ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

បីសប្ដាហ៍នៃខែមិថុនាមានភ្ញៀវទេសចរជាង ៤៥ ម៉ឺននាក់ចេញដើរ កើនឡើង ៧.២៤% បើធៀបរយៈពេលដូចគ្នាកាលពីខែមុន

២៥ មិថុនា ២០២០ | ព័ត៌មានជាតិ

ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសក្នុងរយៈពេល៣សប្តាហ៍ នៃខែមិថុនា ឆ្នាំ២០២០ មានចំនួនសរុប ៤៥២,៦៩២ នាក់ កើនឡើង ៧.២៤% ធៀបនឹងរយៈពេល៣សប្តាហ៍ នៃខែឧសភា កន្លងមក។

 


ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា ក្នុងចំណោមភ្ញៀវទាំងនោះមានជាតិចំនួន ៤៤១,៣៩៧ នាក់ កើនឡើង ៦.៦១% និងភ្ញៀវបរទេសមានចំនួន ១,២៩៥ នាក់ កើនឡើង ៣៩.៣៤%។

 


ខេត្តតំបន់ឆ្នេរ ពិសេសខេត្តកំពត និងកែប នៅតែជាគោលដៅទេសចរណ៍សំខាន់ ដែលបានទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុងច្រើន (ជិត ៥០% នៃទេសចរផ្ទៃក្នុងសរុប)។ ចំណែកឯខេត្តសៀមរាប ក៏នៅតែបន្តបង្ហាញសញ្ញានៃការងើបឡើងជាបណ្តើរៗ ខណៈមូលដ្ឋានអាជីវកម្មទេសចរណ៍មួយចំនួន ពិសេសសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន បានបើកដំណើរការអាជីវកម្មឡើងវិញជាធម្មតា។

 


ជាមួយការបន្តងើបឡើងវិញនូវចលនាទេសចរណ៍ផ្ទៃក្នុងនេះ ក្រសួងទេសចរណ៍បានពង្រឹងកិច្ចសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ក្នុងការជំរុញអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្ម ៦ ប្រភេទ ដើម្បីទប់ស្តាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលរួមមានសេវាស្នាក់នៅ ភោជនីយដ្ឋាន ការដឹកជញ្ជូនទេសចរណ៍ផ្លូវគោក ការដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍៕

 


រូបភាព៖ ក្រសួងទេសចរណ៍

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024