ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

សាយ ច័ន្ទរាសី មិនប្រាថ្នាគូជីវិតដូចតួអង្គក្នុងរឿង “អ្នកទី ៣”

០១ កក្កដា ២០២០ | កម្សាន្ដ

 

តារាសម្ដែងសិចស៊ីកញ្ញា សាយ ច័ន្ទរាសី និយាយថាទម្រាំថតរឿង”អ្នកទី៣” ចប់ធ្វើឱ្យនាងទទួលបានបទពិសោធន៍ច្រើនក្នុងជីវិតគ្រួសារ ហើយប្រសិនបើជាការរើសពីគូអនាគត នាងមិនរើសគូជីវិតដូចក្នុងសាច់រឿងនេះទេ។

 

ក្នុងរឿង « អ្នកទី ៣ » កញ្ញា សាយ ច័ន្ទរាសី ត្រូវបានអ្នកដឹកនាំរឿងជ្រើសសម្តែងជាតួស្រ្តីដែលមានស្វាមីហើយ តែត្រូវស្វាមីរបស់ខ្លួនផិតក្បត់ទៅមានស្រីនៅខាងក្រៅ ប៉ុន្តែខ្លួនដែលជាភរិយានៅតែធ្វើចិត្តត្រជាក់ដាក់ស្វាមី ហាក់ដូចជាគ្មានរឿងអ្វីកើតឡើង។ អារម្មណ៍នេះបានធ្វើឱ្យ សាយ ច័ន្ទរាសី ស្ទើរតែ ប្រេះទ្រូងស្លាប់ទៅហើយ តែទោះជាយ៉ាងណាក្តី សាយ ច័ន្ទរាសី នៅតែខំប្រឹងធ្វើបានយ៉ាងល្អ ទោះបីជាជួបនូវការលំបាកជាច្រើនក្តី ។

 

តាមរយៈស្នាដៃថ្មីនេះជាបទពិសោធដំបូងក្នុងជីវិតហើយសម្រាប់តារាសម្តែងសិចស៊ី សាយ ច័ន្ទរាសី ជួបនូវការសម្តែងដ៏លំបាកបែបនេះ  នាងមិនប្រាថ្នាជីវិតពិតដូចនៅក្នុងរឿងភាគនេះឡើយ ។

 

 

ស្របពេលរឿង « អ្នកទី ៣ » ត្រៀមនឹងដាក់បញ្ចាំងនៅស្ថានីយ៍ទូរទស្សន៍ ភីអិនអិន បានធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជន ដោយសារតែរូបសម្រស់និងរូបរាងតារាស្រី សាយ ច័ន្ទរាសី មានការប្រែប្រួលខ្លាំងជាក់ស្តែងនៅក្នុង ត្រេល័រ រឿង « អ្នកទី ៣ » កំពុងចាក់នៅលើកញ្ចក់ទូរទ្សន៍ ភីអិនអិន នេះ គេសង្កេតឃើញថា សាយ ច័ន្ទរាសី មានរាងធាត់ទ្រលុកទ្រលន់ មុខមូលដូចព្រះច័ន្ទ។  ដោយឡែកនៅខាងក្រៅវិញនាងបែរជាមានទម្រង់មុខអក្សរវី និងមានដងខ្លួនតូចស្រឡូនសិចស៊ី គួរឱ្យ ទាក់ទាញ ។ 

 

ជួបជាមួយកញ្ញា សាយ ច័ន្ទរាសី ផ្ទាល់កាលពីពេលថ្មីៗនេះ នាងបានបញ្ជាក់ប្រាប់ថា ពេលចាប់ផ្តើមថតរឿង « អ្នកទី ៣ » នាងធាត់ឡើងទម្ងន់ជាច្រើនគីឡូ ដូច្នេះហើយទើបធ្វើឱ្យគ្រប់គ្នាមើលមកថា នាងធាត់ទ្រលុកទ្រលន់ ។ 

 

 

ថ្វីត្បិតតែពេលនេះសម្រស់ និងរូបរាងរបស់ សាយ ច័ន្ទរាសី ស្អាតប្លែកខុសពីមុន  តែនាងមិនបានទៅវះកាត់កែសម្ផស្សនៅហាងកែសម្ផស្សណាមួយទេ ដោយនាងបានព្យាយាមថែរក្សាសម្រស់ តាមបែបធម្មជាតិ ព្រមទាំងព្យាយាមហាត់ប្រាណដើម្បីបានរាងស្អាត ទៅតាមបំណង ពីព្រោះរាងនិងសម្រស់ពិតជាសំខាន់ណាស់ចំពោះស្រ្តីគ្រប់រូប ៕ 


អត្ថបទ ៖ ម៉ា រីសា 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024