ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្រើនរំលឹកឲ្យបន្តអនុវត្តវិធានការការពារជំងឺកូវីដ១៩ ខណះវិស័យទេសចរណ៍ក្នុងស្រុក ងើបឡើងជាបណ្តើរៗ

៣០ មិថុនា ២០២០ | ព័ត៌មានជាតិ

ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានក្រើនរំលឹកដល់អ្នកពាក់ព័ន្ធឲ្យបន្តអនុវត្តវិធានការការពារជំងឺកូវីដ១៩ អោយម៉ឹងម៉ាត់បន្តទៀត ដើម្បីទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសគឺរលកទី២។ ការក្រើនរំលឹកនេះ ដោយសារប៉ុន្មានខែចុងក្រោយ វិស័យទេសចរណ៍ក្នុងស្រុកបានងើបឡើងជាបណ្តើរៗ ដោយភ្ញៀវទេសចរណ៍ជាច្រើនបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា ទូទាំងប្រទេស។ 

 


ការក្រើនរំលឹករបស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍បែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តបទដ្ឋានគតិយុត្តដាក់ឱ្យអនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍ជំហានទី១ សម្រាប់ដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ និងផែនការអនុវត្តបន្ត នៅសាលារាជធានីភ្នំពេញ នាថ្ងៃទី២៩ខែមិថុនានេះ ។

 


ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងបន្តថា ទន្ទឹមគ្នាជាមួយនឹងការបន្តងើបឡើងវិញនូវចលនាទេសចរណ៍ផ្ទៃក្នុងនេះ ក្រសួងទេសចរណ៍បានពង្រឹងកិច្ចសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ក្នុងការជំរុញអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្ម ៦ ប្រភេទ ដើម្បីទប់ស្តាត់ការរីករាលដាលនៃ ជំងឺកូវីដ១៩ ដែលរួមមានសេវាស្នាក់នៅ ភោជនីយដ្ឋាន ការដឹកជញ្ជូនទេសចរណ៍ផ្លូវគោក ការដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍។

 


គួរបញ្ជាក់ថា ក្នុងរយៈពេល០៣សប្តាហ៍នៃខែមិថុនា មានភ្ញៀវទេសចរជាង ៤៥ម៉ឺននាក់ បាន ធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ដែលកំណើនប្រមាណជាង៧ភាគរយបើធៀបនឹងរយៈពេលដូចគ្នានៃខែឧសភា។ ដោយឡែក គិតត្រឹម៤ខែដើមឆ្នាំ២០២០ ចាប់ពីខែមករា ដល់មេសា ដោយសារវិបត្តិនៃជំងឺកូវីដ១៩ កម្ពុជាបានធ្លាក់ចុះភ្ញៀវទេសចរណ៍ប្រមាណ៥២ភាគរយ៕

អត្ថបទ៖ សន រដ្ឋា     រូបភាព៖ ញិល សុជា
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024