ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ខ្សែប្រយុទ្ធណាហ្គាវើលដ៍ Marcio Maques ថាក្រុមត្រៀមខ្លួនបានល្អ មុនលីគត្រលប់ជាថ្មី

២២ មិថុនា ២០២០ | កីឡា

ឆ្លើយតបនឹង ភីអិនអិន កាលពីពេលថ្មីៗកន្លងទៅ ខ្សែប្រយុទ្ធណាហ្គាវើលដ៍ Marcio Maques បានលើកឡើងថា ក្រុមខ្លួនមានការហ្វឹកហាត់ត្រៀមបានល្អ សម្រាប់ការត្រលប់មកជាថ្មីនៃលីគកំពូលកម្ពុជា ទាំងផ្នែកកម្លាំង កាយសម្បទា និង បច្ចេកទេស ពិសេសការផ្តោតអារម្មណ៍ចំពោះការប្រកួត ដែលកីឡាករម្នាក់ៗបានយកចិត្តទុកដាក់ និងមានការប្តេជ្ញាចិត្តខ្ពស់ចំពោះការប្រកួតប្រជែងជាបន្ត។


ខ្សែប្រយុទ្ធជនជាតិប្រេស៊ីលរូបនេះបន្តថា តាមរយៈការរៀបចំយ៉ាងច្បាស់លាស់របស់គ្រូបង្វឹក មាស ចាន់ណា ធ្វើឲ្យកីឡាករទាំងអស់ក្នុងក្រុម ត្រៀមខ្លួនបានល្អសម្រាប់ការប្រកួត ដែលនឹងចាប់ផ្តើមបន្តនៅដើមខែកក្កដាខាងមុខ។

 


ដោយឡែកចំពោះការខកខានហ្វឹកហាត់ជុំគ្នាច្រើនសប្តាហ៍កន្លងមកនេះ ត្រូវបានខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំដដែលអះអាងថា ពុំមានក្តីបារម្ភច្រើនចំពោះការជះឥទ្ធិពលដល់ការលេងនោះឡើយ ដ្បិតកន្លងមកក្លិបបានរៀបចំកម្មវិធីហ្វឹកហាត់បានច្បាស់លាស់ ដើម្បីរក្សាកម្លាំងកីឡាករ និងពុំឲ្យគុណផលរបស់កីឡាករធ្លាក់ចុះច្រើន ម្យ៉ាងវិញទៀតគ្រប់ក្រុមទាំងអស់មានពេលហ្វឹកហាត់រយៈពេលមួយខែដើម្បីត្រៀមខ្លួន មុនលីគកំពូលកម្ពុជាបន្តការប្រកួត។

 


ចំពោះការសម្របខ្លួននៅក្នុងក្រុមវិញត្រូវបាន អតីតខ្សែប្រយុទ្ធក្លិបថៃ Kasetsart លើកឡើងថា ពុំទាន់អាចនិយាយបានយ៉ាងណានោះទេ ដ្បិតជាលើកទីមួយដែលខ្លួនមកប្រកបអាជីពបាល់ទាត់នៅកម្ពុជា ហើយទើបតែលេងឲ្យក្រុមបាន៤ប្រកួត តែតាមរយៈគ្រូបង្វឹកល្អ ហើយក្រុមសម្បូរដោយកីឡាករមានទេពកោសល្យ និងគុណភាពនោះ  រូបគេរំពឹងថានឹងអាចសម្របជាមួយក្រុមបានល្អ និងលេងបានល្អក្នុងលីគកំពូលកម្ពុជានៅពេលខាងមុខ ។

 


គួររំឭកថា នេះជារដូវកាលដំបូងសម្រាប់ Marcio Marques ដែលបានចូលប្រលូកក្នុងលីគកំពូលកម្ពុជា ដោយចូលរួមជាមួយក្រុមជើងឯកលីគ ៣សម័យណាហ្គាវើលដ៍ កាលពីដើមឆ្នាំ ២០២០កន្លងទៅ។ គិតត្រឹម ៤ប្រកួតកន្លងមក រូបគេស៊ុតបញ្ចូលទីបាន ២គ្រាប់ហើយ។ ចំពោះការប្រកួតសប្តាហ៍ទី ៥ ណាហ្គាវើលដ៍ នឹងត្រូវជួបសមាគមកីឡាបាល់ទាត់ក្រសួងការពារជាតិ នៅថ្ងៃទី ០៥ កក្កដា វេលាម៉ោង ៦ល្ងាច នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ៕

អត្ថបទ និងរូបភាព៖ រ៉េត ស្តាលីន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024