ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ក្រុមហ៊ុនវិនិយោគលើដំណាំចេកនៅកម្ពុជា រំពឹងការនាំចេកកើនឡើងវិញ ចាប់ពីខែមិថុនានេះតទៅ

២៩ មិថុនា ២០២០ | សេដ្ឋកិច្ច

លោកឧកញ៉ា ហ៊ុន ឡាក់ នាយកក្រុមហ៊ុន LONGMATE AGRICULTURE បញ្ជាក់ថា ទិន្នផលចេកនៅដើមដៃនៃត្រីមាសទី១ រហូតមកដល់ខែមេសាតួលេខនៃការនាំចេញផ្លែចេកមិនមានការកើនឡើងនោះទេ ខណៈអាកាសធាតុមិនអំណោយផលជាមួយនឹងការឡើងកំដៅខ្លាំង ប៉ុន្តែយ៉ាងណា ការនាំចេញផ្លែចេកនេះរំពឹងថា នឹងកើនឡើងវិញចាប់ពីខែមិថុនានេះ ខណៈដំណាំចេកដែលនឹងឲ្យផលបានមានចំនួនច្រើនជាងមុន។


លោកឧកញ៉ា ហ៊ុន ឡាក់ បានឲ្យដឹងថា ដំណើរការនាំចេញផ្លែចេកទៅកាន់ទីផ្សារចិននៅដំណើរការជាធម្មតាដោយពុំមានការថមថយនោះឡើយចំពោះការបញ្ជារទិញ។ ជាមួយគ្នានេះ ចាប់ពីខែមិថុនានេះតទៅ ការបញ្ជាទិញចេកនឹងកាន់តែកើនឡើង ហើយចំពោះតម្លៃផ្លែចេកវិញ ក៏នឹងមានការប្រែប្រួលខុសពីត្រីមាសទី១ ដែលតម្លៃចេកបានធ្លាក់ចុះថ្លៃបន្តិច ប៉ុន្តែមកដល់ខែនេះ តម្លៃចាប់ផ្តើមកើនឡើងវិញជាបណ្តើរៗហើយ ដោយក្នុង១តោនតម្លៃជាមធ្យមជុំវិញ ៦០០ដុល្លារ ឬលើសពីនេះ។


រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន នាពេលថ្មីៗនេះ បានជំរុញឲ្យក្រុមហ៊ុនឯកជនពង្រីការវិនិយោគដាំដុះចេកបន្ថែមទៀត ដើម្បីនាំចេញផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន ស្របពេលទីផ្សារមួយនេះ មានតម្រូវការចេកយ៉ាងច្រើន រហូតដល់ទៅ ៨លានតោនក្នុងមួយឆ្នាំៗ។

 


តាមរបាយការណ៍ក្រសួងកសិកម្ម នៅរយៈពេល៥ខែ ដើមឆ្នាំ២០២០នេះ ការនាំចេញចេកទៅកាន់ទីផ្សារក្រៅប្រទេស សម្រេចបានរហូតដល់ទៅជាង ១២ម៉ឺន ៥ពាន់តោន ក្នុងនោះ ការនាំចេញចេកទៅចិនមានប្រមាណ ៦ម៉ឺនតោន។


ឯកឧត្តម វេង សាខុន ធ្លាប់បានគូសបញ្ជាក់ទៀតថា នៅប៉ុន្មានខែដើមឆ្នាំ២០២០នេះ ចំណូលពីការនាំចេញចេកនេះ អាចមានប្រមាណ ៦០លានដុល្លារអាមេរិក។
សូមបញ្ជាក់ដែរថា ទីផ្សារនាំចេញចេកសំខាន់ៗរបស់កម្ពុជារួមមាន ប្រទេសចិន វៀតណាម និងជប៉ុនជាដើម។ ក្រៅពីដំណាំចេកនេះ ថ្មីៗនេះដែរ កម្ពុជាក៏ទើបតែចុះហត្ថលេខាលើពិធីសារនាំចេញផ្លែស្វាយទៅកាន់ប្រទេសចិនផងដែរ ដោយផ្លែស្វាយនេះនឹងក្លាយជាផលិតផលផ្លែឈើស្រស់ទី២របស់កម្ពុជាសម្រាប់នាំចេញទៅកាន់ប្រទេសចិន បន្ទាប់ពីផ្លែចេក៕


 អត្ថបទ ស៊ឺន សុន 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024