ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

អ៊ុព កាម៉ុល រំពឹងទ័ពនឹងលេងកាន់តែល្អ ជាងកាលចាប់ផ្តើមរដូវកាល

២៥ មិថុនា ២០២០ | កីឡា

ទោះបីលីគកំពូលកម្ពុជា អាក់ខានការប្រកួត ៣ខែកន្លងមកហើយក្តី ក៏ខ្សែការពារសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ អ៊ុព កាម៉ុល បានលើកឡើងថា នៅពេលលីគកំពូលកម្ពុជាចាប់ផ្តើមបន្តការប្រកួតជាថ្មី នៅដើមខែកក្កដាខាងមុខនេះ ក្រុមខ្លួននឹងលេងកាន់តែល្អ ហើយរឹងមាំជាងកាលពីចាប់ផ្តើមរដូវកាលទៅទៀត ដ្បិតកីឡាករទាំងអស់បានហ្វឹកហាត់ជាមួយគ្នាច្រើន និង បានយល់ចិត្តគ្នាល្អជាងមុន ទាំងកីឡាករបរទេសថ្មី និង កីឡាករខ្មែរ។

 

 

ប្រាប់ដល់ភីអិនអិនកាលពីពេលថ្មីៗ ខ្សែការពាររបស់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ អ៊ុព កាម៉ុល លើកឡើងពីភាពរីកចម្រើនរបស់ក្រុមខ្លួន នាពេលកន្លងមកថា៖ «និយាយពីការចាប់ផ្តើមចូលលេងលីគ នៅដើមខែក្រោយហ្នឹង គឺពួកយើងអាចចាប់ផ្តើម ហើយអាចលេងល្អប៉ុន្មានប្រកួតដំបូង ដែលយើងលេងមុន ព្រោះអីយើងឥឡូវយើងចាប់ផ្តើមហាត់ជុំគ្នាវិញ ហើយការហាត់យើងស៊ីចង្វាក់គ្នាល្អវិញ ហើយអាចនឹងល្អជាង ៣-៤ ប្រកួតមុនទៅទៀត ។ សម្រាប់ក្រុមវិញ ពេលនេះបានត្រៀមខ្លួនល្អ ព្រោះអីក្នុងរយៈពេលដើមខែមុនប្រកួតនេះ ក្រុមរបស់យើងខំប្រឹងមែនទែន គឺថាហាត់ព្រឹកល្ងាចៗ ដើម្បីប្រមូលកម្លាំង ប៉ះជាមួយនឹងណាហ្កានៅប្រកួតបន្ទាប់ដើមខែនេះដែរ»។

 


កាម៉ុលបន្ថែមថា ចំពោះការប្រកួតដំបូង ដែលត្រូវប៉ះ ជើងឯក៣សម័យណាហ្គាវើលដ៍វិញ ក្រុមពុំមានបញ្ហាត្រូវព្រួយបារម្ភនោះទេ ដ្បិតទាំងកម្លាំង និងបច្ចេកទេស កីឡាករទាំងអស់ បានហ្វឹកហាត់ខ្លាំងក្លា ដើម្បីត្រៀមក្នុងការប្រកួតដ៏សំខាន់មួយនេះស្រេចបាច់ហើយ។


«សម្រាប់ការព្រួយបារម្ភ ដូចជាអត់មានអីព្រួយបារម្ភទេ ព្រោះ ក្រុមយើងបានត្រៀមកម្លាំងរួចរាល់ហើយ សម្រាប់ប៉ះណាហ្គានៅដើមខែក្រោយនេះ គឺយើងត្រៀមកម្លាំងសម្រាប់លេងជាមួយណាហ្គា»។

 


គួរបញ្ជាក់ថា គិតត្រឹម ៥ប្រកួតកន្លងមក ក្នុងលីគកំពូលកម្ពុជា សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ឈរនៅលេខរៀងទី ៧ មាន ៨ពិន្ទុ ដោយឈ្នះ ២ ស្មើ ២ និងចាញ់ ១។ សមាគមកីឡាបាល់ទាត់ ខភម នឹងត្រូវជួប ណាហ្គាវើលដ៍ នៅថ្ងៃទី០៥ កក្កដា វេលាម៉ោង ៦ល្ងាច នាកីឡដ្ឋានកងយោធពលខេមរភូមិន្ទ៕

អត្ថបទ និងរូបភាព៖ រ៉េត ស្តាលីន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024