង»

២០ ធ្នូ ២០១៦ | កម្សាន្ដ

តារា​សម្តែង និង​តារា​បង្ហាញ​ម៉ូដ​ដ៏​ល្បី​របស់​ថៃ គឺ​កញ្ញា Peeranee Kongthai ឬ Matt ដែល​ប្រិយមិត្ត​ធ្លាប់​ស្គាល់​រួច​មក​ហើយ​តាម​រយៈ​ខ្សែ​ភាព​យន្ត​ភាគ​ថៃ​​នៅ​លើ​ទូរទស្សន៍​ភីអិនអិន ដូចជា រឿង «កូន​ក្រមុំ​រីករាយ» និង​រឿង «ភ្លើង​ស្នេហ៍​ភ្លើង​គំនុំ» នឹង​បង្ហាញ​ខ្លួន​ក្នុង​ភាគ​ថៃ​ថ្មី​មួយ​ទៀត​ហើយ នៅ​ចុង​ខែ​ធ្នូ​ នេះ។

 

តារា​វ័យ​២៨​ឆ្នាំ​កូន​កាត់​ថៃ-ន័រវែស​ រូប​នេះ​ អាច​សម្ដែង​បាន​គ្រប់​ទម្រង់​ទាំង​អស់​នៃ​សាច់​រឿង ទាំង​កម្សត់ កំប្លែង មនោសញ្ចេតនា​ស្នេហា ហើយ​នាង​​នឹង​ត្រលប់​មក​សាជាថ្មី​ម្ដង​ទៀត​ដោយ​សម្តែង​ជា​តួ​ឯក​ក្នុង​រឿង «ល្បិច​ស្នេហ៍​បញ្ឆោត​បេះដូង» ឬ «Pan Rai Phai Ruk» ដែល​នឹង​ត្រូវ​ចាក់​ផ្សាយ​នៅ​លើ​ទូរទស្សន៍​ភីអិនអិន ដោយ​រឿង​នេះ​តម្រូវ​ឲ្យ​កញ្ញា​សម្តែង​ជា​តួអង្គ​ដែល​មាន​ចិត្ត​គំនុំ​គុំគួន​វិញ​ម្តង ទៅ​លើ​តួអង្គ​ប្រុស គឺ​លោក Film (Phaisaeng) ហើយ​នេះ​ក៏​ជា​លើក​ទី​១​ ដែល Film មាន​វត្តមាន​នៅ​លើ​ភីអិនអិន។

 

 

ពួកគេ​ទាំង​ពីរ នឹង​ចាប់​ដៃ​គ្នា​បង្កើត​ឈុត​ឆាក​ប្លែកៗ​ល្អ​មើល​មិន​ចេះ​ជិនណាយ រំសាយ​អស់​ទុក្ខ​កង្វល់​រយៈ​ពេល​មួយ​ម៉ោង​ពេញ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន។

 

«ល្បិច​ស្នេហ៍​បញ្ឆោត​បេះដូង» រៀបរាប់​ពី​ខ្សែ​ជីវិត​របស់​នាង Kemmik (Matt) ជា​នារី​អាកាសចរណ៍​ម្នាក់​ដែល​ធ្លាប់​ដិតដាម​ស្នាម​អតីតកាល​ដ៏​សែន​ឈឺ​ចាប់ និង​ខក​ចិត្ត ដោយ​នាង​បាន​បណ្តែត​បណ្ដោយ​ខ្លួន​ជាមួយ Phaisaeng (Film) ជា​បុរស​សង្ហា និង​ជា​កូន​អ្នក​មាន​ម្នាក់ ហើយ​ក៏​បោះបង់​នាង​ចោល​ដោយ​មិន​ទទួល​ខុស​ត្រូវ​អ្វី​ទាំង​អស់។ ដោយសារ​តែ​ការ​ឈឺ​ចាប់​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​នាង​នឹក​ឃើញ​ល្បិច និង​ផែនការ​អាក្រក់ ធ្វើ​យ៉ាង​ណា​ឲ្យ Phaisaeng ឈឺ​ចាប់ ដូច​ដែល​នាង​ធ្លាប់​ទទួល ប៉ុន្តែ​មិន​ដូច​បំណង​ឡើយ ក្តី​គំនុំ​ទាំង​ប៉ុន្មាន​ក៏​ក្លាយ​ទៅ​ជា​ស្នេហា។

 

Kemmik មាន​គម្រោង​បែប​ណា​ចំពោះ Phaisaeng? គំនុំគំកួន​នេះ​ក្លាយ​ជា​ស្នេហា​ដោយ​របៀប​ណា? ចម្ងល់​ទាំងអស់​នេះ​នឹង​ត្រូវ​លាត​ត្រដាង​ក្នុង​រឿង «ល្បិច​ស្នេហ៍​បញ្ឆោត​បេះដូង» ចាប់​ពី​ថ្ងៃ​ទី ២៤ ធ្នូ រៀង​រាល់​ថ្ងៃ​ព្រហស្បតិ៍ ដល់​សៅរ៍ វេលា​ម៉ោង ៦:០០-៧:០០ ល្ងាច លើ​កញ្ចក់​ទូរទស្សន៍​ភីអិអិន បន្ទាប់ពី​រឿង «មាន​សំបុក តែ​រងា» ដែល​នឹង​ចប់​នៅ​ថ្ងៃ​សុក្រ ទី​២៣ ធ្នូ នេះ៕

 

ទស្សនា​ឈុត​ខ្លីៗ​នៃ​សាច់​រឿង៖

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024