ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

រដ្ឋមន្ត្រីទេសចរណ៍ ប្រកាសជួយអភិវឌ្ឍន៍សហគមន៍ទឹកជប់ខ្នារពោធិ៍ ឱ្យក្លាយជាសហគមន៍អេកូទេសចរណ៍ដ៏ទាក់ទាញ

២២ មិថុនា ២០២០ | ព័ត៌មានជាតិ

ក្នុងឱកាសចុះសំណេះសំណាលជាមួយប្រជាសហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ ស្ថិតនៅឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសអះអាងប្រាប់ប្រជាសហគមន៍ថា នឹងជួយអភិវឌ្ឍន៍សហគមន៍នេះ ឱ្យក្លាយទៅជាសហគមន៍អេកូទេសចរណ៍គំរូមួយនៅខេត្តសៀមរាប។

 


ឯកឧត្ដមបណ្ឌិត ថោង ខុន បានបញ្ជាក់ទៀតថា ការបញ្ចូលសកម្មភាពទេសចរណ៍មួយប្រកបដោយការទទួលខុសត្រូវ វាអាចនឹងជួយរកចំណូលបន្ថែមឱ្យប្រជាពលរដ្ឋសហគមន៍បានយ៉ាងច្រើន ប្រសិនបើប្រជាសហគមន៍ចេះថែរក្សាឱ្យបានគង់វង្ស និងរួមគ្នាទាញយកផលប្រយោជន៍ពីព្រៃឈើទាំងអស់នោះ តាមរយៈការរៀបចំឱ្យក្លាយជាកន្លែងទេសចរណ៍ ផ្តល់សេវាទេសចរណ៍ បដិសណ្ឋារកិច្ចល្អ ពិសេសវិធានសុវត្ថិភាពទេសចរណ៍ អនាម័យ បរិស្ថានស្អាត ក្នុងបរិបទនៃដំណាក់កាល Covid -19 នេះ។


ឯកឧត្ដមបណ្ឌិត ថោង ខុន បានបន្ថែមទៀតថា សម្រាប់បញ្ហាប្រឈមរបស់សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍នេះ មានដូចជា ស្ថានភាពផ្លូវចូលទៅសហគមន៍លំបាកខ្លាំង សេវាទូរស័ព្ទ អ៊ិនធើណែត អគ្គិសនី និងបញ្ហាសំរាមជាដើម។ ឯកឧត្តមក៏បានសន្យាថា នឹងជួយស្នើទៅស្ថាប័នពាក់ព័ន្ធឱ្យជួយដោះស្រាយបញ្ហានេះផងដែរ។ ដោយឡែកសម្រាប់កំណាត់ផ្លូវដែលលំបាកខ្លាំងប្រវែង ៣គីឡូម៉ែត្រ ក្រសួងទេសចរណ៍នឹងជួយជួសជុលចំពោះមុខសិន។

 


សូមបញ្ជាក់ថា សហគមន៍អេកូទេសចរណ៍ព្រៃតំបន់ទឹកជប់ខ្នារពោធិ៍ មានព្រំប្រទល់ខាងជើងជាប់នឹងឃុំត្បែង ស្រុកបន្ទាយស្រី ខាងត្បូងឃុំចាន់ស និងខាងលិចជាប់នឹងឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខាងកើតជាប់ឃុំពពេល។ ឃុំនេះមានភូមិចំនួន ៨ភូមិ ស្ថិតនៅភាគខាងជើងផ្លូវជាតិលេខ៦ ចម្ងាយប្រមាណ ៨គីឡូម៉ែត្រពីផ្លូវជាតិ និងមានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។

 


ព្រៃសហគមន៍តំបន់ទឹកជប់ខ្នារពោធិ៍ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៨ ដោយស្ម័គ្រចិត្ត និងមានការឯកភាពគ្នារបស់ប្រជាជនក្នុងភូមិទាំងអស់របស់ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម និងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ព្រៃសហគមន៍នេះមានផ្ទៃដីសរុបប្រមាណ ១,០២២ហិកតា ដែលក្នុងនោះមានព្រៃកោងកាងភ្នំចំនួនប្រមាណ ៩០ហិកតា ដែលមានសក្តានុពលអាចរៀបចំបង្កើតជាកន្លែងទេសចរណ៍ថ្មីមួយដ៏ទាក់ទាញសម្រាប់ខេត្តសៀមរាប៕


រូបភាព៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024