ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ស៊ុន វណ្ណដេត បង្ហាញមូលហេតុបាត់ឱកាសក្នុងជម្រើសដំបូង នៅក្លិបបាល់ទាត់នគរបាលជាតិ

២៣ មិថុនា ២០២០ | កីឡា

ក្រោយពុំសូវបានបង្ហាញខ្លួនក្នុងជម្រើស ១១នាក់ដំបូងរបស់ក្លិបបាល់ទាត់នគរបាលជាតិ ខ្សែបម្រើ សុន វណ្ណដេត បានឱ្យដឹងថា មានកត្តាជាច្រើនរួមផ្សំគ្នា ដូចជាការលេងរបស់ខ្លួន ពុំទាន់ត្រូវនឹងរបៀបលេងដែលគ្រូបង្វឹករៀបចំ និងចង់បាន បញ្ហាកម្លាំងធ្លាក់ចុះ បូករួមផ្សំជាមួយការមមាញឹកនឹងការងារខាងក្រៅឋផងនោះ ធ្វើអោយគុណផលរបស់គេស្រកស្រុតជាងមុន។


 
ប្រាប់ដល់ភីអិនអិនកាលពីពេលថ្មីៗ  ខ្សែបម្រើប្រយុទ្ធរបស់ក្លិបបាល់ទាត់នគរបាលជាតិ ស៊ុន  វណ្ណដេត លើកឡើងពីមូលហេតុដែលពុំសូវបានបង្ហាញខ្លួនក្នុងជម្រើសដំបូងថា៖ «តាំងពីផ្លាស់ប្តូរគ្រូបង្វឹកមក ការហ្វឹកហាត់ធម្មតា តែការលេងផ្លាស់ប្តូរទៅតាមគ្រូបង្វឹកចង់បាន តែយើងលេងអត់បានដូចចិត្តគាត់  គឺយើងតែងតែនៅខាងបម្រុង។ ធម្មតាបាល់ទាត់ តែយើងអង្គុយខាងក្រៅយូរ តែងតែធ្លាក់ទម្រង់លេងហើយ អត់ដែលចូលទីលាន អញ្ចឹងទៅយើងអត់ស៊ាំជាមួយទីលាន ចូលលេងម្តងៗតែងតែមានបញ្ហាច្រើន ភាពខ្វះខាតច្រើន ណាមួយកម្លាំងក៏ថមថយទៅតាមហ្នឹងដែរ។ ទីមួយ គាត់ត្រូវការតាក់ទិចជាក្រុម មួយទៀតកម្លាំងការហ្វឹកហាត់ តែមួយរយៈនេះ ខ្ញុំរវល់ការងារខ្លះៗដែរ ព្រោះមានការងារក្របខណ្ឌរដ្ឋ អ៊ីចឹងទៅការហ្វឹកហាត់យើងអាចនឹងធ្លាក់កម្លាំងថមថយ»។

 

 

បែបនេះក្តី ខ្សែបម្រើមានប្រភពពីខេត្តកោះកុងរូបនេះថា ការប្តេជ្ញាចិត្តនៅតែមានជានិច្ច ក្នុងការអភិវឌ្ឍខ្លួនឲ្យល្អប្រសើរឡើងវិញ ក៏ដូចជាការសម្របខ្លួនអោយបានល្អ ទៅតាមរបៀបលេងរបស់គ្រូបង្វឹក ដើម្បីប្រជែងតំណែងលេងឲ្យបានទៀងទាត់ក្នុងក្រុម លោក ប្រាក់ សុវណ្ណរ៉ា ។

 

 

គួរដឹងដែរថា ក្រៅពីអាជីពជាកីឡាករបាល់ទាត់ ស៊ុន  វណ្ណដេត ក៏ជាមន្ត្រីនគរបាលមួយរូបផងដែរ ដែលត្រូវបានតែងតាំងកាលពីឆ្នាំ ២០១៨ ។ ដោយឡែកសម្រាប់អាជីពបាល់ទាត់ រូបគេធ្លាប់ជាប់ក្នុងក្រុមជម្រើសជាតិអាយុក្រោម ១៩ឆ្នាំ ក្រោម ២២ឆ្នាំ និងក្រុមធំកាលពីឆ្នាំ ២០១៦៕

អត្ថបទ និង រូបភាព៖ រ៉េត ស្តាលីន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024